ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​បារាំង​លាលែង​ពី​តំណែង​ ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ទទួល​ទាន​បង្កង​ក្នុង​អាហារ​ពេល​ល្ងាច

រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ជាន់ខ្ពស់​របស់​បារាំង​មួយរូប​និង​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក​ប្រធានាធិបតី Emmanuel Macron បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​មាន​របាយការណ៍​ចោទប្រកាន់​គាត់​ពី​ការ​ចាយលុយ​រដ្ឋ​ខ្ជះខ្ជាយ​លើ​ថ្លៃ​បង្កង​ក្នុង​អាហារ​ពេល​ល្ងាច​មួយពេល​និង​ការប្រើប្រាស់​មិន​ត្រឹមត្រូវ​លើផ្ទះ​សម្បែង​សាធារណៈ​។​

​លោក Francois de Rugy ដែល​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៨​បានប្រកាស​ពី​ការចាកចេញ​របស់លោក​បន្ទាប់ពី​មានការ​បកអាក្រាត​ពេញ​មួយ​សប្ដាហ៍​ពី​វេ​ប​សាយ​ឆ្វេងនិយម Mediapart ។​

​លោក de Rugy ដែលជា​មន្ត្រី​លំដាប់​ទី​២​នៅក្នុង​រដ្ឋាភិបាល​បន្ទា​ប់​ពី​លោកនាយក​រដ្ឋមន្ត្រី Edouard Philippe បាន​និយាយថា “​ការវាយប្រហារ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ផ្តោតលើ​ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ចាត់វិធានការ​ចាំបាច់​”​។​

​វិមាន Elysee បាន​និយាយថា រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​លោកស្រី Elisabeth Borne ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​បរិស្ថាន​ថ្មី​របស់​ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ​។​

​លោក De Rugy បាន​ស្ថិតនៅក្រោម​សម្ពាធ​ជា​សាធារណៈ​បន្ទាប់ពី​គេហទំព័រ Mediapart បានចេញ​ផ្សាយ​រូបភាព​របស់គាត់​និង​ប្រពន្ធ​ជា​អ្នកកាសែត​កំពុង​ផឹកស្រា​សាំ​ប៉ា​ញ​និង​ទទួលទាន​បង្កង​យ៉ាង​ខ្ជះខ្ជាយ​អំឡុង​អាហារ​ពេល​ល្ងាច​និង​អាហារ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​ខណៈពេលដែល​គាត់​កាន់តំណែង​ជា​ប្រធានសភា​ក្នុង​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨​។​

វេ​ប​សាយ​នេះ​បាន​ចោទប្រកាន់ថា ព្រឹត្តិការណ៍​នេះ​គឺជា​ការ​ខ្ចះ​ខ្ជាយ​លុយ​សង្គម​ដែល​ទទួលបាន​ពី​អ្នក​បង់ពន្ធ​ប៉ុន្តែ​លោក Rugy បាន​និយាយ​ការពារ​ខ្លួន​ថា ការចំណាយ​នោះ​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់គាត់​ក្នុងនាម​ជា​អ្នកតំណាង​របស់​សភាជាតិ​ប៉ុណ្ណោះ​។​

Mediapart ក៏បាន​បកអាក្រាត​ផងដែរ​ថា លោក Rugy បានទទួល​ផលប្រយោជន៍​ពី​ផ្ទះល្វែង​មួយ​នៅ​ជិត​ស្រុកកំណើត​របស់គាត់​ក្នុង​ទីក្រុង Nantes នៅ​ភាគ​ខាងលិច​ប្រទេស​បារាំង​ដែល​ត្រូវបាន​ជួល​ក្នុង​អត្រា​អនុគ្រោះ​សម្រាប់​កម្មករ​ដែលមាន​ប្រាក់ចំណូល​ទាប​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114