ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​សង្ឃឹម​ថា ការចរចា​ជាមួយ​កូរ៉េខាងជើង ​នឹង​ប្រព្រឹត្តឡើង​ថ្វីបើ​មានការ​គំរាម​ពី​ទីក្រុង​ព្យុងយ៉ាង​ក៏ដោយ

សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​សង្ឃឹមថានឹង​រៀបចំ​កិច្ចចរចា​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​ថ្វីបើ​មានការ​ព្រមាន​ពី​ទីក្រុង​ព្យុងយ៉ាង​ថា ការធ្វើ​សមយុទ្ធ​យោធា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​អាច​ប៉ះពាល់​ដល់​ការបន្ត​កិច្ចពិភាក្សា​របស់​ពួកគេ​ឡើងវិញ​តាម​ការគ្រោងទុក​ក៏ដោយ​។​

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ កូរ៉េខាងជើង​បាន​ព្រមាន​ថា ខ្លួន​អាច​ពិចារណា​ឡើងវិញ​លើ​ការសាកល្បង​នុយក្លេអ៊ែរ​របស់ខ្លួន​ដោយសារតែ​ការធ្វើ​សមយុទ្ធ​នៅ​ខែក្រោយ​នេះ​។ សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ប៉ុន្តែ​បាន​កាត់បន្ថយ​ទ្រង់ទ្រាយ​ដើម្បី​សម្របសម្រួល​កិច្ចចរចា​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​។​

​វា​ជា​សេចក្តីថ្លែងការណ៍​លើកដំបូង​ពី​កូរ៉េខាងជើង​ស្តីពី​ការចរចា​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ព្រមព្រៀងគ្នា​ក្នុង​ការបន្ត​កិច្ចពិភាក្សា​ឡើងវិញ​នៅឯ​ជំនួប​មួយ​ក្នុង​តំបន់​គ្មាន​យោធា​កាលពី​ខែមិថុនា​បន្ទាប់ពី​មាន​ភាពជាប់គាំង​ជាច្រើន​ខែ​។​

​ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​កូរ៉េខាងជើង ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា ខ្លួន​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​ការប្តេជ្ញាចិត្ត​របស់លោក គីម និង​លោក ត្រាំ នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​កាលពី​ខែកុម្ភៈ​ក្នុងប្រទេស​វៀតណាម​ហើយ​បន្ទាប់មក​ក្នុងអំឡុងពេល​នៃ​ការដើរ​ជា​ប្រវត្តិសាស្ត្រ​របស់លោក ត្រាំ ចូលក្នុង​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៣០​ខែមិថុនា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Morgan Ortagus បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​តាម​ទស្សនៈ​របស់​យើង នៅក្នុង​រដ្ឋាភិបាល​រប​ស់​ពួកគេ​និង​រដ្ឋាភិបាល​របស់​យើង យើង​សង្ឃឹមថា គ្មាន​នរណាម្នាក់​ព្យាយាម​រារាំង​សមត្ថភាព​របស់លោក​ប្រធានាធិបតី ត្រាំ និង​លោក​ប្រធាន គីម ក្នុង​ការជំរុញ​ការប្តេជ្ញាចិត្ត​ដែល​ពួកគេ​បានធ្វើ​ចំពោះ​គ្នា​ទៅវិញទៅមក​នៅក្នុង​ប្រទេស​វៀតណាម​ទេ​”​។​

​សមយុទ្ធ​រួមគ្នា​ត្រូវបាន​កាត់បន្ថយ​ទ្រង់ទ្រាយ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់លោក ត្រាំ ជាមួយ​លោក គីម នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំមុន​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ពិពណ៌នា​អំពី​សមយុទ្ធ​នេះ​ថា​ជា “​ការរំលោភ​យ៉ាង​ជាក់ស្តែង​” លើ​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ទាំងពីរ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ហើយ​បាន​បង្ហើប​ថា ទីក្រុង​ព្យុងយ៉ាង​អាច​ចាប់ផ្តើម​ការធ្វើ​តេស្ត​អាវុធ​ឡើងវិញ​ដើម្បី​ជាការ​ឆ្លើយតប​។​

​មន្ត្រី​រូបនេះ​បាន​និយាយ​នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA ថា “​ប្រសិនបើ​សមយុទ្ធ​យោធា​នេះ​ពិតជា​កើតឡើង​មែន​នោះ វា​នឹង​ប៉ះពាល់​ដល់​កិច្ចចរចា​ថ្នាក់​ការងារ​រវាង​កូរ៉េខាងជើង – សហរដ្ឋអាមេរិក​”៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114