ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អាត់ ខែម ​៖ ​ទណ្ឌិត សម រង្ស៊ី លួច​ឆ្លងដែន​តាម​ច្រករបៀង​ណា​ក្នុង​បន្ទាយមានជ័យ ​ក៏មិនអាច​គេច​រួច​ពី​កណ្ដាប់ដៃ​លោក​បាន​ឡើយ​

បន្ទាយមានជ័យ​ ៖​ នា​ព្រឹក ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ​លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ជួរ​ដល់​នាយ និង ពល​នគរបាល​ទាំងអស់​ថា ​ត្រូវ​ប្រុងប្រៀប​រៀបចំ​ជើង​ព្រួល​ទទួល​ទណ្ឌិត សម រង្ស៊ី ដែល​ចង់​លួច​ឆ្លងដែន​តាម​ច្រករបៀង​ណាមួយ​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ, ​មិន​អាច​គេច​រួច​ពី​កណ្ដាប់ដៃ​នគរបាល​ក្រោម​បញ្ជា​របស់​លោក​បានឡើយ។

​លោក​អាត់ ​ខែម ​បា​ន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​នគរបាល​ទាំងអស់ ​ត្រូវ​ដាក់​ផែនការ​ពង្រឹង​​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​ដល់​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ​ឈរជើង​នៅ​បឹង​ត្រកួន ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ ​នៃ​ការ​ឆ្លងដែន​ចេញចូល​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុងករណី​ដែល​លេចមុខ​ទណ្ឌិត សម រង្សី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្លងដែន​លួចលាក់​ចូល​ទឹក​កម្ពុជា​តាម​ច្រកព្រំដែន​គោក​នោះ​ នឹង​ត្រូវ​ចាប់ខ្លួន​ជាបន្ទាន់​ដើម្បី​យកទៅអនុវត្ត​ច្បាប់​ ​ក្រោយ​លេចឮ​ព័ត៌មាន​ថា​ទណ្ឌិត សម រង្សី បម្រុង​ឆ្លងដែន​ចូលក្នុង​ទឹកដី​កម្ពុជា នៅពេល​ខាងមុខនេះ​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ នគរបាល​ទាំងអស់ ​ត្រូវអនុវត្ត​ចំណុច​៤ ​ក្នុងភូមិ​សាស្ត្រ​ទទួលខុស​របស់​ខ្លួន​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​គ្រប់​ច្រកព្រំដែន​ទាំង​អស់ទាំង​ច្រករបៀង​ និង​ច្រក​តំបន់​ដោយ​អនុវត្ត​តាម​តួនាទី​ភារកិច្ច​ឲ្យ​បានច្បាសលាស់​អនុ​វត្ត​ការងារ​នេះ ​ឲ្យ​មាន​ប្រសិទ្ធភាព ​និង​ការទទួល​ខុសត្រូវ​ខ្ពស់​ចំពោះមុខ​ថ្នាក់លើ​។​ ​​កិច្ចការងារ​នេះ ​មិនត្រូវ​ធ្វេសប្រហែស ​និង​ឆកល្វែង​បាន​ឡើយ ​បើ​ក្នុងករណី​ឃើញ​មានការ​សង្ស័យ​ទៅលើ​ជនណាម្នាក់​ដែល​ឆ្លងដែន​ចូលមក​កម្ពុជា ​ត្រូវ​ឃាត់ខ្លួន​សួរនាំ​ជាបន្ទាន់​។

​ក្នុង​កិច្ចប្រជុំ​នោះ ​លោក​អាត់ ខែម​ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ ត្រូវ​ចូលរួម​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​ធាន​ការរក្សាសន្តិសុខ​ឲ្យ​មាន​សុវត្ថិភាព​តាម​បន្ទាត់​ព្រំដែន​។

​ជាពិសេស​ ត្រូវ​ការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​ម៉ត់ចត់ ក្នុង​នោះ​ក៏​ត្រូវ​មានការ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ជា​មួយ​ភាគី​ថៃ​ ដោយ​ពង្រឹង​សាមគ្គី​ភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ប្រែក្លាយ​តំបន់​ព្រំដែន​ជា​ព្រំ​ដែន​សន្តិភាព និង​អភិវឌ្ឍន៍៕​

ដោយ ៖ គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114