ព័ត៍មានទាន់​ហេតុការណ៏
Search

រលក​កំដៅ​នៅ​តំបន់​អាក​ទិ​ក ​វាយប្រហារ​ចុង​ភាគ​ខាងជើង​របស់​ពិភពលោក

សេវា​សីតុណ្ហភាព​កាណាដា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សីតុណ្ហភាព​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​២១​អង្សា​សេ​នៅក្នុង​តំបន់ Alert ដែលជា​កន្លែង​រស់នៅ​អចិន្ត្រៃយ៍​ភាគ​ខាងជើង​បំផុត​នៅ​ចុង​ផែនដី​ដែលមាន​ចម្ងាយ​តិចជាង​៦០០​ម៉ា​យ​ល៍ពី​ប៉ូល​ខាងជើង​។​

​លោក Armel Castellan ដែលជា​អ្នក​ឧតុនិយម​នៅ​ក្រសួងបរិស្ថាន​កាណាដា​បាន​ប្រាប់ AFP ថា “​វា​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល វា​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ប៉ុណ្ណោះ​ក្នុងចំណោម​កំណត់ត្រា​រាប់រយ​និង​រាប់ពាន់​ផ្សេងទៀត​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ការឡើង​កំដៅ​ផែនដី​”​។​

​សីតុណ្ហភាព​នេះ​ត្រូវបាន​គេ​កត់ត្រា​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​តំបន់ Alert ដែលជា​មូលដ្ឋាន​យោធា​អចិន្ត្រៃយ៍​នៅលើ​ខ្សែស្រប​ទី​៨២​ដែលជា​ចំណុច​កាត់​នៃ​ទំនាក់ទំនង​រុស្ស៊ី​និង​ជា​ប្រភព​នៃ​ស្ថានីយ​អាកាសធាតុ​មួយ​ចាប់តាំងពី​ឆ្នាំ​១៩៥០​មក​។​

​នៅក្នុង​ខែតុលា​ឆ្នាំមុន របាយការណ៍​អង្គការសហប្រជាជាតិ​មួយ​បាន​ព្រមាន​ថា ពេលវេលា​គឺ​អស់ហើយ​ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​ជា​សកល​ហើយ​ថា ការចៀសវាង​ភាពវឹកវរ​អាកាសធាតុ​នឹង​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​សង្គម​និង​សេដ្ឋកិច្ចពិភពលោក​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

​កំណត់ត្រា​នៅ Alert បាន​ឡើងដល់​២១​អង្សា​សេ​កាលពី​ថ្ងៃអាទិត្យ​និង​២០.៥​អង្សា​សេ​នៅ​ថ្ងៃ​បន្ទាប់​។ លោក Castellan បាន​ថ្លែងថា “​វា​ជា​កំណត់ត្រា​មួយ​ដែល​យើង​មិន​ធ្លាប់​ឃើញ​ពីមុនមក​”​។ លោក​បាន​ថ្លែងថា “​សម្រាប់​រយៈពេល​មួយ​សប្ដាហ៍​កន្លះ​នេះ យើង​បាន​ជួបប្រទះ​សីតុណ្ហភាព​ខ្ពស់ជាង​ធម្មតា​”​។​

​កំណត់ត្រា​លើក​មុន​២០.៥​អង្សា​សេ​ត្រូវបាន​កំណត់​នៅ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​១៩៥៦​ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ ២០១២​មក មាន​ថ្ងៃ​ខ្លះ​សីតុណ្ហភាព​បាន​កើនឡើង​ដល់​១៩​អង្សា​សេ​ឬ​២០​អង្សា​សេ​នៅឯ​មូលដ្ឋាន​លើ​ឆ្នេរ​នៃ​មហាសមុទ្រ​អាក​ទិ​ក​។​

​គួរ​បញ្ជាក់ថា សីតុណ្ហភាព​ប្រចាំ​ថ្ងៃជា​មធ្យម​នៅ​តំបន់ Alert ក្នុង​ខែកក្កដា​គឺ​៣.៣៣​អង្សា​សេ​ខណៈ​សីតុណ្ហភាព​អតិបរមា​ជា​មធ្យម​គឺ​៦.១១​អង្សា​សេ​៕ AFP

ដោយ ៖​ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114