ព័ត៍មានទាន់​ហេតុការណ៏
Search

សូល​ទី​ឡូ​អង្គរ រួម​ដំណើរ​ជាមួយ ក្រសួងការពារជាតិ ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ពាន​សម្តេច​តេ​ជោ ហ៊ុន សែន

ក្រុមបាល់ទាត់​សូល​ទី​ឡូ​អង្គរ ជាមួយ ក្រុមបាល់ទាត់​ក្រសួងការពារជាតិ បាន​ក្លាយជា​ក្រុម​ពីរ​បន្ថែម​ទៀតហើយ នៅក្នុង​វគ្គ ១៦​ចុងក្រោយ ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រដូវ​កាល​ទី​១៣ ឆ្នាំ​២០១៩ ដែល​បាន​ឡើង​ទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ សម្រាប់​លទ្ធផល​សរុប​ទាំង​ជើង​ទី​២​។​

*​រតនគីរី ជាមួយ សូល​ទី​ឡូ​អង្គរ
ការប្រកួត​នេះ​ធ្វើឡើង​នៅ​កីឡដ្ឋាន​ដែល​ខេត្ត​រតនគីរី ខ្ចី​បណ្ដោះអាសន្ន (​អេ​អ៊ី​យូ ស្បត​ផាក របស់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​) នៅ​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល បញ្ចប់​ទៅដោយ​លទ្ធផល​ស្មើគ្នា ៥​ទល់នឹង​៥ ហើយ​លទ្ធផល​សរុប​ទាំង​២​ជើង ៦​ទល់​១៦ (​កាលពី​ជើង​ទី​១ សូល​ទី​ឡូ​អង្គរ ឈ្នះ រតនគីរី ១០​ទល់​១) នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។

នៅ​ក្នុង​ការប្រកួត​នេះ ក្រុម​ទាំង​បី​ស្មើគ្នា​តាំងពី​វគ្គ​ទី​១ ដោយ​ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ បាន​បើក​ការ​នាំ​មុខ​មុន ដោយ​កីឡាករ សឿង បញ្ញា នៅ​នាទី​១៥ មុននឹង​មិត្ត​រួម​ក្រុម​ថែម​គ្រាប់​ទី​២ នៅ​នាទី​២៤ ដោយ​កីឡាករ លី មូស្លីម ប៉ុន្តែ​ភ្លាមៗ​ផង​ដែរ រតនគីរី សង​វិញ​បាន​មួយ​គ្រាប់​ដោយ​កីឡាករ សម្បត្តិ បញ្ញា នៅ​នាទី​២៥ ក្រោយមក​ទើប​បន្ថែម​បាន​មួយ​គ្រាប់​ទៀត ដោយ​កីឡាករ ចាន់ វិ​ផល នៅ​នាទី​២៩ ហើយ​បាន​បន្ត​រក្សា​លទ្ធផល​ស្មើគ្នា ២​ទល់នឹង​២ នេះ​ដល់​ចប់​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ គ្រាប់​ដល់​ទៅ ៦​គ្រាប់​ត្រូវ​បាន​បន្ថែម​ដោយ​ក្រុម​ទាំងពីរ រតនគីរី បាន​នាំមុខ​វិញ​ម្ដង នៅ​នាទី​៥៤ ដោយ​កីឡាករ សម្បត្តិ បញ្ញា ដដែល ប៉ុន្តែ​សូល​ទី​ឡូ​អង្គរ សង​វិញ​បាន​ភ្លាមៗ​នៅ​នាទី​៥៨ ដោយ​កីឡាករ លី សា​រ័ត្ន តាមរយៈ​បាន​ពិន័យ​១១​ម៉ែត្រ ការ​ប្រកួត​ក៏បាន​អូស​បន្លាយ​រហូត​ដល់​ទី​៨០​ ទើប​មាន​គ្រាប់​បាល់​បន្ថែម​ពី​ក្រុម​ទាំងពីរ ដោយ​សូល​ទី​ឡូ​អង្គរ នាំមុខ​វិញ​ម្ដង​នៅ​នាទី​៨១ ដោយ សឿង បញ្ញា និង​ភ្លាមៗ​ដដែល ចាន់ សំណាង តាម​ស្មើ​ឲ្យ​រតនគីរី វិញ​នៅ​នាទី​៨២ ចូលដល់​នាទី​៨៣ លី សា​រ័ត្ន រក​គ្រាប់​បាល់​ឲ្យ សូល​ទី​ឡូ​អង្គរ សារជាថ្មី និង​ចុងក្រោយ គង់ ឆ​វ័​ន្ត ទាត់​ចូល​គ្រាប់​តាម​ស្មើ និង​រក្សា​លទ្ធផល​ដល់​ចប់​ការប្រកួត យ៉ាងណាក៏ដោយ សូល​ទី​ឡូ​អង្គរ បាន​កៅអី​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​ឈ្នះ​លើ​លទ្ធផល​សរុប​២​ជើង​។

*​ក្រសួងការពារជាតិ ជាមួយ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត
ការប្រកួត​នេះ​ធ្វើឡើង​នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ នៅ​វេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច បានបញ្ចប់​ទៅ​ដោយ​ ក្រសួងការពារជាតិ ឈ្នះ ៣​ទល់​២ សរុប​ទាំង​២​ជើង ៦​ទល់នឹង​៣ (​កាលពី​ជើង​ទី​១ ក្រសួងការពារជាតិ ឈ្នះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ១​ទល់​៣) នៅ​កីឡដ្ឋាន​អេ​អ៊ី​យូ ស្បត​ផាក។

ជា​ការ​ប្រកួត​ដែល​តានតឹង​សម្រាប់​ក្រុម​ទាំង​២ ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ បាន​បើក​ការនាំ​មុខ​មុន​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ រ៊ឹ​ង ប៊ុន​ហៀ​ង នៅ​នាទី​៣៤ និង​បាន​រក្សា​លទ្ធផល ២​ទល់​១ ដល់​ចប់​វគ្គ​ទី​១​។

ចូល​ដល់​វគ្គ​ទី​២ ទើប​ការប្រកួត​កាន់តែ​ស្វិតស្វាញ ដោយ​ក្រុម​ភ្ញៀវ​អាច​សង​វិញ​បាន​មួយ​គ្រាប់​ដោយ​កីឡាករ សុក ចាន់​រស្មី នៅ​នាទី​៦១ ការប្រកួត​ក៏បាន​អូសបន្លាយ​ដោយ​គ្មាន​គ្រាប់​បាល់​ជិត​ចប់​ការប្រកួត ប៉ុន្តែ​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​បែរជា​កើតមាន​នៅក្នុង​រយៈពេល​តែ ៣​នាទី ពោលគឺ នៅ​នាទី ៩០+៣ អាស៊ី​អឺរ៉ុប នាំមុខ​ដែល​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ ពិន សា​រ៉ែ​ន យ៉ាងណាមិញ​នៅ​នាទី​បន្ទាប់ រ៊ឹ ប៊ុន​ហៀ​ង ដដែល រក​គ្រាប់​តាម​ស្មើ​មកវិញ និង​ចុងក្រោយ​រូបគេ​ដដែល​រក​គ្រាប់​ជ័យជម្នះ​តាមរយៈ​បាន​ពិន័យ​១១​ម៉ែត្រ​។

កាលវិភាគ​ប្រកួត​បន្ទាប់​ផង​ដែរ សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែកក្កដា ណាហ្គា​វើ​លដ៍ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ គីរីវង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) វេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច ១​គូ​ចុងក្រោយ​ក្នុងការ​ប្រកួត​សប្តាហ៍​នេះ គឺ វិសាខា នឹងត្រូវ​ប្រឈម​មុខជា​មួយ​គូ​ប្រកួត អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114