ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី​អំពាវនាវ​ឲ្យ​ចិន​អនុញ្ញាត​ឲ្យ​ម្តាយ​ជនជាតិ​អ៊ុយ​ហ្គ័​រ​និង​កូនប្រុស​ចាកចេញ​

រដ្ឋាភិបាល​អូស្ត្រាលី​កាលពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​កុមារ​ជនជាតិ​អូស្ត្រាលី​និង​ម្តាយ​ជា​ជនជាតិ​អ៊ុយ​ហ្គ័​រ​របស់គាត់​ចាក​ចេញពី​ប្រទេស​។ នេះ​ជាការ​បង្កើន​សម្ពាធ​លើ​ទីក្រុង​ប៉េកាំង​, ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ទីក្រុង​កង់​បេ​រ៉ា​បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ដែល​ថ្កោលទោស​ការប្រព្រឹត្ត​របស់​ចិន​លើ​ជនជាតិភាគតិច​មូស្លីម​។​

​ប្រទេស​ចិន​បាន​ឃុំឃាំង​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ​និង​ជនជាតិភាគតិច​មូស្លីម​និយាយ​ភាសា​ទួរគី​ផ្សេងទៀត​ប្រមាណ​មួយ​លាន​នាក់​នៅក្នុង​ជំរំ​អប់រំ​ឡើងវិញ​នៅ​តំបន់​ស៊ីន​ជាំ​ង​ភាគ​និរតី​ប្រទេស​ចិន​។​

​ពីដំបូង​ឡើយ ទីក្រុង​កង់​បេ​រ៉ា​បាន​បដិសេធ​ផ្តល់​សញ្ជាតិ​ដល់​ទារក​ឈ្មោះ Lutifeier ដែល​កើត​នៅ​តំបន់​ស៊ីន​ជាំ​ង​ក្នុង​ខែសីហា​ឆ្នាំ​២០១៧​មាន​ឪពុក​ជា​ជនជាតិ​អូស្ត្រាលី​និង​ម្ដាយ​ជា​ជនជាតិ​អ៊ុយ​ហ្គ័​រ​ប៉ុន្តែ​រដ្ឋាភិបាល​បាន​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​វិញ​កាលពី​ឆ្នាំមុន​បន្ទាប់ពី​មាន​ការតស៊ូ​ផ្លូវច្បាប់​។​

​ឪពុក​របស់​ក្មេង​នេះ​ឈ្មោះ Sadam Abdusalam បានធ្វើ​យុទ្ធនា​ការរាប់​ខែ​មកហើយ​ដើម្បី​អាច​ជួប​ជាមួយ​កូនប្រុស​របស់គាត់​និង​ម្តាយ​ជា​ជនជាតិ​អ៊ុយ​ហ្គ័​រ​ឈ្មោះ Nadila Wumaier នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

​កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​លោកស្រី Marise Payne បាន​និយាយថា “​ស្ថានទូត​នៅ​ទីក្រុង​ប៉េកាំង​បានស្នើ​សុំ​ជា​ផ្លូវការ​ឲ្យ​អាជ្ញាធរ​ចិន​អនុញ្ញាត​ឲ្យ​នាង Wumaier និង​កូនប្រុស​របស់​នាង​ដែលជា​ពលរដ្ឋ​អូស្ត្រាលី​ធ្វើដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​”​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក Abdusalam បាន​រៀបរាប់​ពី​ទុក្ខលំបាក​របស់គាត់​ជា​សាធារណៈ​ជា​លើកដំបូង​ដោយនិយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ABC កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​បាន​ប្រាប់ AFP ថា ប្រពន្ធ​របស់គាត់​ត្រូវបាន​នាំខ្លួន​ទៅ​សាកសួរ​ដោយ​អាជ្ញាធរ​ចិន​នៅ​ថ្ងៃ​បន្ទាប់​ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ​។​

​លោកស្រី Payne បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោកស្រី​ដឹង​អំពី​របាយការណ៍​នេះ​ប៉ុន្តែ​បាន​ព្រមាន​ថា ដោយសារតែ​លោកស្រី Wumaier មិនមែនជា​ពលរដ្ឋ​អូស្ត្រាលី យើង​មិនមាន​សិទ្ធិ​ទទួលបាន​ការចូល​មើល​កុងស៊ុល​ទេ​។​

​ទីក្រុង​កង់​បេ​រ៉ា​តែងតែ​ចង់​ចៀសវាង​ការប៉ះទង្គិច​ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ខ្លួន​ប៉ុន្តែ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​បាន​កើនឡើង​ដោយសារតែ​ក្តី​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ​និង​វត្តមាន​កាន់តែ​ច្រើនឡើង​របស់​ទីក្រុង​ប៉េកាំង​នៅ​តំបន់​ប៉ាស៊ីហ្វិក​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114