ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​បណ្ឌិត​សួង ​ណ​យ​ ជិះ​យន្តហោះ​ពី​ប្រទេស​ជប៉ុន​ មក​បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​ចលនា​ភូមិ​១​ ផលិតផល​១​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​

បន្ទាយមានជ័យ​ ៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ លោក​បណ្ឌិត​សួង ​ណ​យ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ លោ​ហ្វិ​សេ​ម៉ា​កូ​តូ ប្រធាន​គម្រោង​របស់​មូលនិធិ​ស៊ីសេ​ហ្វ​ អម​ដំណើរ​ជាមួយ​សមាជិក​ជា​ច្រើន​នាក់​ទៀត​ បាន​ជិះ​យន្តហោះ​ពី​ប្រទេស​ជប៉ុន​ មក​បើក​សិក្ខាសាលា​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​ចលនា​មួយ ​ផលិតផល​មួយ និង​ការលើក​កម្ពស់​ព័ត៌មានវិទ្យា ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការ​គ្រប់គ្រង​សហគ្រាស​ និង​ការ​ផ្តួចផ្តើម​ឲ្យ​ស្ត្រី​ប្រើប្រាស់​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន​វិទ្យា​ក្នុង​ចលនា ភូមិ​មួយ​ផលិតផល​មួយ​ដែលមាន​ការចូលរួម​មន្ត្រី​ជាន់ថ្នាក់​ខេត្ត លោកស្រីរ​ស់ សុ​ផានី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ដុំ ​វណ្ឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លោក​យឹម ​លី ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត និង​សិក្ខាកាម​មកពី​មូលដ្ឋាន​ជា​ច្រើន​នាក់​។

​លោក​បណ្ឌិត​សួង​ ណ​យ​ បាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​នោះ​ថា ​ភូមិ​មួយ​ផលិតផល​មួយ ​គេ​សំដៅលើ​របស់​ខ្មែរ​ដែល​ខិតខំ​ផលិត​បាន​នៅក្នុង​ស្រុក។ ក្នុង​សិក្ខាសាលា​នោះដែរ​ គេ​បានដាក់​តាំងនៅ​មុខទំនិញ​ ដែល​ផលិត​ក្នុងស្រុក​មាន​១០​មុខ​មាន ស្រា​អំពៅ ទឹកឃ្មុំ​ធម្មជាតិ​បុប្ផា​អង្គរ ប្រេងកូឡា និង​ប្រេងខ្យល់ ណែម ចាហួយត្នោត ទឹក​សារ៉ូ ទឹកត្រី​ និង​ទឹកស៊ីអ៊ីវ ម្សៅ​ខ្សាយ​សម្រាប់​ធ្វើ​នំ ដូង​ក្រអូប និង សូត្រ​ខ្មែរ​។​

លោក​បណ្ឌិត​សួង ​ណ​យ​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ផលិតផល​ខ្មែរ គឺជា​ផ្នែក​មួយ នៃ​គោល​នយោបាយ​អភិវឌ្ឍន៍​ទីផ្សារ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​ដាស់​ពញ្ញាក់​ស្មារតី​ប្រជាជន​ខ្មែរ ឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​ និង​បានរួម​ចំណែក​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក និង​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន​ជូន​ប្រជាជន តាមរយៈ​ការផ្ដល់​នូវ​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ ដល់​ផលិតករ​ក្នុងប្រទេស សំដៅ​ធ្វើយ៉ាងណា​ផលិត​នូវ​ទំនិញ​ដែលមាន​គុណភាព​ខ្ពស់ មាន​អនាម័យ និង​មាន​សុវត្ថិភាព​គ្រប់គ្រាន់ អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស​បាន​។

លោក​បណ្ឌិត​សួង​ ណ​យ ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ កន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​ព្រឹត្តិការណ៍​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​យ៉ាង​គគ្រឹកគគ្រេង ហើយ​ក្រសួងពាណិជ្ជកម្ម បាន​កំណត់​យក​ខេត្ត​ចំនួន​៦​រួមមាន ខេត្ត​កណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រៃវែង កោះកុង និង​រាជធានី​ភ្នំពេញ ជា​កន្លែង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​។​

លោក ដុំ​ វណ្ឌី​ បាន​មានប្រសាសន៍ថា ​ក្នុងនាម​លោក ​ជា​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ​លោក​យល់ឃើញថា តាមរយៈ​សិក្ខាសាលា​នេះ​ ការ​ជំរុញ​ពង្រឹង​ចលនា​ភូមិ​១​ផលិតផល​មួយ​មាន​សារសំខាន់​ណាស់ ហើយ​បាន​ផ្លែផ្កា​មួយចំនួន​ដូចជា ស្ទាបស្ទង់​ពី​សេចក្តីត្រូវការ​របស់​អតិថិជន​ក្នុងការ​ប្រើប្រាស់​ផលិតផល​បង្ហាញ​ពី​ស្នាដៃ​ នៃ​ការបង្កើត​ថ្មី ​នៃ​ផលិតផល​ ដែល​ខ្មែរ​យើង​អាច​ធ្វើបាន​ និង​ការទំនាក់ទំនង ​និង​ដៃគូ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​រវាង​វិស័យ​ឯកជន​ និង​រដ្ឋ ផងដែរ​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ រាជរដ្ឋាភិបាល​កម្ពុជា នៅក្រោម​ការដឹកនាំ​រប​ស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុក​វិស័យ​ឯកជន គឺជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុងន័យនេះ​ក្រសួងពាណិជ្ជកម្ម ក៏​ជា​ផ្នែក​មួយ​ដែល​បានដាក់​ចេញ​នូវ​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​សំខាន់ៗ ដើម្បី​គាំទ្រ និង​ធានា ដល់​ការលូតលាស់ ​នៃ​វិស័យ​ឯកជន​។​

​ដើម្បី ជំរុញ ​និង​លើកស្ទួយ​ផលិតផល​ខ្មែរ នៅលើ​ទីផ្សារ​ក្នុងប្រទេស និង​អន្តរជាតិ​លោក​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ងាក​មក​គាំទ្រ​ផលិតផល​ជាតិ កាន់តែ ច្រើនឡើងៗ ប្រសិនបើជា​ផលិតករ និង​សហគ្រិន​យើង​អាច​ធ្វើបាន ព្រោះនេះ​គឺជា​កត្តា​សត្យានុម័ត នៃ​ការប្រកួត ប្រជែង​ទីផ្សារសេរី ដែល​យើងទាំងអស់គ្នា​ត្រូវតែទទួលស្គាល់​។​ដូច្នេះ លោក​បាន​អំពាវនាវ​ឲ្យ​ពាណិជ្ជករ អាជីវករ ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែមទៀត​លើ​ការពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​របស់ខ្លួន ហើយ​សូម​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាជន​កម្ពុជា​ទាំងឡាយ សូម​បន្ត​គាំទ្រ​ផលិតផល​ខ្មែរ​ថែម​ទៀត ​ព្រោះ​បើ​ចង់​ឲ្យ​ផលិតផល​ជាតិរស សូម​កុំ​ឆ្ងាញ់​តែ​រសជាតិ​ផលិតផល​បរទេស​ពេក​៕

ដោយ ៖ គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114