ព័ត៍មានទាន់​ហេតុការណ៏
Search

ទិវា​មច្ឆជាតិ​១​កក្កដា​២០១៩​នេះ​ ខេត្ត​ស្វាយរៀង ​លែង​កូន​ត្រី​ពូជ​ចំនួន​១០០០០០​ក្បាល​ ក្នុង​ទន្លេ​វ៉ៃ​គោ

ស្វាយរៀង ​៖ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ២​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​ លោក​ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​មច្ឆជាតិ ០១ កក្កដា ២០១៩​នេះ នៅ​បរិវេណ​មាត់ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ដែល​សហការ​រៀបចំ​ដោយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​អង្គការ​សន្តិ​សេនា និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ប្រធាន មន្ទីរ​-​អង្គភាព​នានា លោក​អភិបាលក្រុង​ស្វាយរៀង យុវជន ស​.​ស​.​យ​.​ក​.​ខេត្ត យុវជន​កាកបាទក្រហម​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុប​វត្តមាន​ចំនួន៤៥០​នាក់។

លោក​អភិបាលខេត្ត មានប្រសាសន៍​សំណូមព​រ​ដល់​ប្អូន​ប្រជាពលរដ្ឋ​នូវ កុំ បីយ៉ាង គឺ កុំ​ទី​១ កុំ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ក្នុងការ​នេសាទ ដូចជា​ឧបករណ៍​ឆក់ និង​ស្បៃ​មុង កុំ​ទី​២ កុំ​ចាប់​ត្រី​ក្នុង​រដូវ​ហាមឃាត់ គឺ​រដូវ​ត្រី​ពង និង​កុំ​ទី​៣​កុំ​យក​បឹង ព្រែក ប្រើប្រាស់​ខុស​ទិសដៅ ដូចជា​ចាក់​លុប​ដី និង​សាងសង់​សំណង់​ផ្សេងៗ ដែល​មិន​ត្រឹមតែ​ជា​ទង្វើ​ខុសច្បាប់ ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី និង​ប្រព័ន្ធ​ជីវចម្រុះ។

​លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​អង្គភាព​ពាក់ព័ន្ធ ចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ចលនា​​ លែង​កូន​ត្រី​ឲ្យ​បាន​គ្រប់​ទីកន្លែង​នៅ​មូលដ្ឋាន ឲ្យ​ក្លាយ​ជា​ប្រពៃណី​ លែង​កូន​ត្រី ដើម្បី​បង្កើន​ផល​ត្រី​ឲ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ។ ដើម្បី​ផ្សារភ្ជាប់​នឹង​ឱកាស​ទិវា​មច្ឆជាតិ​នេះ​ លោក​អភិបាលខេត្ត ក៏បាន​ផ្ដល់​កិត្តិយស​លែង​កូន​ត្រី ចំនួន​១០០.០០០​ក្បាល ទៅ​ក្នុង​ទន្លេ​វ៉ៃ​គោ​ផង​ដែរ៕

ដោយ ៖ ម៉ៅ គឹមសេង​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114