ព័ត៍មានទាន់​ហេតុការណ៏
Search

អនុវត្ត​សាលដីកា​សម្រេច​របស់​តុលាការ​កំពូល​ រឿង​ប្តឹង​ទាមទារ​ដី​កេរ្តិ៍​ពី​សង្គមចាស់​ អ្នកចាញ់​ក្តី​ស្រែកថា ​អយុត្តិធម៌​ដង្ហោយ​​រក​ការ​អន្តរាគមន៍

កណ្ដាល ​៖​ លោក ស្រ៊ុន វ៉ាន់​នាង ព្រះរាជអាជ្ញា​​​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល​ ដឹកនាំ​កម្លាំង​ចម្រុះ ​​​ចុះទៅ​អនុវត្ត​សាល​ដីកា​សម្រេច​របស់​តុលាការ​កំពូល​លេខ​៤​ដ​.​ស ចុះ​ថ្ងៃ​ទី​០៤៧​ ខែ​​វិច្ឆិកា ឆ្នាំ​២០១៩​ ​ដោយ​បាន​រឹបអូស​ដី​ទំហំ​៣០០០​ម៉ែត្រការ៉េ​ និង​ផ្ទះ​សាងសង់​ពី​ឈើ​ថ្ម​ក្រោម​មាន​ទំហំ​៨x១៥​ប្រក់​ស័ង្កសី​ទៅ​អោយ​អ្នក​ឈ្នះ​ក្តី គណៈកម្មការ​វត្ត​ដង​ទុង​ទី​១-​ឈ្មោះ អ៊ឹម ជា ​ទី​២-​ឈ្មោះ គង់​យ៉ុង​ តំណាង​ឲ្យ​ចៅអធិការ​វត្ត​ដង​ទុង​ព្រះនាម មាន ម៉ៅ។ ពេល​នោះ ​ប្រជាពលរដ្ឋ មួយ​គ្រួសារ ​បាន​នាំគ្នា ក្រាញននៀល ​និង​ស្រែក​រក​យុត្តិធម៌​ ដោយ​ទទូច​សុំ​អោយ​សម្តេច តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន និង​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេត្តា​ជួយ​រក​យុត្តិធម៌។

ការ​ចុះអនុវត្ត សាលដីកា​​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​​កក្កដា ឆ្នាំ​២០១៩​ នៅក្នុង​ភូមិ ពាម​ជំនីក ឃុំ​កំពង់​ហ្ហួង ​ ស្រុក​ពញាឮ ​ ខេត្តកណ្តាល។ ទោះបីជា​យ៉ាងណា​ការអនុវត្ត​សាល​ដីកា​​សម្រេច​ខាងលើនេះ បាន​ដោយ​ជោគជ័យ ចំណែក​អ្នកចាញ់​ក្តី និង​អ្នកភូមិ ស្រែកថា​អយុត្តិធម៌​ណាស់​។​ នៅ​ក្នុង​ការ​ចុះ​អនុវត្ត​នោះ​ ​​​​​​អភិបាលរង​ស្រុក​ មេឃុំ​មេភូមិ​ក៏បាន​ចូលរួម​នោះ​ដែរ។

តាម​សមត្ថកិច្ច​ចម្រុះ​ បានអោយដឹងថា ការ​ចុះអនុវត្ត​សាលដីកា​​​នេះ ​ធ្វើឡើង​ទៅតាម​អំណាច ​សាល​ដីកា​​ស​ម្រេច លេខ ៤២​ដ​.​ស ចុះ​ថ្ងៃទី​០៧ ខែកក្កដា​ឆ្នាំ ២០១៩​របស់​តុលាការ​កំពូល តាម​ពាក្យស្នើសុំ​របស់​ម្ចាស់បំណុល ​ដែល​បាន​ប្តឹង​ទាមទារ​ដី​កេរ្តិ៍ ពី​សង្គមចាស់ រវាង​ដើមចោទ​ទី​១- ឈ្មោះ អ៊ឹម ជា ទី​២-​ឈ្មោះ គង់​យ៉ុង ជា​គណៈកម្មការ​វត្ត​ ​​​​តំណាង​ឲ្យ​លោក​ចៅអធិការ​វត្ត​ដង​ទុង​ព្រះនាម មាន ម៉ៅ​(​ជា​ចុង​បណ្តឹង​សារទុក្ខ​) និង​ចុង ចម្លើយ ឈ្មោះ សុខ គង់​(​ជា​ម្ចាស់​បណ្តឹង​សារទុក្ខ​)​ដែល​បាន​ប្តឹងផ្តល់​គ្នា ប្រមាណ​ជិត​២០​ឆ្នាំ​មកហើយ។ លោ​សុខ គង់ ​ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំ ជា​​អតីត​មេភូមិ​នៅ​កន្លែងកើតហេតុ​ខាងលើ​ ដែលជា​ម្ចាស់​ដី និង​ជា​អ្នក​ចាញ់​ក្តី​ បាន​ឲ្យ​ដឹងថា​ការអនុវត្ត​​សាល​ដីកា​ស​ម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​ដែល​តុលាការ​ប្រគល់​ដី​របស់​គាត់​ដែល​បានរស់នៅ​តាំងពី​ឆ្នាំ ១៩៩៣​ទៅ​ឲ្យ​ទៅ​គណៈកម្មការ​វត្ត​ដង​ទុង​ទៅវិញ។

តាម​អ្នក​ចាញ់​ក្តី​បាន​ឲ្យ​ដឹង​ទៀត​ថា​ គាត់​និង​គ្រួសារ ​បាន​រស់នៅ​លើ​ដី​ទំហំ​ប្រមាណ​៣០០​ម៉ែត្រ មាន​ផ្ទះ​សង់​ពី​ឈើ ថ្ម​ក្រោម​ មាន​ទទឹង​៨​គុណ​នឹង​១៥​ ដោយ​រស់នៅ​តាំងពី​ឆ្នាំ ១៩៩៣ មក​ម្ល៉េះ​។ ​នៅ​ឆ្នាំ ១៩៩៣​ គាត់​បាន​ទិញ​ពី​ឈ្មោះ​គឹម ម៉ៃ ដោយ​បាន​ផ្ទេរ​លិខិត​ស្នាម​លក់​ទិញ​ត្រឹម​មេភូមិ​ដល់​ស្រុក​ដោយ​អាជ្ញាធរ​ដឹង​ឮ។ លុះ​នៅ​ឆ្នាំ​២០០០​ស្រាប់តែ​ឈ្មោះ អ៊ឹម ជា​ និង​ឈ្មោះ គង់ យ៉ុង គ​ណៈ​កម្ម​ការ​វត្ត​ដែល​ជា​តំណាង​ចៅអធិការ​វត្ត​ដង​ទុង​ចេញមុខ​មកប្តឹង​ទាមទារ​​យក​ដី​គាត់​ទៅវិញ។

លោក សុខ គង់ បាន​បន្ត​ទៀត​ថា​ នៅ​ពេល​មានការ​ប្តឹង​ទាមទារ​ដី​កេរ្តិ៍​ ស្រាប់តែ​សាលាដំបូង​ខេត្តកណ្តាល ​និង​តុលាការកំពូល​ ​បាន​ចេញ​ដីកា​ ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ ឈ្មោះ អ៊ឹម ជា​ និង​សុខ​យ៉ុង​ដែលជា​គ​ណៈ​កម្ម​ការ​វត្ត ​ហើយ​ចុះមក​អនុវត្ត​ជាច្រើនលើក​មកហើយ មិនបាន​សម្រេច តែ​លើក​នេះ​ទើបបាន​សម្រេច​តែម្តង។

គួរ​បញ្ជាក់ថា កន្លងមក​លោក សុខ គង់ រួមទាំង​ក្រុមគ្រួសារ​និង​អ្នកភូមិ​ចំនួន​១៩​នាក់ ដែល​បាន​ផ្តិតមេដៃ គាំទ្រ​ធ្វើ​សាក្សី និង​ទ​ទូច​សុំ​ឲ្យ​សម្តេច តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន និង​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេ​ត្តា​​ជួយ​រក​យុត្តិធម៌ តែ​គ្មាន​ប្រសិទ្ធភាព។ នៅក្នុង​ហេតុការណ៍​នោះ ​មាន​លោក​ឈ្មោះ អ៊ឹម ជា ដែលជា​គណៈកម្មការ​វត្ត​ដង​ទុង​ដែលជា​ដើមបណ្តឹង​បាន​បក​ស្រាយ​ថា​ដី​នោះ ​ជា​ដី​វត្ត៕

ដោយ ៖ ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114