ព័ត៍មានទាន់​ហេតុការណ៏
Search

វគ្គ​បណ្តុះបណ្តាល​ស្តីពី​កំណែទម្រង់​ច្បាប់ គោលនយោបាយ ស្ថាប័ន សម្រាប់​ការ​គាំពារ​បរិស្ថាន​សមុទ្រ​នៅ​តំបន់​សមុទ្រ​អាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ នៅ​វិទ្យាស្ថាន​នាវាចរណ៍​កម្ពុជា ស្ថិតនៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ ១៤​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ លោក រស់ វណ្ណា រដ្ឋលេខាធិការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​កំណែទម្រង់​ច្បាប់ គោលនយោបាយ ស្ថាប័ន សម្រាប់​គាំពារ​បរិស្ថាន​សមុទ្រ​នៅ​តំបន់​សមុទ្រ​អាស៊ីអាគ្នេយ៍ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មន្ត្រី​នៃ​ក្រសួងបរិស្ថាន អ្នក​ជំនាញ​របស់​អង្គការ​នាវាចរណ៍​សមុទ្រ​អន្តរជាតិ (IMO) និង​មន្ត្រី​ពាក់ព័ន្ធ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

វគ្គ​បណ្តុះបណ្តាល​នេះ​ ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គម្រោង IMO/Norad ដំណាក់កាល​ទី​២ ស្តីពី​ការ​គាំពារ​បរិស្ថាន​សមុទ្រ​នៅ​តំបន់​សមុទ្រ​អាស៊ីអាគ្នេយ៍ (MEPSEAS) ដែលមាន​រយៈពេល បួន​ឆ្នាំ (២០១៨-២០២១) ហើយ​នៅ​ក្នុង​គម្រោង​នេះ កម្ពុជា​មានបំណង​អនុវត្ត​ឱ្យបាន​នូវ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការបំពុល​នៅ​សមុទ្រ​(MARPOL) ឧបសម្ពន្ធ​ទី​១ ទី​២ និង​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​នាវាចរណ៍​កម្ពុជា ស្ថិតនៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោម​ជំនួយ​ពី​ប្រទេស​ណ័​រ​វ៉េ អង្គការ​នាវាចរ​ណ៍ស​មុ​ទ្រ​អន្តរជាតិ (IMO) បាន​បង្កើត​គម្រោង ”​កិច្ច​ការពារបរិស្ថាន​សមុទ្រ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (MEPSEAS)” មាន​គោលដៅ​ជួយ​ដល់​សមាជិក​អាស៊ាន ក្នុង​ការ​អនុវត្ត​អនុសញ្ញា​នានា​ទាក់ទង​នឹង​ការ​ការពារ​ ការ​បំពុល​បរិស្ថាន​សមុទ្រ ដែល​កើត​ចេញពី​សកម្មភាព​ដឹកជញ្ជូន​តាម​នាវា ហើយ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន បានទទួល​ជំនួយ​ក្នុង​គម្រោង​នេះ រួមមាន ប្រទេស​កម្ពុជា ថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ភូមា​៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114