ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក ​គ្រោង​បង្វែរ​ជំនួយ​ទឹកប្រាក់​៤០​លាន​ដុល្លារ​ទៅ​ឲ្យ​គណបក្សប្រឆាំង​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា

យោងតាម​ឯកសារ​ផ្ទៃក្នុង​មួយ​ដែល​ទទួលបាន​ដោយ​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump គ្រោង​នឹង​បង្វែរ​ជំនួយ​មនុស្សធម៌​ជាង​៤០​លាន​ដុល្លារ​អាមេរិក​ដែល​ទុក​ឲ្យ​តំបន់​អាមេរិក​កណ្តាល​ទៅ​ឧបត្ថម្ភ​ដល់​គណបក្សប្រឆាំង​ដែល​គាំទ្រ​អាមេរិក​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​វិញ​។​

​ទឹកប្រាក់​ចំនួន​៤១.៩​លាន​ដុល្លារ​ត្រូវបាន​កំណត់​ឲ្យ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​និង​ហុង​ឌូ​ស​រ៉ា​ស​ដែលជា​ប្រទេស​ចំនួន​២​ក្នុងចំណោម​ប្រទេស​អាមេរិក​កណ្តាល​ទាំងបី​នៃ​វិបត្តិ​ចំណាកស្រុក​ដែល​មនុស្ស​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ចេញពី​ភាពក្រីក្រ អំពើហិង្សា​និង​អំពើពុករលួយ​ហើយ​បាន​ប៉ុនប៉ង​ឆ្លងកាត់​ព្រំដែន​ភាគខាងត្បូង​សហរដ្ឋអាមេរិក​។​

​សេចក្តីជូនដំណឹង​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​បាន​និយាយថា ផ្ទុយទៅវិញ លុយ​នេះ​នឹងត្រូវ​ប្រើ​សម្រាប់​ប្រាក់ខែ ការធ្វើដំណើរ សម្ភារៈ​គមនាគមន៍ ជំនួយ​បច្ចេកទេស​និង​ការបណ្តុះបណ្តាល​សម្រាប់​ការគ្រប់គ្រង​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​និង​តម្រូវការ​ផ្សេងទៀត​សម្រាប់​គណបក្សប្រឆាំងរ​បស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​អនុស្សរណៈ​ដែល​ចុះ​ថ្ងៃទី​១១​ខែកក្កដា​បាន​និយាយថា មូលនិធិ​នេះ​គឺ​ចាំបាច់​ណាស់​ដោយសារតែ​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់សម្គាល់​មួយ​ក្នុង​ផលប្រយោជន៍​ជាតិ​របស់​សហរដ្ឋអាមេរិក​ជាពិសេស​វិបត្តិ​ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​អនុស្សរណៈ​នេះ​និង​មាតិកា​របស់​វា​ត្រូវបាន​រាយការណ៍​ដំបូង​ដោយ​កាសែត Los Angeles Times​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​, មេដឹកនាំ​គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Juan Guaido និង​ក្រសួង​ព័ត៌មាន​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​ទេ​។​

​លោក Guaido ដែលជា​ប្រធាន​សភាជាតិ​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បានប្រកាស​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្នកាល​ខែមករា​ដោយ​អះអាងថា​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Nicolas Maduro គឺ​មិន​ស្របច្បាប់​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114