ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​ថា Facebook ទាល់​តែ​មាន​ស្តង់ដារ​ខ្ពស់​បំផុត ​ទើប​អាច​ដំណើរការ​កាក់​ឌីជីថល Libra បាន

លោក Steven Mnuchin រដ្ឋលេខាធិការ​រតនា​គារ​ជាតិ​អាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ក្រុមហ៊ុន Facebook ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ត្រូវ​ជាមួយ​ស្តង់ដារ​ខ្ពស់បំផុត​មុននឹង​អាច​បោះជំហាន​ទៅរក​ផែនការ​រូបិយប័ណ្ណ​ឌីជីថល Libra ដែល​ខ្លួន​បានគ្រោង​ទុក​នោះ​។​

​លោក Mnuchin បាន​និយាយទៀតថា​និយតករ​អាមេរិក​បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​រួចមកហើយ​ទៅកាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​គម្រោង​រូបិយវត្ថុ​គ្រីប​តូ​លក្ខណៈ​ជា​សាកល​នេះ​ដោយបាន​កត់សម្គាល់ថា​កាក់​ឌីជីថល​ប្រភេទ​អស់នេះ​មាន​ពាក់ព័ន្ធ​នឹង​ការលាង​លុយកខ្វក់​និង​សកម្មភាព​ខុសច្បាប់​ផ្សេងៗ​កាលពីមុន​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ប្រាប់ Reuters នៅឯ​សេត​វិមាន​ថា “​មិន​ថា​ក្រុមហ៊ុន​នោះ​ជា​ធនាគារ​ឬ​មិន​ធនាគារ​ក៏ដោយ​ពួកគេ​ត្រូវតែ​ស្ថិតក្នុង​បរិយាកាស​ច្បាប់​តែមួយ​”​។​លោក​បាន​បន្ថែមថា Facebook ត្រូវតែមាន​ស្តង់ដារ​ឱ្យ​ខ្ពស់បំផុត​មុននឹង​អាច​ទទួលបាន​សិទ្ធ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បាន​។​

​គួរ​បញ្ជាក់ថា​កាលពី​ខែ​មុននេះ​បណ្ដាញ​សង្គម​យក្ស​របស់​អាមេរិក​មួយ​នេះ​បានបង្ហាញ​ផែនការ​នៃ​កាក់​ឌីជីថល Libra របស់ខ្លួន​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​អ្នកប្រកួតប្រជែង​មួយ​ដើម្បី​កាន់កាប់​ការប្រើប្រាស់​កាក់​ឌីជីថល​នៅ​ទូទាំង​សាកលលោក​។​

​ដោយ​រំពឹងថា​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២០ Libra ត្រូវបាន​រចនា​ឡើង​ដោយមាន​ការគាំទ្រ​ដោយ​ទ្រព្យសម្បត្តិ​រូបិយប័ណ្ណ​មួយកញ្ចប់​ដើម្បី​អាច​បញ្ចៀស​ការបោក​បក់​ឬ​ព្យុះភ្លៀង​រូបិយប័ណ្ណ bitcoin និង​រូបិយប័ណ្ណ​គ្រីប​តូ​ដទៃទៀត​។​

​លោក Mnuchin ថា​រតនាគារ​អាមេរិក​ស្វាគមន៍​ការច្នៃប្រឌិត​ទាំងឡាយណា​ដែលមាន​ការទទួលខុសត្រូវ​ដែល​អាច​ជំរុញ​ប្រសិទ្ធភាព​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បានតែ​ក៏បាន​បន្ថែមថា “​គោលដៅ​ដ៏​សំខាន់​របស់​យើង​គឺ​រក្សា​ឱ្យបាន​សុចរិត​ភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​ការពារ​ការរំលោភបំពាន​លើ​ប្រព័ន្ធ​នេះ​”៕ AFP

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114