ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ូច ធា​រិ​ទ្ធ ជួប ថា​ណាក់​ភុល ឯ ឡាំ កូស៊ីន ជួប ស៊ា​ង ​ស៊ូ​រី​យ៉ាក់ លើ​ស​ង្វៀន​វ៉ើ​ក​បាយ័ន​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ និង​ឡាំ កូស៊ីន អ្នក​ប្រដាល់​ក្លិប​សៅ​យ៉ាន់​នាគា​ខេត្ត​បន្ទាយមានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នា​យប់​ថ្ងៃ​សៅរ៍​ ទី​២០ ខែ​កក្កដា​ ឆ្នាំ​២០១៩​នេះ នៅ​លើ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមានជ័យ។​

​អ៊ូច ធា​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះថា​ណាក់​ភុល ធី​មឿង​លុយ​(Thanakphol Tiemuengluey)​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ហើយ​ឡាំ កូស៊ីន ជួប ស៊ា​ង​ស៊ូ​រី​យ៉ាក់ ហ្លូ​កបាក់​មី​គាវ (Saengsuriyak Flukbakmikeaw) ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។

​អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ និង ថា​ណាក់​ភុល អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ដូច្នេះ​ការជួបគ្នា​លើក​នេះ ជាការ​លើក​ទី​១​របស់​ពួកគេ​ទាំងពីរ​នាក់​នេះហើយ។ ហើយ​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នេះ ពុំ​មិនដឹងថា អ្នកណា​ជា​អ្នក​ឈ្នះ​នោះឡើយ?។

​អ៊ូច ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​២៩​លើក និង​ឡាវ​១​លើក​ហើយ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី៣០ ​ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​កាលពី​ថ្ងៃទី​២១​ ខែ​មិថុនា​ឆ្នាំ​២០១៩​កន្លងទៅនេះ គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ កាំ​ឡៃ​យុគ ក​.​រ៉ុ​ម​ស៊ី​ថង ដោយ​ពិន្ទុ។​

​ធា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៧៩​លើក ក្នុងនោះ​វាយ​ឈ្នះ​៦២​លើក ចាញ់​១៥​លើក និង​ ស្មើ​០២​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ធា​រិ​ទ្ធ អាច​យកឈ្នះ​ថា​ណាក់​ភុល បាន​ឬក៏​អត់​នោះ​ទេ​?។​

​ថា​ណាក់​ភុល គេ​ក៏​ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​កណ្តាប់ដៃ​ល្អ និង​ខ្លាំង។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១១​លើក និង ស្មើ​០១​លើក​។ ​ចាំមើល រវាង​អ៊ូច ធា​រិ​ទ្ធ​និង​ថា​ណាក់​ភុល ធី​មឿង​លុយ តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​លើកដំបូង​នេះ​?​។​

​ចំពោះ ឡាំ កូស៊ីន ដែលជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​មកពី​ក្លិប​សៅ​យ៉ាន់​នាគា​ខេត្តបន្ទាយមានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ស៊ា​ង​ស៊ូ​រី​យ៉ាក់ ហ្លូ​កបាក់​មី​គាវ (Saengsuriyak Flukbakmi keaw) ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។​

​ស៊ា​ង​ស៊ូ​រី​យ៉ាក់ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ដែល​មក​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក។ តែ​សម្រាប់​ឡាំ កូស៊ីន អ្នក​ប្រដាល់​កម្ពុជា​យើង​ជា​លើក​ទី​១​ប៉ុណ្ណោះ ដែល​មក​ប្រកួត​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​នេះ។​

​កូស៊ីន ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នា​ក់នៅ​កម្ពុជា។ គេ​មាន​កណ្ដាប់ដៃ និង​ជង្គង់​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ ​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។ ហើយ​អ្នក​ប្រដាល់​រូបនេះ មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ និង​ស៊ូ​ចំពោះ​ការប្រកួត។ នេះ​បើ​តាម​គ្រូ​បង្វឹក​របស់​គេ​ឲ្យ​ដឹង។

​ឡាំ កូស៊ីន គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ វាយ​មិន​សំចៃ​ដៃ​ឡើយ​។ ប៉ុន្តែ​យ៉ាងណា កូស៊ីន មិន​អាច​មើលស្រាល​ស៊ា​ង​ស៊ូ​រី​យ៉ាក់​បានទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ក៏មាន​ផ្លែ​ល្អ និង​កលល្បិច​ខ្ពស់​ផងដែរ​។​

​ស៊ា​ង​ស៊ូ​រី​យ៉ាក់ ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ​។ បើតាម​ដំណឹង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ប្រកួត​បាន​៧៧​លើក ឈ្នះ​៦៤​លើក ចាញ់​១៣​លើក មិនដែល​ស្មើ។ ចាំមើល ឡាំ កូស៊ីន តើ​គេ​អាច​យកឈ្នះ ស៊ា​ង​ស៊ូ​រី​យ៉ាក់ ហ្លូ​កបាក់​មី​គាវ បាន​ឬ​អត់​?។​

​ចំពោះ​ការប្រកួត​សន្សំ​ប្រា​ក់លាន​វិញ កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ កូយ ឡាយ ធ្លាប់​ឈ្នះ​ម្តង​ហើយ ក្នុងការ​ប្រកួត​សន្សំ​ប្រាក់​លាន​នេះ តែ​សម្រាប់​នូវ ដា​រ៉ូ វិញ គេ​ទើបតែ​ចូលរួម​ក្នុងការ​ប្រកួត​សន្សំ​ប្រា​ក់លាន​នេះ​លើកដំបូង​ប៉ុណ្ណោះ។

​នូវ ដា​រ៉ូ បើ​អាច​ឈ្នះ​កូយ ឡាយ បាន​លើក​នេះ នឹង​បាន​ប្រាក់​សន្សំ ហើយក៏​នឹង​បញ្ចប់​ការប្រកួត​របស់​កូយ ឡាយ ត្រឹមហ្នឹង​ផងដែរ​។ ប៉ុន្តែ​យ៉ាងណា នូវ ដា​រ៉ូ មិនដឹងថា​អាច​យកឈ្នះ​កូយ ឡាយ បាន​ឬ​អត់​នោះទេ?៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114