ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​ជម្រើសជាតិ​កាម​រូ​ន បណ្តេញ​លោក Seedorf និង​លោក Kluivert ចេញពី​តំណែង​ក្រោយ​បរាជ័យ​នៅ Africa Cup of Nations

ក្រុម​ជម្រើស​ជាតិ​កាម​រូ​ន បាន​បណ្តេញ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់ Clarence Seedorf ចេញពី​តំណែង​គ្រូបង្វឹក ក្រោយ​មាន​ទម្រង់​លេង​ដ៏​ខកចិត្ត​របស់​ពួកគេ​នៅ Africa Cup of Nations។

គ្រូ​បង្វឹក​ជំនួយការ​របស់លោក Seedorf និង​ជា​អតីត​ខ្សែប្រយុទ្ធ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ លោក Patrick Kluivert ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការងារ​ដូចគ្នា ក្រោយ​ក្រុម​ឡើង​ការពារ​ជើងឯក​មួយ​នេះ បាន​ហាលអាវ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ២-៣​កាលពី​ដើមខែ​នេះ​។​

​ក្រុម​កាម​រូ​ន ឈ្នះ​តែ​១​ប្រកួត​គត់​ក្នុងចំណោម​៤​ប្រកួត​នៅ​ការប្រកួត​មួយ​នេះ​ដែល​រៀបចំឡើង​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ជាហេតុ​នាំ​ឲ្យ​មានការ​អំពាវនាវ​ពី​រដ្ឋមន្ត្រីក្រសួង​កីឡា​កាម​រូ​ន លោក Narcisse Mouelle Kombi សុំ​ឲ្យ​អ្នក​ទាំង​២ ត្រូវបាន​គេ​ដោះលែង​ពី​កិច្ចសន្យា​របស់​ពួកគេ​។

លោក Kombi ទទួល​បានការ​សមបំណង​របស់លោក ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ កាលពី​ថ្ងៃ​អង្គារ ពេលដែល​សហព័ន្ធ​បាល់ទាត់​កាម​រូ​ន បានប្រកាស​លុបចោល​កិច្ចព្រមព្រៀង​រយៈពេល​៤​ឆ្នាំ ដែល​លោក Seedorf បាន​ចុះហត្ថលេខា​កាលពី​ខែសីហា ឆ្នាំ​២០១៨​។

គណៈ​គ្រប់គ្រង​បាល់ទាត់​កាម​រូ​ន​មួយ​នេះ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា ពួកគេ​បានបញ្ចប់​កិច្ចព្រមព្រៀង​របស់លោក Seedorf និង​លោក Kluivert បន្ទាប់ពី​ការ​ហាលអាវ​មុន​ការគ្រោងទុក​របស់​ក្រុម​ជម្រើសជាតិ​កាម​រូ​ន​នៅ Africa Cup of Nations ។

សូម​បញ្ជាក់​ថា លោក Seedorf ដែលជា​អតីត​ខ្សែបម្រើ​របស់​ក្លិប AC Milan​និង​ក្រុម​ជម្រើសជាតិ​ហូឡង់ គ្រប់គ្រង​បាន​១២​ប្រកួត ប៉ុន្តែ​ឈ្នះ​តែ​៤​ប្រកួត​ប៉ុណ្ណោះ ពេល​ប៉ះ​ជាមួយ​ក្រុម​ម៉ាឡាវី កូ​ម៉​រ៉ូ​ស សំ​ប៊ី និង​ហ្គី​ណេ ប៊ី​សូ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114