ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ដក​ប្រាក់​ពី​មូលនិធិ​ប្រជាជន UN ដោយសារ​ការ​រំលូតកូន​នៅ​ប្រទេស​ចិន

សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​បញ្ឈប់​ការចូលរួម​វិភាគទាន​ដល់​មូលនិធិ​ប្រជាជន​អង្គការសហប្រជាជាតិ​ដោយសារតែ​ការងារ​របស់ខ្លួន​ជាមួយ​ប្រទេស​ចិន​ខណៈដែល​ទីភ្នាក់ងារ​មួយ​នេះ​បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​បានធ្វើ​ឲ្យ​ខូច​ដល់​សុខភាព​របស់​ស្ត្រី​។​

​វា​ជា​ឆ្នាំ​ទី​៣​ជាប់​គ្នា​ហើយ​ដែល​សហរដ្ឋអាមេរិក​បាន​បដិសេធ​ផ្តល់​មូលនិធិ​ដល់​ស្ថាប័ន​អង្គការសហប្រជាជាតិ​មួយ​នេះ​ស្របពេល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump ខិតខំ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រំលូតកូន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​និយាយថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បាន​កំណត់ថា “​គោលនយោបាយ​ផែនការ​គ្រួសារ​របស់​ប្រទេស​ចិន​នៅតែ​ពាក់ព័ន្ធ​នឹង​ការ​រំលូតកូន​ដោយ​បង្ខិតបង្ខំ​និង​អនុវត្ត​ការ​ក្រៀវ​ដោយ​មិន​ស្ម័គ្រចិត្ត​” ដែល​លក្ខខណ្ឌ​នេះ​ត្រូវតម្រូវ​ឲ្យ​បញ្ចប់​ការផ្តល់​មូលនិធិ​នៅក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​។​

​អ្នកនាំពាក្យ​ដដែល​បាន​និយាយថា “​ឯកសារ​សាធារណៈ​របស់​អង្គការ​មូលនិធិ​ប្រជាជន UN បាន​និយាយថា ខ្លួន​ជា​ដៃគូ​ផែនការ​គ្រួសារ​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​ចិន​ដែល​ទទួលខុសត្រូវ​ចំពោះ​គោលនយោបាយ​បង្ខិតបង្ខំ​ទាំងនេះ​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ភ្នាក់ងារ​នេះ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា UNFPA បាន​ជំទាស់​នឹង​ការរកឃើញ​នេះ​ដោយ​និយាយថា ខ្លួន​ប្រឆាំងនឹង​គោលនយោបាយ​បង្ខិតបង្ខំ​ហើយ​ថា​សហរដ្ឋអាមេរិក​មិនដែល​ទៅ​មើល​ការិយាល័យ​ប្រទេស​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន​ដើម្បី​មើលឃើញ​ដោយ​ខ្លួនឯង​ផ្ទាល់​នោះទេ​។​

​ប្រទេស​ចិន​ដែល​កំពុង​ព្យាយាម​គ្រប់គ្រង​ប្រជាជន​បានដាក់​គោលនយោបាយ​កូន​តែមួយ​លើ​ប្រជាពលរដ្ឋ​ភាគច្រើន​នៅក្នុង​ឆ្នាំ​១៩៧៩​ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​រំលូតកូន​និង​ការ​ក្រៀវ​ដោយ​បង្ខំ​។​

​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​បាន​បង្កើន​ការកម្រិត​ដល់​កូន​២​នាក់​នៅក្នុង​ឆ្នាំ​២០១៦​ហើយ​មាន​សញ្ញា​ថា គោលនយោបាយ​នេះ​អាច​ត្រូវ​បានបញ្ចប់​ទាំងស្រុង​ស្របពេល​ដែល​សេចក្តីព្រាង​នៃ​ក្រមរដ្ឋប្បវេណី​ដ៏​ទូលំទូលាយ​នឹងត្រូវ​បាន​ណែនាំ​នៅក្នុង​ឆ្នាំ​២០២០​ដោយ​មិន​និយាយ​ពី “​ផែនការ​គ្រួសារ​”៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114