ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​រក​ឃើញ ទូ​កុងតឺន័រ​ចំនួន​៨៣​ផ្ទុក​ទៅ​ដោយ​កាកសំណល់​សំរាម​សុទ្ធ​នាំចូល​ពី​បរទេស​មកកាន់​កម្ពុជា​តាម​ច្រក​កំពង់ផែ​ក្រុងព្រះសីហនុ

ព្រះសីហនុ​ ៖​ មន្ត្រី​មាន​សមត្ថកិច្ច​នៅ​មាត់ច្រក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ថ្លែង​ថា សមត្ថកិច្ច​បាន​រកឃើញ កុងតឺន័រ​ចំនួន​៨៣​ទូ​ មាន​ផ្ទុក​កាកសំណល់​សំរាម​សុទ្ធ លួច​នាំ​មកពី​បរទេស​តាម​ច្រក កំពង់ផែ ​ស្វយ័ត​ ក្រុង ព្រះសីហនុ ក្នុង​គោលដៅ​យក​មក​ចាក់​ចោល ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​កម្លាំង សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​បាន​ទាន់​ពេល​វេលា។

ក្រោយ​បង្ក្រាប​បាន​ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៩​​ បានសម្រេច​គាស់​ទូ​កុងតឺន័រ​ទាំង​អស់នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ហើយ​ការ​គាស់​ទូ​​កុងតឺន័រ​នៅ​រសៀល​នោះ ​​​ធ្វើឡើង​ក្រោម​វត្តមាន​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​, លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ,​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ព្រមទាំង​វត្តមាន​មន្ត្រី​មាន​សមត្ថកិច្ច​ច្រើន​រូប​ទៀត​ផងដែរ។

ពាក់ព័ន្ធ​ទូ​កុងតឺន័រ​ដឹក​សំរាម ខាងលើនេះ ​បើ​យោងតាម​ប្រភព​ពី​មន្ត្រី​គយ​ ដែល​ចូលរួម​ប្រតិបត្តិការ​នេះ បាន​បង្ហើប​ឲ្យ​ដឹងថា មូល​ហេតុ ដែល​កាកសំណល់​នេះ ​អាច​នាំ​ចូល​មក​ប្រទេស​កម្ពុជា​បាន ព្រោះតែ​ប្រទេស ប្រភព​ដើម​បាន​ក្លែងបន្លំ​ឯកសារ​នាំចូល ដោយ​មិន​បញ្ជាក់​ប្រភេទ​ទំនិញ​ច្បាស់លាស់ ពោល​គ្រាន់តែ​សរសេរ​ថា ប្រភេទ​ទំនិញ​កែច្នៃ​ប៉ុន្តែ​ពេលមកដល់​កម្ពុជា​ ទើប​សមត្ថកិច្ច​ស្កេន​ពិនិត្យ​ទៅ​ឃើញ​ថា​ ជា​កាកសំណល់​សំរាម ​ដែល​គេ​បោះចោល។

ទោះជា​យ៉ាងនេះ​ក្តី​រហូត មកដល់​ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៩ នេះ នៅ​មិនទាន់មាន ការ បញ្ជាក់​ប្រាប់​ពី​ប្រទេស​ដើម ​ដែល​បន្លំ​នាំយក​សំរាម​តាម​កុងតឺន័រ​មកកាន់​ប្រទេស​កម្ពុជា​នេះ​នៅឡើយ ដោយ​ប្រាប់ ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា​ទុកពេល​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ជាក់លាក់​សិន​។​

គួរ​រំលឹក​ផងដែរ​ថា ពាក់ព័ន្ធ​ករណី​នាំ​កាកសំណល់​សំរាម តាម​ច្រក​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បែប នេះ​វា​ជា​លើ​ទី​២ ហើយ ដោយ​កាលពី​អំឡុង ឆ្នាំ ១៩៩៨ សម័យ លោក ឃឹម បូរ ជា​អភិបាល ក្រុង ព្រះសីហនុ ក៏មាន ការនាំ​ចូល កាក​សំណង់​គីមី​ជាច្រើន កុងតឺន័រ ចូលមក​កាន់​ប្រទេស​កម្ពុជា​ដូចគ្នា​អញ្ចឹង​ដែរ ហើយ​កាល នោះ​ប្រជាពលរដ្ឋ ក្រុងព្រះសីហនុ បាន​សម្តែង​កំហឹង ខឹងសម្បា​យ៉ាងខ្លាំងខ្លា រហូត​ឈាន ដល់​ប្រើ​អំពើ​ហិ​ង្សា ចូល វាយបំផ្លាញ ភូមិ​គ្រឹះ​ លោក ឃឹម បូរ​ជា​ចៅហ្វាយក្រុង​ព្រះសីហនុ ខ្ទេចខ្ទី អស់​ និង​ដុតបំផ្លាញ​រថយន្ត​ស៊េរី ទំនើប​របស់ លោក ឃឹម បូរ ដែល​ទើបនឹង​ទិញ​ចំនួន​១​គ្រឿង​ ចំណែក​ឯ​មន្ត្រី​គយ ដែល​ពាក់ព័ន្ធ​មួយចំនួន ក៏ត្រូវ​ដក​តំណែង​ក្នុងពេលនោះ​ផងដែរ៕

ដោយ ៖ កោះពស់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114