ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ប្រកាស​ឲ្យ ម្ចាស់ ក្រុមហ៊ុន និង​សហគ្រាស ដាក់ពាក្យ ចូលរួម​តាំង នៅ​ខេត្ត​ស៊ី​ជាំ​ង ប្រទេសចិន

ភ្នំពេញ​ ៖ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជូនដំណឹង ដល់ ពាណិជ្ជករ ផលិតករ និង​សាធារណជន និង​សហគ្រាស ដែល​មាន​បំណង ចូលរួម​តាំង ពិព័រណ៍​ពាណិជ្ជកម្ម ផលិតផល​នាំចូល​អន្តរជាតិ​លើក​ទី​២ ឆ្នាំ​២០១៩ នៅ​ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន សូម​អញ្ជើញ រុះ​រាន់​ទៅ​ដាក់ពាក្យ រហូតដល់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​ផុត កំណត់​។

ក្នុង​សេចក្តី​ជូនដំណឹង របស់ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៦ ​ម្សិលមិញ បាន ជូនដំណឹង​ដល់ ពាណិជ្ជករ ផលិតករ និង​សាធារណជន ទូទៅ​ឲ្យ​បាន​ជ្រាប​ថា គណៈកម្មការ​រៀបចំ​ពិព័រណ៍ ខេត្ត​ស៊ីសាំង​ប្រទេស​ចិន​នឹង​បន្ត​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម ផលិតផល​នាំចូល​អន្តរជាតិ​លើក​ទី​២ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៦-២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ មជ្ឈមណ្ឌល​តាំងពិព័រណ៍ Wenzhou International Convention and Exhibition Center ទីក្រុង Wenzhou ខេត្ត​ស៊ី​ជាំ​ង​ប្រទេស​ចិន​។

ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ឡើង គឺ​ដើម្បី​បង្ហាញ​ពី​ផលិតផល​ចម្រុះ​នាំចូល​គុណភាព​ខ្ពស់​ផលិត​ឡើង ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​របស់​ទីផ្សារ​ដូចជា​ផលិតផល​ដែលមាន​ម៉ាក​ល្បីៗ មានការ​ទទួលស្គាល់ ជា​អន្តរជាតិ​ជាដើម​។​ល​។ ព្រឹត្តិការណ៍​ពិព័រណ៍​នេះ នឹង​ក្លាយទៅជា​កន្លែង​សម្រាប់​ជំនួប​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ ការ​ចែករំលែក​បទពិសោធ​ន៍ និង​ការផ្ទេរ​បច្ចេកវិទ្យា​ទំនើបៗ​ផង​ដែរ​។

ក្នុង​ឱកាស​នេះ​ដែរ ភាគី​ចិន​អញ្ជើញ​កម្ពុជា​ចូលរួម ព្រឹត្តិការណ៍​នេះ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​រឹតចំណង​មិត្តភាព​រវាង ប្រទេស​ចិន ព្រមទាំង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់ និង​ពិភពលោក ហើយ​បានផ្តល់​ស្តង់​មួយចំនួន​សម្រាប់​ភាគី កម្ពុជា​។

ជា​មួយ​គ្នា​នេះ ក្រសួងពាណិជ្ជកម្ម សូម​អញ្ជើញ​ពាណិជ្ជករ ផលិតករ ដែលជា​ម្ចាស់ ក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់ ដែល​មាន​ចំណាប់អារម្មណ៍ ទៅ​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន ឬ​មាន​គម្រោង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ សូម​មក​ទាក់ទង និង​បំពេញបែបបទ នៅ​នាយកដ្ឋាន កិច្ចការ​ពិព័រណ៍​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ពាក្យស្នើសុំ​ចូលរួម និង ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូត ដល់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​ជា​កំណត់​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រសួង ពាណិជ្ជកម្ម ដែលមាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​២ នៃ​អគារ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម អាសយដ្ឋាន ដីឡូត៍ លេខ ១៩-៦១៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114