ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire​ជុំ​ទី​២ ៖ ឆៃ សា​រ៉ា ជួប​ថៃ ឈូក ណាំ​ឆៃ​,​វង្ស វិឆ័យ ជួប​អូស្ត្រាលី ដា​រិ​ន ចិន

ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire បាន​ឈានដល់​វគ្គ​ប្រកួត​ជម្រុះ​ជុំ​ទី​២ ឬ​វគ្គ​៨​នាក់​ចុងក្រោយ​ហើយ នា​ព្រឹក​ថ្ងៃទី​២១​ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍។​

​អ្នកចាញ់​ គឺ​ ធ្លាក់ ឯ អ្នកឈ្នះ ​គឺ​ឡើងទៅ​ប្រកួត​បន្ត​នៅ​វគ្គ​៤​នាក់​ចុងក្រោយ។ ការប្រកួត​សប្ដាហ៍​នេះ គឺមាន​២​គូ ហើយក៏​ត្រូវមាន​២​រូប​ហាលអាវ និង​២​រូប​ឡើងទៅ​ជុំ​ទី​៣​ដែរ។​

​ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈូក ណាំ​ឆៃ​(Chhuok Namchhai)។ ឈូក ណាំ​ឆៃ​កាលពី​ជុំ​ទី​១​គេ​ទម្លាក់​ហេង សំរាំង​ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្ត​បាត់ដំបង​ដោយ​វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​២។ ចំពោះ​សា​រ៉ា ​វិញ គេ​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ហ្វា មេ​ឆៃ​(Fa Mechhai)​នៅក្នុង​ទឹក​ទី​៤។​

​នេះ​ជា​ជំនួប​រវាង​អ្នកឈ្នះ ​និង​ អ្នកឈ្នះ​ដូចគ្នា ហេតុនេះ​ការប្រកួត​ពិតជា​កាន់តែ​កក្រើក​ជាង​កាលពី​ជុំ​ទី​១​ហើយ ព្រោះ​ទាំងសងខាង​សុទ្ធតែ​ត្រូវការ​ឡើង​ទៅ​ជុំ​ទី​៣​ដូចគ្នា។​

​ឆៃ សា​រ៉ា​ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៦​លើក ឈ្នះ​៧៨​លើក ចាញ់​១៦​លើក ស្មើ​ពិន្ទុ​២​លើក និង ​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​២១​លើក។ ចំពោះ​អ្នក​ប្រដាល់​ថៃ​ឈូក ណាំ​ឆៃ​វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦៦​លើក ចាញ់​១២​លើក​ ស្មើ​ពិន្ទុ​១​លើក។ រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងពីរ​នាក់​នេះ ពុំ​ដឹងថា​ នរណា​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​២​នេះ​ទេ?​។​

​ចំពោះ​ការប្រកួត​មួយគូ​ទៀត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ វង្ស វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​អូស្ត្រាលី ​ដា​រិ​ន ចិន​(Darin Chen)។​

តាមពិត​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ធ្លាប់​ជួប​គ្នា​ម្ដង​ហើយ​ក្នុង​ជំនួប​ជា​មិត្តភាព ដែល​កាលនោះ ​វិឆ័យ​ឈ្នះ​ដោយ​ពិន្ទុ។ សម្រាប់​ជំនួប​លើក​នេះ អ្វីៗ​អាច​នឹង​ប្រែប្រួល​ព្រោះ​កាលពី​ប្រកួត​នៅ​ជុំ​ទី​១ ​អ្នក​ប្រដាល់​អូស្ត្រាលី​រូបនេះ ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ធី តុង​ហ៊ី ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ។ ចំណែក វិឆ័យ គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​ម៉ារ​ទីន​(Martin)​នៅក្នុង​ទឹក​ទី​២​ប៉ុណ្ណោះ​។

វង្ស វិឆ័យ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៣​លើក ឈ្នះ​៣៨​លើក ចាញ់​៥​លើក រីឯ ដា​រិ​ន ចិន​វិញ​ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៨​លើក ឈ្នះ​២១​លើក និង​ចាញ់​៧​លើក។ ចាំមើល តើន​រណា​ប្រជែង​បាន​កៅអី​សម្រាប់​ជុំ​ទី​៣​នោះ?។​

សូម​រម្លឹកថា ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​មេដាយមាស​ Boostrong ​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៨រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​និង​អឺរ៉ុប​អាស៊ី​៨​រូប ដើម្បី​វាយ​ដណ្តើមយក​មេដាយមាស​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​Boostrong ទម្ងន់​៦៩​គីឡូក្រាម។​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​៥​រូប​ក្នុងចំណោម​៨​រូប ដែល​បាន​ខ្ទាត​ចេញ​ក្រោយ​បញ្ចប់​ជុំ​ទី​១​នោះ គឺ​១.​ទេស សំខាន់ ក្លិប​កងពលតូច​លេខ​៧០ ,២.​ហេង សំរាំង ក្លិប​ព្រៃទទឹង​កីឡា​ខេត្ត​បាត់ដំបង ,៣.​ធឿន វិ​ថា​ត់ ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង​វែង, ៤.​ន​ន់ ជំនិត ក្លិប​នាគរាជ​មានជ័យ ,៥.ធី តុង​ហ៊ី ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ។​

ចំពោះ​អ្នក​ប្រដាល់​បរទេស​៣​រូប ក្នុងចំណោម​៨​រូប​ ដែល​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​ដែរ​នោះ រួមមាន ១.​ហ្វា មី​ឆៃ (​ថៃ​) ២.​ម៉ា​ទីន (​អ៊ីរ៉ង​)​ និង ៣. រ៉ួ​ន ស៊ី​អា​ហ៊ួ (​ចិន​) ។​ឯ​៥​រូប ដែល​នៅ​ប្រកួត​ក្នុង​ជុំ​ទី​២​នេះ មាន ១.​ឈួ​ក ណាំ​ឆៃ​(​ថៃ​) ,២.​ហ្វា មី​ឆៃ (​ថៃ​) ,៣.​កា​ហ្វា​រី (​អ៊ីរ៉ង​) ,៤.​ម៉ា​ទីន (​អ៊ីរ៉ង​) ,៥.​ដា​រី​ន ចិន​(​អូស្ត្រា​លី​)៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114