ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​អ្នកលក់​ឱសថ​ទាំងអស់​ជួយ​ណែនាំ​ឲ្យ​អ្នកជំងឺ​សង្ស័យ​មាន​ជំងឺគ្រុនឈាម ទៅរក​សេវា​ព្យាបាល​នៅតាម​មន្ទីរពេទ្យ

ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​អ្នកលក់​ឱសថ​ទាំងអស់​ជួយ​ណែនាំ​ឲ្យ​អ្នកជំងឺ​សង្ស័យ​មាន​ជំងឺគ្រុនឈាម​ទៅរក​សេវា​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​នានា​ដើម្បី​ទទួលបាន​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ឲ្យ​បាន​ទាន់​ពេល​វេលា​។

លោក វេជ្ជបណ្ឌិត លី​សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ជំរុញ​ឲ្យ​គ្រូ​ពេទ្យ​ឯកជន​និង​អ្នកលក់​ថ្នាំ​នៅ​តាម​ឱសថ​ស្ថាន​ទាំងអស់​ កុំ​លក់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​និង​ផ្សំ​ថ្នាំ​ផ្ដេសផ្ដាស​ដល់​អ្នកជំងឺ​សង្ស័យ មាន​ជំងឺគ្រុនឈាម ​ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន។

ថ្លែង​ក្រោយ​សិក្ខាសាលា​ស្តីពី​ការចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​កាលពី​ព្រឹក​ថ្ងៃទី​១៧​ ខែកក្កដា ​ឆ្នាំ២០១៩ ​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ លោក​វេជ្ជបណ្ឌិត បាន​មានប្រសាសន៍ថា​ជំងឺគ្រុនឈាម​មាន​លក្ខណៈ​ខុសប្លែក​ពី​ជំងឺ​ដទៃៗ​ទៀត​ ព្រោះ​ទាមទារ​ឲ្យ​មានការ​ពិនិត្យ​តាមដាន​និង​ធ្វើ​រោគវិនិច្ឆ័យ​ព្រមទាំង​ព្យាបាល​អ្នកជំងឺ​ទៅតាម​ក្បួនខ្នាត​ត្រឹមត្រូវ​និង​ច្បាស់លាស់​ពី​គ្រូពេទ្យ​ជំនាញ។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​កន្លងមក​អ្នកជំងឺ​គ្រុនឈាម​ដែល​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​គឺ​បណ្តាល​មក​ពី​អ្នកជំងឺ​ព្យាបាល​ដោយ​ខ្លួនឯង​និង​ទៅ​រក​ពេទ្យ​ដែល​មិន​មាន​ជំនាញ​ ឬ​ ទៅ​កន្លែង​លក់​ឱសថ​ឲ្យ​គេ​ផ្សំ​ថ្នាំ​ឲ្យ​លេប​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សួត​ដោយសារ​ការប្រើប្រាស់​សេរ៉ូម​ទឹក​ខ្ពស់​និង​ធ្វើ​ឲ្យ​អ្នកជំងឺ​ខូច​ថ្លើម​ ឬ​ រលាក​ថ្លើម មានការ​ហូរ​ឈាម​ដោយសារ​ការប្រើប្រាស់​ថ្នាំ​បញ្ចុះ​កំដៅ​ច្រើន​លើស​ចំណុះ​។

លោក​វេជ្ជបណ្ឌិត លាង រិ​ទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បន្ត​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា​ ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ឲ្យ​បាន​ផុស​ផល​បន្ថែម​ទៀត​ ដូចជា​សំអាត​លំនៅឋាន​ឲ្យ​បាន​ស្អាត ទុកដាក់ ​ឬ ​ដុត​កម្ទេច​ចោល​រាល់​សម្ភារ​ដក់​ទឹកបាន​ផ្សេងៗ​ទៀត​ដូចជា​សំបក​កង់ សំបក​ដប កំប៉ុង​ត្រឡោក​ដូង​និង​សំអាត​ការដ្ឋាន​សំណង់​ឲ្យ​បាន​ស្អាត​និង​អនាម័យ​ល្អជា​និច្ច​ដើម្បី​ការពារ​កុមារ​និង​មនុស្ស​ចាស់​ឲ្យ​ជៀស​ផុតពី​ជំងឺគ្រុនឈាម​។

ចំណែក​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺគ្រុនឈាម​នៅក្នុង​រដូវវស្សា​នេះ​ខណៈ​ជំងឺ​នេះ​កំពុង​រាតត្បាត​ទៅលើ​កុមារ​និង​មនុស្ស​ចាស់​គួរ​ឲ្យ​ព្រួយបារម្ភ​។

លើស​ពី​នេះ​ទៅ​ទៀត ​ស្នើ​ឲ្យ​អាជីវករ​និង​ម្ចាស់​អាជីវកម្ម​ទាំងឡាយ ដែល​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​សំបក​កង់​ពិសេស​សំបក​កង់ឡាន និង​សំបក​កង់​ម៉ូតូ​ទាំងអស់ សូម​ធ្វើការ​គ្រប់គ្រង​សំបក​កង់​ទាំងនោះ​ឲ្យ​មាន​សុវត្ថិភាព​ជៀស​ផុត​ពី​ការ​ដក់​ទឹក​ ដោយ​មិន​ត្រូវ​ទុកចោល ពាសវាល​ពាសកាល បង្កើត​បាន​ជា​ប្រភព​កកើត និង​ជម្រក​មូស​ខ្លា​ដ៏​គ្រោះថ្នាក់​បំផុត ដែល​អំណោយផល​ដល់​ការ​ចម្លង​ជំងឺគ្រុនឈាម​កើន​ឡើង​ និង អាច​ឈាន​ទៅ​រក​ការ​រាតត្បាត​គ្រប់ពេលវេលា​។

លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​បើ​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ​ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅកាន់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់​មិន​ឲ្យ​យឺត​ជាង​៧២​ម៉ោង​បន្ទាប់ពី​ក្តៅខ្លួន​ពិសេស​មិនត្រូវ​សាកល្បង​ព្យាបាល​អ្នកជំងឺ​ដោយ​ខ្លួនឯង​ឬ​ទៅ​ព្យាបាល​នៅ​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​ឡើយ​ ព្រោះ​អាច​សម្លាប់​អ្នកជំងឺ​បាន​គ្រប់ពេល​ពេលវេលា​។

យ៉ាងណាក៏ដោយ​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​អះអាង​ថា ​បច្ចុប្បន្ន​នេះ​ក្រសួង​អាច​គ្រប់គ្រង​ស្ថាន​ភាព​ជំងឺគ្រុនឈាម​បាន​ហើយ ដោយ​ក្នុង​នោះ​ជំងឺគ្រុនឈាម​បាន​ថយ​ចុះ​ក្នុង​ខេត្ត​ចំនួន​១១​រួមមាន​ខេត្ត​ពោធិ៍សាត់ ខេត្តតាកែវ ខេត្ត​ស្ទឹងត្រែង ខេត្ត​ស្វាយរៀង ខេត្ត​រតនគិរី ខេត្ត​ប៉ៃលិន ខេត្តកោះកុង ខេត្តកំពង់ធំ​ខេត្ត​បាត់ ដំបង ខេត្ត​ព្រះសីហនុ ខេត្តមណ្ឌលគិរី ហើយ​ខេត្តក្រចេះ ខេត្តកំពត ខេត្តព្រៃវែង និង​ខេត្ត​កែប ក៏មាន​ស្ថានភាព​នៅ​មិនមាន​កើនឡើង​នៃ​ករណី​ឈឺ​នេះដែរ​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​រដ្ឋ​មន្ត្រី​បាន​ជំរុញ​ឲ្យ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ក៏ដូចជា​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត​ត្រូវ​បន្ត​តាមដាន​ដោយ​ហ្មត់ចត់​បំផុត​និង​ជាប្រចាំ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​ទាំងអស់​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺគ្រុនឈាម​ដើម្បី​អន្តរាគមន៍​និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​ក្នុង​ករណី​មាន​ផ្ទុះ​ជំងឺ​នេះ​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​សំដែង​ការ​កោតសរសើរ​ដល់​ម​ន្ត្រី​បុគ្គលិក​សុខាភិបាល​ទាំងអស់ ដែល​បាន​ខិតខំ​យ៉ាងសកម្ម​ឆ្លើយតប​នឹង​ជំងឺគ្រុនឈាម​ដោយ​អស់ពី​កម្លាំងកាយ​ចិត្ត និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​តាម​ការណែនាំ​ខាងលើ​ដើម្បី​បញ្ចៀស​ឲ្យ​កុមារ​និង​មនុស្ស​ចាស់​ពី​ជំងឺគ្រុនឈាម​។

គួរ​បញ្ជាក់​ថា ការ​កើនឡើង​នៃ​ករណី​ជំងឺគ្រុនឈាម​នេះ​មិនមែន​មានតែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មួយ​ចំនួន​ ក៏​មាន​ការ​កើន​ឡើង​ដែរ​ដោយមាន​ករណី​ឈឺ​ជិត​៥​ដង និង​ករណី​ស្លាប់​យ៉ាង​ច្រើន​ដូចជា​នៅ​ប្រទេស​ម៉ាឡេស៊ី​ស្លាប់​៧៤​នាក់ និង​ហ្វីលីពីន​៣០៣ នាក់​ជាដើម​ខណៈ​រហូតមកដល់​ពេលនេះ​កម្ពុ​ជាមាន​ករណី​ជំងឺគ្រុនឈាម​ជាង​២​ម៉ឺន​នាក់​និង​ស្លាប់​២៥​នាក់​៕​
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114