ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ ចែក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ជូន​ពលរដ្ឋ​ភូមិ​ចុង​ព្រែក​សង្កាត់​ព្រែក​ឯង​

ភ្នំពេញ ៖ លោក ចេង​ មុនី​រ៉ា អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ និង ​លោក ប៊ិន​ សូ​ឈី អនុប្រធាន​មន្ទីរ ដ​.​ន​.​ស​.​ស រាជធានី​ភ្នំពេញ ​លោក លឹម ​ពី ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ចុង​ព្រែក​សង្កាត់​ព្រែក​ឯង ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៧​កក្កដា ក្នុង​បរិវេណ​វត្ត​ព្រែក​ឯង​។

លោក ចេង ​មុនី​រ៉ា បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ខ្ញុំ​មាន​ក្តី​រីករាយ​ដោយ​បាន​ការអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ឲ្យ​សាលា​ខណ្ឌ​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី​រាជធានី​ភ្នំពេញ រៀបចំ​ពិធី​ចែក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ម្ចាស់​ក្បាល​ដី ក្នុង​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង នា​ឱកាស​នេះ​ តាម​កម្មវិធី​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​កំណត់​។​

ជួសមុខ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ទាំងអស់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្ដម ជា ​សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង ឯកឧត្ដម ឃួ​ង ​ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ជំរុញ និង​ជួយ​ដោះស្រាយ​រាល់​កង្វះខាត និង​បញ្ហា​ប្រឈម​មួយចំនួន​ធ្វើ​ឲ្យ​ការងារ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ដំណើរការ​ដោយ​រលូន និង ​សម្រេច​បាន​ជោគជ័យ ចាប់តាំងពី​ពេល​អនុវត្ត​គម្រោង​រហូតដល់​បច្ចុប្បន្ន​។ ​ហើយ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​មន្ត្រី​ជំនាញ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ពី​ការនឿយហត់ ប្រកបដោយ​ឆន្ទៈ​ទទួលខុសត្រូវ​។

លោក ចេង​ មុនី​រ៉ា បាន​មានប្រសាសន៍ថា​សង្កាត់​ព្រែក​ឯង បាន​ចាប់ផ្ដើម​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ឆ្នាំ​២០១៥ នៅ​ភូមិ​របោះ​អង្កាញ់ ហើយ​យើង​បាន​ធ្វើ​ពិធី​ចែក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​នេះ ​ជូន​បងប្អូន​នៅ​ភូមិ​របោះ​អង្កាញ់ ចំនួន​១៦៦៦​ប័ណ្ណ រួចមកហើយ​។ ​ហើយ​ថ្ងៃនេះ​យើង​បានរៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ម្ចាស់​ក្បាលដី​នៅ​ភូមិ​ចុង​ព្រែក សរុប​ចំនួន​៨៩៨​ប័ណ្ណ ដែល​គណៈកម្មការ​រដ្ឋ​បាល​សម្រេច​ចេញ​ប័ណ្ណ​ជូន​។​

​ទន្ទឹមនឹងនេះ ខ្ញុំ​ ក៏​សុំ​ឲ្យ​បងប្អូន​ទាំងអស់ ក្រោយពី​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ពី​មន្ត្រី​រដ្ឋបាល​សុរិយោដី ត្រូវ​ចេះ​ថែរក្សា​ទុកដាក់​ឲ្យ​បាន​គង់វង្ស ជៀសវាង​ការបាត់បង់ ពីព្រោះ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​នេះ គឺជា​ឯកសារ​ដ៏​មាន​សារៈសំខាន់ ដែល​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់ នៃ​អចលនទ្រព្យ​របស់​បង​ប្អូន ហើយ​មិន​ត្រឹមតែ​ធានា​នូវ​សុវត្ថិភាព​ដីធ្លី​របស់​បង​ប្អូន​ប៉ុណ្ណោះ​ទេ ប័ណ្ណ​នេះ ​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​តាម​តម្រូវការ​របស់​បងប្អូន​ដូចជា អាច​យក​ទៅ​ដាក់​ធានា​បំណុល​នៅ​តាម​សេវា​ធានា​គារ ឬ សេវា​ផ្សេងៗ​ ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​ច្បាប់ ឬ ធ្វើ​អំណោយ ឬ លក់ដូរ​ជាដើម​.។​..ល​។​

ក្នុងឱកាស​នេះដែរ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​ក្បាលដី​ដែល​ត្រូវ​ទទួល​ប័ណ្ណ ហើយ​ពុំបាន​ចូលរួម​នា​ព្រឹក​នេះ សូម​អញ្ជើញ​មក​ទទួល​ពី​មន្ត្រី​រដ្ឋបាល​សុរិយោដី​របស់​យើង ​ដែល​ប្រចាំ​ការ​ក្នុង​វត្ត​ព្រែក​ឯង​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៩ លើកលែង​ថ្ងៃ​ឈប់សម្រាក ផុត​រយៈ​ពេលនេះ បងប្អូន​ត្រូវ​ទៅ​ទទួលយក​នៅ​មន្ទីរ​រៀបចំ​ដែនដី​នគ​រូ​នីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ក្នុង​នេះដែរ ​ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី (​ហៅថា​ប័ណ្ណ​ស្លាប​មាន់​) និង ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​កន្លងមក ក្នុង​តំបន់​នេះ ត្រូវ​អស់​សុពលភាព តាម​ផ្លូវ​ច្បាប់​ចាប់ពី​ថ្ងៃ​ចែក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​នេះ​ទៅហើយ ដូច្នេះ​បើ​បងប្អូន​ណា​ដែល​មាន​ប័ណ្ណ​ដី​ប្រភេទ​ដូច​បាន​ជម្រាប​ខាងលើនេះ ត្រូវ​យកមក​ប្រគល់​ឲ្យ​​មន្ត្រី​រដ្ឋបាល​សុរិយោដី ដើម្បី​ទទួលយក​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ថ្មី​ជំនួស​វិញ ដូចដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​៕​

ដោយ ៖ ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114