ព័ត៍មានទាន់​ហេតុការណ៏
Search

អនុសាខា​កាកបាទក្រហម​កម្ពុជា ​ខណ្ឌ​ច្បារអំពៅ​ នាំ​យក​អំណោយ​ទៅ​ផ្តល់ជូន​លោកយាយ​មាន​វ័យ​១០១​ឆ្នាំ

ភ្នំ​ពេ​ញ ៖ លោកស្រី​ហេង សុវត្ថា អភិបាលរងខណ្ឌ​ច្បារអំពៅ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ​ខណ្ឌ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកក្កដា​នេះ​ បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​ដល់​លោកយាយ​ពៅ គល់ អាយុ​១០១​ឆ្នាំ ​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ស្វាយ​តា​អុក​១ ​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

លោកស្រី​ប្រធាន​អនុសាខា​កាកបាទ​ក្រហមកម្ពុជា​ខ​ណ្ឌ​ច្បារអំពៅ​បាន​មានប្រសាសន៍ថា​ នៅ​ពេល​ថ្មីៗ​នេះ​លោកស្រី​បាន​ទទួល​ព័ត៌មាន​ពី​លោកស្រី​ចៅសង្កាត់​វាល​ស្បូវ​ថា ​មាន​លោកយាយ​ម្នាក់​មាន​អាយុ​រហូតដល់​១០១​ឆ្នាំ​ កំពុង​រស់នៅ​ដោយមាន​ការ​ខ្វះខាត​នូវ​ជីវភាព​ប្រចាំថ្ងៃ​ទើប​ថ្ងៃនេះ​លោកស្រី​ក៏បាន​ការ​អនុញ្ញាត​ពី​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​និង​ជា​ប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខ​ណ្ឌ​ឲ្យ​នាំ​យក​អំណោយ​របស់​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ដែល​ត្រៀម​បម្រុង​យក​មក​ផ្តល់ជូន​លោកយាយ​ដោយ​ផ្ទាល់ដៃ​តែម្តង​។

លោកស្រី​ហេង សុវត្ថា ​បាន​បញ្ជាក់​ថា ​សកម្មភាព​មនុស្សធម៌​នេះ​គឺ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខ​ណ្ឌ​ច្បារអំពៅ​បាន​អនុវត្តន៍​តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា​ ដែល​ជា​និច្ចកាល​សម្តេច​តែងតែ​ជំរុញ​ដល់​សមាជិក សមាជិកា អនុសាខា​កាកបាទក្រហម​កម្ពុជា​ទូទាំង​ខេត្ត​និង​រាជធានី​ត្រូវ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ក្នុង​ជីវភាព​ត្រូវ​រួសរាន់​ជួយ​ភ្លាមៗ​ដោយ​មិន​ពន្យារពេល​ឡើយ​។

ក្នុង​នោះ​សម្តេច​តែងតែ​បញ្ជាក់​ថា ​អំណោយ​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក៏ដូចជា​អំណោយ​របស់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្តល់​ជូន​ប្រជាជន​ដែល​កំពុង​ជួប​ការលំបាក​ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។

ជាក់​ស្តែង​ដូច​ថ្ងៃនេះ​អនុសាខា​កាកបាទ​ក្រហមកម្ពុជា​ខ​ណ្ឌ​ច្បារអំពៅ​បាន​នាំ​យក​អំណោយ​មក​ផ្តល់​ជូន​លោកយាយ​ពៅ គាល មាន​វ័យ​១០១​ឆ្នាំ​ដល់ដៃ​ដែល​ក្នុង​នោះ​រួមមាន​អង្ករ ទឹក​ផ្លែឈើ​ទឹកបរិសុទ្ធ​និង​ថវិកា​ចំនួន៤០,០០០​រៀល​ទៀត​ផង​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114