ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើស​បាល់ទាត់​ក្នុង​សាល​កម្ពុជា ដឹង​សមាសភាព​ក្រុម​រួម​ពូ​ល ត្រៀម​ប្រកួត​ពាន​ប្រចាំ​តំបន់​អាស៊ាន នៅ​ខែតុលា

នា​ពេល​ថ្មីៗ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន បានបង្ហាញ​អំពី​កាលវិភាគ​ប្រកួត​នៃ​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល ( AFF Futsal Championship 2019 ) ដែល​នឹង​ប្រព្រឹត្តិ​ទៅក្នុង​ឆ្នាំ​២០១៩ ជាមួយនឹង​ការបែងចែក​ពូ​ល​រួចរាល់​។

ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​នេះ នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ១៦ ខែតុលា ដល់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​ដោយមាន​ប្រទេស​ចំនួន ៨ ចូលរួម ដូចជា​ម្ចាស់ផ្ទះ​វៀតណាម​, ថៃ​, ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី​, អូស្ត្រាលី​, មី​យ៉ាន់​ម៉ា​, កម្ពុជា និង​ទី​ម័​រ​ខាងកើត ខណៈ​ឡាវ​, សិង្ហ​បុរី​, ហ្វីលីពីន និង​ព្រុយ​ណេ ពុំ​ចូលរួម​ឡើយ​។

​សម្រាប់​ការបែងចែក​ពូ​ល​វិញ ក្នុង​ពានរង្វាន់​ដដែល​នេះ កម្ពុជា ស្ថិតក្នុង​ពូ​ល A រួមជាមួយ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​, ថៃ និង​ទី​ម័​រ​ខាងកើត ខណៈដែល​ពូ​ល B មានដូចជា អូស្ត្រាលី​, ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា។

អំពី​ការចូលរួម​របស់​កម្ពុ​ជា ក្នុង​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ប្រចាំ​តំបន់​នេះ គឺ​ទើបតែ​ត្រលប់​មក​ចូលរួម​វិញ​នៅ​ឆ្នាំ​២០១៨ កន្លងទៅ​ប៉ុណ្ណោះ បន្ទាប់ពី​អាកខាន​ចូលរួម​ប្រកួត ៥​ឆ្នាំ​ជាប់ៗ​គ្នា ដោយសារ​គ្មាន​សកម្មភាព​ប្រកួត​បាល់ទាត់​ក្នុង​សាល នៅក្នុង​ស្រុក​។

ការ​ត្រលប់​មក​ចូលរួម​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្នុង​សាល​កម្ពុជា នៅ​ឆ្នាំ​២០១៨ ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី គឺ​ពុំ​ទទួល​បាន​លទ្ធផល​ឡើយ ដោយ​កាលនោះ​កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី និង មី​យ៉ាន់​ម៉ា កម្ពុជា​បញ្ចប់​ទៅ​ដោយ​ស្ថិតនៅ​បាត​តារាង ក្រោយ​ប្រកួត​៣​ដង ចាញ់​ទាំង ៣​ដង មាន​០​ពិន្ទុ ហើយ​បាន​របូត​គ្រាប់​បាល់​ដល់​ទៅ ៣៤​គ្រាប់ និង​ទាត់​ចូល​ទី​គូប្រកួត​បានតែ ២​គ្រាប់​ប៉ុណ្ណោះ​។ ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​នេះ កាលពី​ឆ្នាំទៅ គឺ​បាន​ទៅលើ ថៃ បន្ទាប់ពី​បាន​យកឈ្នះ ម៉ាឡេស៊ី ដោយ​លទ្ធផល ២​ទល់នឹង​៤ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

យ៉ាងណាមិញ ងាក​មក​មើល​ប្រវត្តិ​របស់​កម្ពុជា នៅ​ក្នុង​ព្រឹត្តិការណ៍​ដដែល​នេះ ដ្បិត​បច្ចុប្បន្ន​ពុំ​ជោគជ័យ ប៉ុន្តែ​កាលពី​ឆ្នាំ​២០០៦ កម្ពុជា បានធ្វើ​បានល្អ​គួរសម​នៅក្នុង​ចំណោម​នៃ​ការចូលរួម​ពានរង្វាន់​នេះ​ចំនួន ៣​ដង ដោយ​ពេលនោះ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ បន្ទាប់ពី​បាន​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​ឈរ​ជា​ក្រុម​លេខ​២ ក្នុង​ពូ​ល B ទម្លាក់​ម៉ាឡេស៊ី និង​វៀតណាម ឲ្យ​ឈរ​នៅ​លេខ​៣ និង​លេខ​៤​។ យ៉ាងណាមិញ កម្ពុជា មិនមាន​សំណាង​នៅពេល​ប៉ះ​ថៃ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​បាន​រង​បរាជ័យ​យ៉ាង​ចាស់ដៃ ដល់​ទៅ ១៩​ទល់នឹង​១ ហើយ​បាន​ត្រឹម​លេខ​៤ នៅ​ក្នុង​ការប្រកួត​ដណ្ដើមយក​លេខ​៣ ជាមួយ​មី​យ៉ាន់​ម៉ា ក្រោយ​ចាញ់​ក្នុង​លទ្ធផល ១០​ទល់នឹង​២៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114