ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​ប្រតិបត្តិ​ការរុករក​រថយន្ត​បា​កុង​ល្មើសច្បាប់​បាន​ បែកធ្លាយ​រឿង​មេ​ប៉ុស្តិ៍​ក្បាល​រមាស​ជំរិត​ទារ លុយ​ពី​ឡាន​ដឹក​ទ្វារ​បង្អួច​ចំនួន៤លាន

ស្ទឹងត្រែង​ ៖ ​ក្នុង​ប្រតិបត្តិការ​របស់​គណៈកម្មការ​ថ្នាក់​ខេត្ត​ ចុះ​រុករក​រថយន្ត​បា​កុង​ល្មើសច្បាប់​ដើម្បី​ដុត​បំផ្លាញ​ចោល​នោះ បាន​បែកធ្លាយ​រឿងអាស្រូវ​មួយ​របស់​លោក​មេ​ប៉ុស្តិ៍​ក្បាល​រមាស​ឈ្មោះ​ឡត ម៉ា​រ៉​ន (​ហៅអ៊ុ​យ​)​មាន​គ្នា​៣​នាក់​ បាន​ប្រើ​ហិង្សា​វាយ​តៃកុង​ឡាន​មួយ​ដៃ​ចំ​មុខ​ ​រួច​ដឹក​យក​រថយន្ត​ទៅ​ប្រគល់​ឲ្យ​ជំនាញ ​និង​ប្រើ​ជំនាញ​ ឲ្យ​ជំរិត​ទារ​លុយ​ឱ្យ​ខ្លួន​ពី​ឡាន​ដឹក​ទ្វារ​បង្អួច​របស់​ប្រជាពលរដ្ឋ​ចំនួន៤ លាន​រៀល។

បើ​តាម​ប្រភព​ពី​ម្ចាស់​ឡាន​ដឹក​ទ្វារ​បង្អួច​បាន​និយាយ​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី១០​ ខែ​កក្កដា ​ឆ្នាំ​២០១៩​កន្លង​ទៅ​​​ពួកគាត់​ បាន​ដឹក​ទ្វារ​បង្អួច​ចេញពី​ផ្លូវ​វា​រី​អគ្គិសនី​ដើម្បី​យក​ទៅ​លក់​ចែកចាយ​ក្នុងស្រុក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ប្រើប្រាស់ ​ក៏​ត្រូវ​បាន​មេ​ប៉ុស្តិ៍​ និង​បក្ខពួក៣នាក់​ ​ស្ទាក់​ឃាត់​រថយន្ត​ដឹក​ទ្វារ​របស់​គាត់​យក​ទៅ​ឱ្យ​មេព្រៃ។ ប៉ុន្តែ​​មេ​ប៉ុស្ដិ៍​មិនបាន​ទារ​លុយ​ដោយ​ផ្ទាល់​នោះ​ទេ បាន​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ទារ​លុយ​ចំនួន​4.000.000 (​បួ​ន​លាន​រៀល​)​ទៅ​ឲ្យ​ខ្លួន។

ប្រភព​បាន​បន្តទៀតថា​ នៅក្នុង​កិច្ចប្រតិបត្តិការ​របស់​គណៈកម្មការ​ថ្នាក់​​​ខេត្ត​ចុះ​រុករក​រថយន្ត​បា​កុង​ដឹកឈើ​ល្មើសច្បាប់​នោះ គេ​បានឃើញ​មាន​រោង​សិប្បកម្ម​ និង​ឈើ​មួយ​ចំនួន​នៅ​ក្នុង​ប៉ុស្តិ៍​រដ្ឋបាល​ក្បាល​រមាស​ស្រែគរ​របស់លោក​ឡត​ម៉ា​រ៉​ន ​ដែលជា​ឆ្នាំងបាយ​របស់​មេ ប៉ុស្តិ៍​ដោយ​មិនបាន​ធ្វើការ​ទប់ស្កាត់​នោះទេ។

ប្រភព​បន្តថា ​កន្លងមក​លោ​កឡ​ត​ម៉ា​រ៉​ន​ជា​មេ​ប៉ុស្តិ៍​ត្រូវ​បាន​ឯកឧត្តម​ឡូយ​សុផាត ​អតីត​អភិបាលខេត្ត​ដាក់​រហស្សនាម​ថា ​ជា​មេ​ប៉ុស្ដិ៍​ត្រកួត​អណ្ដើក​និង​ជា​ឈ្មួញ​ឈើ​ផងដែរ ហើយក៏​ធ្លាប់​បាន​បាញ់​គំរាម​រថយន្ត​ឈើ ​ដែល​មិនបាន​បង់លុយ​ឲ្យ​ខ្លួន​ផងដែរ។

ប្រភព​បន្ត​ថា​ នៅ​ថ្ងៃ​ខាងលើ​នោះ ​មេ​ប៉ុស្តិ៍​និង​បក្ខពួក៣ នាក់​ បាន​ចុះ​ទៅដល់​កន្លែង​ឡាន​ដឹក​ទ្វារ​​បង្អួច​ រួច​និយាយ​ថា ​ការ​ដឹក​ជញ្ជូន​ទ្វារ​បង្អួច​មិនដែល បង់លុយ​ឲ្យ​ខ្លួន​ទើប​គេ​ឃាត់​រថយន្ត​នេះ​យកទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឲ្យ​ជំនាញ​​ជំរិត​ទារ​លុយ​ពី​​ម្ចាស់​ឡាន​ដឹក​ទ្វារ​បង្អួច​ចំនួន ១៣០០ ដុល្លារ​ហើយ​តថ្លៃ​ធ្លាក់​មក​ត្រឹម ៤ លាន​រៀល។

ករណីនេះ​ប្រជាពលរដ្ឋ​ក៏​ដូច​ម្ចាស់​ឡាន​ដឹក​ទ្វា​បង្អួច​ចែកចាយ​ក្នុងស្រុក​ដើម្បី​បម្រើការ​ទិញដូរ​សម្រាប់​យក​ទៅ​ធ្វើ​ផ្ទះ​ បាន​សំណូមពរ​ដល់​អគ្គ​ស្នងកា​រង​នគរបាល​ជាតិ​ក៏ដូចជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​តុលាការ​គួរតែ​ចាត់វិធានការ​ទៅលើ​មេ​ប៉ុស្តិ៍​រូប​នេះ​ដែល​បាន​ជំរិត​ទារលុយ​ពី​ពួកគាត់​ចំនួន៤លាន​រៀល កុំ​ឲ្យ​អំពើ​ខុសច្បាប់​នេះ ​ចេះតែ​កើតមាន​មកលើ​ប្រជាពលរដ្ឋ​ក្រីក្រ​បន្តទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114