ព័ត៍មានទាន់​ហេតុការណ៏
Search

​អ្នក​ប្រដាល់​រុស្ស៊ី​២​នាក់ បាន​ចូលរួម​ប្រកួត​ទាំង​ខ្លួន​ពួកគេ​នៅជាប់​បំរាម​ប្រើប្រាស់​គ្រឿងញៀន​

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា អ្នក​ប្រដាល់​រុស្ស៊ី​២​នាក់ ដែល​កំពុង​ព្យួរ​ឈ្មោះ​ដោយសារ​ជាប់​បំរាម​ប្រើប្រាស់​គ្រឿង​ញៀន​នោះ បាន​ចូលរួម​ការប្រកួត​ទាំង​ខ្លួន​ពួកគេ​ជាប់​បំរាម ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាពមិន​ខ្ជាប់ខ្ជួន​នៅក្នុង​កិច្ចខិតខំ​របស់​រុស្ស៊ី ដើម្បី​ធ្វើកំណែទម្រង់​ប្រតិបត្តិ​ការប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​របស់​ពួកគេ​។

កំណត់ហេតុ​ការប្រកួត បង្ហាញថា អ្នក​ប្រដាល់​មិនទាន់​អាជីព​រុស្ស៊ី Islam Dashaev និង Alena Tokarchuk បាន​ឡើង​ការប្រកួត​ផ្លូវការ​កាលពី​ឆ្នាំមុន ថ្វីត្បិតតែ​ពួកគេ​ជាប់​បំរាម ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ដោយ​ទីភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​រុស្ស៊ី (RUSADA)​ក៏ដោយ ដែល​ត្រូវបាន​គេ​ហាមប្រាម​ក្រោម​បទបញ្ជា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​។

ភាព​ចន្លោះប្រហោង​នៅក្នុង​ការ​ពង្រឹង​បំរាម​របស់​ពួកគេ បានបង្ហាញ​យ៉ាងច្បាស់​ថា រុស្ស៊ី​ដែល​ធ្លាប់​អះអាងថា ពួកគេ​នឹង​ដកខ្លួន​ឲ្យ​ផុតពី​រឿងអាស្រូវ​គ្រឿងញៀន​នោះ នៅ​មិនទាន់បាន​បង្កើត​វប្បធម៌​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​នោះទេ។

ទោះបីជា​យ៉ាងណាក៏ដោយ RUSADA បាន​និយាយ​ថា ពួកគេ​មិនបាន​ដឹង​នោះទេ ហើយ​ពួកគេ​នឹង​ស៊ើបអង្កេត​លើ​ករណី​មួយ​នេះ​។

លោក Margarita Pakhnotskaya គឺជា​អគ្គនាយករង​ទីភ្នាក់ងារ RUSADA បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ផ្ញើជូន​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា យើង​មិនបាន​ដឹងថា​ តើ​ហេតុផល​អ្វី បានជា​អត្ត​ព​លិ​កជាប់​បំរាម​ទាំងនេះ ចូលរួម​ការប្រកួត​ទៅ​កើត ក្រោម​ដែន​សម​ត្ថិ​កិច្ច​របស់​សហព័ន្ធ​ប្រដាល់​រុស្ស៊ី ។

លោក​បាន​បន្ត​ថា ការពិត​ដែល​ក្រុម​អត្ត​ព​លិ​ក​បែបនេះ​ចូលរួម​ការប្រកួត គឺជា​រឿង គ្រោះថ្នាក់​ខ្លាំងណាស់៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114