ព័ត៍មានទាន់​ហេតុការណ៏
Search

ណុប បា​យ៉ា​រិ​ទ្ធ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់​ជ្រូក​ឈឺ ​ឬ​ងាប់​ ខណៈ​ជំងឺ​ប៉េស្ត​ជ្រូក​ កំពុង​កើត​មាននៅ​កម្ពុជា​

​ភ្នំពេញ​ ៖ ខណៈពេលដែល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ កំពុងតែ​ឆ្លង​រីក​​​រាលដាល​ដល់​ចូល​មកដល់​ប្រទេស​កម្ពុជា​ ដោយ​ខេត្ត​ចំនួន​៥​កំពុងតែ​កើតមាន​បញ្ហា ​នៃ​ជំងឺ​នេះ​នោះ ​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​ លោក ណុប បា​យ៉ា​រិ​ទ្ធ ថ្មីៗ​នេះ​ បាន​ប្រកាស​អំពាវនាវ​ឲ្យ​មហាជន​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​សាច់​ជ្រូក​ឈឺ ​ឬ​ងាប់​។​

​តារា​ប្រុស​កូនកាត់​ខ្មែរ​-​ចិន​លោក ណុប បា​យ៉ា​រិ​ទ្ធ បានលើកឡើង​ថាបើ​សិន​ជា​ជ្រូក​ឈឺ ស្លាប់​ក្តី​រស់​ក្តី សូម​បងប្អូន​អ្នក​ចិញ្ចឹម​អ្នក​នាំចូល ជា​ឈ្មួញ កុំ​ស្តាយ​អ្វី យក​វា​ទៅ​កប់​ចោល​ទៅ។ សូមកុំ​យកទៅ​កាប់​សាច់​លក់​ស្រស់ ​ឬ​យក​សាច់​ទៅ​ច្នៃ​ជា​ប្រភេទ​សាច់​ងៀត​ ឬ​សាច់​ក្រក​សាច់​ផាត់​ឲ្យ​សោះ …..។​

​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​បញ្ជាក់ថា​ កាលបើ​បងប្អូន​ស្តាយ​ហើយ​យក​ជ្រូក​ឈឺ ជ្រូក​ងាប់ កាប់​យ​ក​សាច់​មក​លក់​ ឬ​យកមក​កែច្នៃ​ជា​អាហារ​ក្រៀម​ស្មើ​ នឹង​បងប្អូន​កំពុង​សម្លាប់​ជីវិត​មនុស្ស​ដែល​គ្មាន​កំហុស​ជាច្រើន​នាក់​ ហេតុដូច្នេះ​ សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​មុតមាំ​ ជាពិសេស​អ្នក​ចិញ្ចឹម​ក្តី អ្នក​នាំចូល​ពី​ប្រទេសជិតខាង​ក្តី ឈ្មួញ​យកទៅលក់​បន្ត​ក្តី សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​សុខភាព​ប្រជាជន​យើង​។​

​សូមជម្រាបថា​ គិត​មកទល់​ពេល​បច្ចុប្បន្ន​នេះ​ នៅ​ប្រទេស​កម្ពុជា ​ត្រូវ​បាន​មន្ត្រី​ជំនាញ​បញ្ជាក់​ថា ​ជំងឺ​ប៉េស្ត​ជ្រូក​បាន​រាលដាល​នៅក្នុង​ខេត្ត​មួយចំនួន​ដូចជា​ ៖​ ខេត្ត​ស្វាយរៀង ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម​ខេត្ត​តាកែវ ​និង​ខេត្ត​រតនគីរី ជាដើម​។ ​ប៉ុន្តែ​ជំងឺ​ប៉េស្ត​ជ្រូក​នេះ ​មិន​អាច​ឆ្លង​មក​មនុស្ស​បាន​នោះ​ទេ​។​ម្យ៉ាង​ទៀត​ ជំងឺប៉េស្ត​ វា​ក៏​មិនមែនជា​ជំងឺ​ថ្មី​អ្វី​នោះដែរ​ ដោយ​បាន​កើតឡើង​ជាង​១០០​ឆ្នាំ​ ហើយ​អញ្ចឹង​វិទ្យាសាស្ត្រ​ ក៏​មាន​វិធី​​​​​ទប់​ទល់នឹង​ជំងឺប៉េស្ត​ជ្រូក​នេះដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114