ព័ត៍មានទាន់​ហេតុការណ៏
Search

រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង​ បើក​គេច​ពី​រថយន្ត​ វ៉ា​ជែង​គ្នា​ ធ្លាក់​ពីលើ​ផ្លូវ​ចូល​ស្នាមភ្លោះ ស្លាប់​ម្នាក់​

កំពង់ឆ្នាំង ​៖​ ស្ត្រី​ម្នាក់​ បាន​ធ្លាក់​ពីលើ​រ៉ឺម៉ក​ម៉ូតូ​ស្លាប់ ដោយសារតែ​រ៉ឺម៉ក​ម៉ូតូ​ បាន​បើក​ធ្លាក់​ពីលើ​ផ្លូវ​ក្នុង​ពេល​គេច​ពី​រថយន្ត​វា​ជែង​គ្នា។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​ ព្រឹក​ថ្ងៃ​ទី ១៨​ ខែ​កក្កដា ឆ្នាំ២០១៩​ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​96 , 97 ស្ថិតនៅ​ក្នុង​ភូមិ​ផ្លូវ​វាយ ឃុំ​ស្វាយ ជ្រុំ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

​លោក សំ សុខា អធិការរង​នគរបាល​ស្រុក​រលាប្អៀរ ទទួល​ផ្នែក​ចរាចរណ៍ បាន​និយាយ​ឲ្យ​ដឹង​ថា​ ៖​តាម​ការពិនិត្យ​ស្លាកស្នាម នៅ​កន្លែងកើតហេតុ និង​ការបញ្ជាក់​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ ក្នុងពេល​កើតហេតុ ​រ៉ឺម៉ក​ម៉ូតូ​ខាងលើ គ្មាន​ស្លាកលេខ​ បាន​បើកបរ​ដឹក​ស្ត្រី​ជា​អ្នក​ជំងឺ​ម្នាក់​ ធ្វើដំណើរ​ពី​ទិសខាងកើត​ទៅ​ខាង​លិច។ លុះ​មកដល់​ចំណុចកើតហេតុ ​ក៏​ស្រាប់តែ​បានគេច​ពី​រថយន្ត ២​គ្រឿង​ដែល​បាន​វ៉ា​ជែង​គ្នា​ចូល​ចំណែក​ផ្លូវ​របស់គាត់ បណ្ដាល​ឲ្យ​រ៉ឺម៉ក​ម៉ូតូ​គេច​ពី​គ្រោះថ្នាក់​ធ្លាក់​ពីលើ​ផ្លូវជាតិ ជ្រុល​ចង្កូត​ចូលទៅក្នុង​ស្នាមភ្លោះ ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ជិះ​នៅ​លើ​រ៉ឺម៉ក​ម៉ូតូ​ផ្ងារ​ក្រោយ ធ្លាក់​មក​ដី​របួសធ្ងន់និង​បាន​ស្លាប់​នៅ​ពេល​ដឹក​តាមផ្លូវ​មកកាន់​មន្ទីរពេទ្យ។

ក្រោយពេល​កើតហេតុ​ អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើនេះ​ បាន​រត់​គេចខ្លួនបាត់។ ចំណែក​ស្ត្រី​រងគ្រោះ​ ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ហៅ​រថយន្ត​ពេទ្យ ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​ជួយសង្គ្រោះ តែ​ជា​អកុសល​គាត់​បាន​ស្លាប់​ពេល​កំពុង​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត។​

សព​ស្ត្រី​រងគ្រោះ ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ កំពុង​តម្កល់ទុក​ក្នុង​មន្ទីរពេទ្យ​បង្អែក ខេត្ត​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​រ៉ឺម៉ក​ម៉ូតូ​ខាង​លើ​នេះ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់៕

ដោយ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114