ព័ត៍មានទាន់​ហេតុការណ៏
Search

​អ្នក​ប្រដាល់ Manny Pacquiao ច្រានចោល​ជំនួប​ជាមួយ Amir Khan នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​

​ក្រុម​ផ្សព្វផ្សាយ​របស់​អ្នក​ប្រដាល់ Manny Pacquiao​បាន​និយាយថា វិ​រ​បុរស​ប្រដាល់​ហ្វីលីពីន​ម្នាក់នេះ មិនបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ជួប​ជាមួយ​កីឡាករ Amir Khan នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នាពេល​ក្រោយ​ក្នុងឆ្នាំនេះ​នោះទេ ថ្វីត្បិតតែ​មាន​អំណះអំណាង​ថា កិច្ចព្រមព្រៀង​ត្រូវបាន​ឈានដល់​ទៅហើយ​សម្រាប់​ការប្រកួត​មួយ​នេះ​។

អ្នក​ប្រដាល់ Amir Khan បាន​និយាយប្រាប់​សារព័ត៌មាន​អង់គ្លេស​ថា ជំនួប​ជាមួយ Pacquiao នឹង​កើតឡើង បើទោះបីជា​កីឡាករ​វ័យ​៤០​ឆ្នាំ​ម្នាក់នេះ ចាញ់​កីឡាករ​អាមេរិក Keith Thurman ក៏ដោយ នៅ​ទីក្រុង​ឡាស់​វេ​ហ្គាស់​នា​ថ្ងៃ​សៅរ៍​នេះ ។

ទោះបីជា​យ៉ាងណាក៏ដោយ លោក Fred Sternberg គឺជា​អ្នក​ផ្សព្វផ្សាយ​របស់ Pacquiao បាន​និយាយប្រាប់ BBC​ថា កីឡាករ Manny​មិនបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណាមួយ​នោះទេ​។ មកទល់នឹង​ពេលនេះ សូម្បីតែ​ការពិភាក្សា ក៏​គ្មាន​ដែរ​។

លោក​បន្តថា កីឡាករ Pacquiao បាន​ស្ថិតនៅក្នុង​ជំរំ​ហ្វឹកហាត់ នា​រយៈពេល​៨​ខែ​ចុង​ក្រោយនេះ ៤​សប្តាហ៍​នៅ​ហ្វីលីពីន និង​៤​សប្តាហ៍​នៅ​សហរដ្ឋអាមេរិក ហើយ​គាត់​ក៏​មិនបាន​ជួប​ជាមួយ​កីឡាករ Amir Khan​នោះដែរ អំឡុង​ពេលនោះ​។

លោក Sternberg បានបញ្ជាក់​ទៀតថា លោក​មិនដឹង​ទេ​ថា​តើ​ហេតុផល​អ្វី​បានជា​នាំ​ឲ្យ​កីឡាករ Khan​ប្រកាស​បែបនេះ​។

លោក​បន្តថា ហេតុ​ដូច្នេះហើយ សំនួរ​ដែល​អ្នក​ចង់​សួរ មានតែ​ទៅ​សួរ​កីឡាករ Amir Khan​ផ្ទាល់​ទេ ទើប​អាច​ដឹង​ច្បាស់​ពី​ការពិត​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114