ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ស្ថិតនៅ​ពូ​ល C ក្នុង វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ជាមួយ​អ៊ីរ៉ាក អ៊ីរ៉ង ហុងកុង និង​បា​រ៉ែ​ន

​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បានរៀបចំ​ធ្វើ​ពិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល ពានរង្វាន់​បាល់ទាត់​ពិភពលោក ( FIFA World Cup 2022 ) វគ្គ​ជម្រុះ​ជុំ​ទី​២ ដោយ​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយនឹង​ប្រទេស​ចំនួន ៤០​ចូលរួម​។

ប្រទេស​ទាំង ៤០ នោះ​រួមមាន អ៊ីរ៉ង​, ជប៉ុន​, កូរ៉េខាងត្បូង​, អូស្ត្រាលី​, កាតា​, អារ៉ាប់​រួម​, អារ៉ាប​ប៊ីត​សាវ​ឌី​ត​, ចិន​, អ៊ីរ៉ាក់​, ស៊ី​រី​, អ៊ូ​បី​គី​ស្ថាន​, លី​បង់​, អ៊ូ​ម៉​ង​, គី​ស៊ី​ស្ថាន​, ហ្ស៊​កដា​នី​, វៀតណាម​, ប៉ា​ឡេ​ស្ទី​ន​, ឥណ្ឌា​, បា​រ៉ែ​ន​, ថៃ​, តាជី​គី​ស្ថាន​, កូរ៉េខាងជើង​, ហ្វីលីពីន​, ឆាយ​នី​ស​តៃ​ប៊ិ​, តួរ​មី​នី​ស្ថាន​, មី​យ៉ាន់​ម៉ា​, កោះ​ហុងកុង​, យ៉េ​មែន​, អា​ហ្វ​ហ្គា​នី​ស្ថាន​, ម៉ា​ល​ឌី​វ​, គុយវែត​, ឥណ្ឌូនេស៊ី​, សិង្ហ​បុរី​, នេ​ប៉ាល់ និង ៦​ប្រទេស ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ ត្រូវ​ចូលទៅ​បង្គ្រប់​រួមមាន​៖ កោះ​ហ្គា​ម​, ម៉ុង​ហ្គោ​លី​, ម៉ាឡេស៊ី​, បង់​ក្លា​ដេ​ស​, កម្ពុជា និង​ស្រីលង្ការ​។

សម្រាប់​ក្រុម​ទាំង ៤០ ត្រូវបាន​ជ្រើសរើស​ឲ្យ​ស្ថិតនៅតាម POT ចំនួន ៥ ដោយ​បែងចែក​ផ្អែកលើ​លំដាប់​ពិន្ទុ​ក្នុង FIFA World Ranking របស់​ពួកគេ​។ តាម​រូបមន្ត ពួកគេ​នឹងត្រូវ​ចាប់ឆ្នោត​ចូល​ពូ​ល A ដល់​ពូ​ល H ដោយ​ក្នុង​ពូ​ល​នីមួយៗ​មាន ៥​ក្រុម​។

ជា​លទ្ធផល​បាន​បង្ហាញ​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ស្ថិតនៅ​ពូ​ល C នៃ​ពានរង្វាន់​ដដែល​នេះ ដោយ​នឹងត្រូវ​រួម​ពូ​ល​ជាមួយ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់ អ៊ីរ៉ង​, អ៊ីរ៉ាក​, ហុងកុង និង​បា​រ៉ែ​ន​។

ក្រៅតែ​ពី​ពូ​ល​របស់​កម្ពុជា ពូ​ល​ដទៃ​ទៀត​រួមមាន​ដូចជា ពូ​ល A ចិន​, ស៊ី​រី​, ហ្វីលីពីន​, ម៉ា​ល​ឌី​វ និង​កោះ​ហ្គោ​ម​។ ពូ​ល B មាន អូស្ត្រាលី​, ហ្ស៊​កដា​នី​, ចិន​តៃ​ប៊ិ​, គុយ​វ៉ែត និង​នេ​ប៉ាល់​។ ពូ​ល C អ៊ីរ៉ាក់​, អ៊ីរ៉ង់​, បា​រ៉ែ​ន​, ហុងកុង និង​កម្ពុជា​។ ពូ​ល D មាន​អារ៉ាប​ប៊ីត​សាវ​ឌី​ត​, អ៊ូ​បី​គី​ស្ថាន​, ប៉ា​ឡេ​ស្ទី​ន​, យេ​ម៉ែន និង​សិង្ហ​បុរី​។ ពូ​ល E មាន​បង់​ក្លា​ដេ​ស​, អូ​ម៉​ង​, ឥណ្ឌា​, អា​ហ្វ​ហ្គា​នី​ស្ថាន និង​កាតា​។ ពូ​ល F មាន ជប៉ុន​, គី​ស៊ី​ស្ថាន​, តាជី​គី​ស្ថាន​, មី​យ៉ាន់​ម៉ា និង​ម៉ុង​ហ្គ​លី​។ ពូ​ល G អារ៉ាប់​រួម​, វៀតណាម​, ថៃ​, ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។ ពូ​ល H មាន កូរ៉េខាងត្បូង​, លី​បង់​, កូរ៉េខាងជើង​, តួរ​មី​នី​ស្ថាន និង​ស្រី​ល​ង្គា​រ​។

បន្ទាប់ពី​ការ​ចាប់​ឆ្នោត​នេះ​រួច ការប្រកួត​នឹង​ចាប់ផ្ដើម​ធ្វើឡើង​ពី​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ​តទៅ តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៨​ប្រកួត ( ក្នុង​ដី និង​ក្រៅ​ដី ) ហើយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងស្រុង​នៅ​ខែមិថុនា ឆ្នាំ​២០២០​។

គួរ​រំលឹក​ថា កាលពី​វគ្គ​ជម្រុះ World Cup 2018 ដំណាក់កាល​ទី​២ កម្ពុជា ជួប​ជាមួយនឹង ជប៉ុន​, ស៊ី​រី​, សិង្ហ​បុរី និង​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​លទ្ធផល​មិន​ជោគជ័យ​ឡើយ ពោលគឺ​ចាញ់​ទាំង ៨​ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១​គ្រាប់​ប៉ុណ្ណោះ តែ​របូត ដល់​ទៅ​២៧​គ្រាប់​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114