ព័ត៍មានទាន់​ហេតុការណ៏
Search

វៀតណាម​ និង​ចិន​ ប្រឈមមុខ​ដាក់គ្នា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

ស្ថាប័ន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា នាវា​វៀតណាម​និង​ចិន​បាន​ប្រឈមមុខ​ដាក់គ្នា​អស់​រយៈពេល​មួយ​សប្ដាហ៍​នៅក្បែរ​ប្លុក​ប្រេង​មួយ​ក្នុង​ដែនទឹក​ដែលមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​វៀតណាម​។​

​យោងតាម​របាយការណ៍​ដាច់ដោយឡែក​មួយ​បាន​ឲ្យ​ដឹងថា នាវា Haiyang Dizhi 8 ដែល​ប្រតិបត្តិការ​ដោយ​អង្គការ China Geological Survey កាលពី​ថ្ងៃ​ចន្ទ​បានបញ្ចប់​ការ​ស្ទង់​មើល​ទឹកសមុទ្រ​រយៈពេល​១២​ថ្ងៃ​នៅក្បែរ​ប្រជុំ​កោះ Spratly ដែលមាន​ជម្លោះ​។​

​ប្លុក​ប្រេង​មួយ​ក្នុងចំណោម​ប្លុក​ប្រេង​ដែល​ខ្លួន​ស្ទង់​មើល​គឺ​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ដោយ​វៀតណាម​ទៅ​ឲ្យ​ក្រុមហ៊ុន​ថាមពល​អេ​ស្ប៉ា​ញ Repsol ដែល​កាលពី​ឆ្នាំមុន​និង​នៅក្នុង​ឆ្នាំ​២០១៧​ត្រូវបាន​គេ​បង្ខំ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​ក្នុង​ដែនទឹក​វៀតណាម​ដោយសារ​សម្ពាធ​ពី​ប្រទេស​ចិន​។​

​នៅពេលដែល​នាវា Haiyang Dizhi 8 ធ្វើការ​អង្កេត​របស់ខ្លួន​, នាវាចម្បាំង​វៀតណាម​ចំនួន​៩​គ្រឿង​បាន តាម​យ៉ាង​ប្រកៀក​។ យោងតាម​ទិន្នន័យ​របស់ Winward Maritime ដែល​ចងក្រង​ដោយ​មជ្ឈមណ្ឌល C4ADS បាន​ឲ្យ​ដឹងថា នាវា​ចិន​ត្រូវបាន​អមដំណើរ​ដោយ​នាវា​ឆ្មាំ​សមុទ្រ​ចិន​ចំនួន​៣​គ្រឿង​។​

​នៅក្នុង​ហេតុការណ៍​ដាច់ដោយឡែក​នៅ​ព្រឹក​ថ្ងៃនោះ នាវា​ឆ្មាំ​សមុទ្រ​ចិន Haijing 35111 បានធ្វើ​ដំណើរ ក្នុង​លក្ខណៈ​គំរាមកំហែង​ចំពោះ​នាវា​វៀតណាម​ដែល​កំពុង​ជួសជុល​ស្ថានីយ៍​ខួង​ប្រេង​របស់​ជប៉ុន​ឈ្មោះ Hakuryu-5 ដែល​ជួល​ដោយ​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី Rosneft នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​វៀតណាម​។​

​នៅក្នុង​ឆ្នាំ​២០១៤ ភាព​តានតឹង​រវាង​វៀតណាម​និង​ចិន​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​នៅពេល​ការ​ខួង​ប្រេង​របស់​ចិន​បានចាប់ផ្តើម​ខួង​ក្នុង​ដែនទឹក​វៀតណាម​។​

​ឧបទ្ទវ​ហេតុនេះ​បាន​បណ្តាល​ឲ្យ​មាន​ការបុក​ទូក​នៅ​ភាគី​ទាំងសងខាង​និង​កុបកម្ម​ប្រឆាំង​ចិន​នៅក្នុង​ប្រទេស​វៀតណាម​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114