ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រតិភូ​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី ​មក​សិក្សា​ពី​សក្ដានុពល​សេដ្ឋកិច្ច ដើម្បី​វិនិយោគ​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖ លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់ថា កម្ពុ​ជា​មាន​កិត្តិយស​ដោយ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី និង​វិនិយោគិន មក​សិក្សា​ពី​សក្ដានុពល​សេដ្ឋកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ដោយ​សារ​តែ​កម្ពុជា​រក្សា​បាន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​៧%។​

​លោក​ឧកញ៉ា​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស រួមជាមួយ​នឹង​សមាជិក​រដ្ឋសភា​ផងដែរ​នោះ បានបញ្ជាក់​បែបនេះ ខណៈ លោក​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ ប្រតិភូ​សភាពាណិជ្ជកម្ម​ម៉ាឡេស៊ី ដឹក​ដោយ លោក Dato Seri Syed Hussien Alhabashee សមាជិក សភាពាណិជ្ជកម្ម​ម៉ាឡេស៊ី និង​ជា​អគ្គនាយក​ក្រុម ប្រឹក្សា​សាសនា​ឥស្លាម​រដ្ឋ​សហព័ន្ធ​ម៉ាឡេស៊ី (MAIWP) កាលពី​រសៀល​ថ្ងៃ​ពុធ ១​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក​ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៏​មុ​ស្លី​ម​កម្ពុជា។​

​លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់ថា ជំនួប​នេះ ក្នុង​គោលបំណង ពិភាក្សា ធ្វើ​ភាគី​កម្ពុជា ម៉ាឡេស៊ី ដើម្បី​ស្វែង យល់​អំពី​សក្ដានុពល​សេដ្ឋកិច្ច​ និង​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​គ្រប់​វិស័យ ក្នុងនោះ​រួមមាន វិស័យ​អចលនទ្រព្យ វិស័យ​សណ្ឋាគារ ទេសចរណ៍ ព័ត៌មានវិទ្យា វិស័យ​អប់រំ និង​វិស័យ​សំ​ខា​ន‌់ៗ​ផ្សេងៗ​ទៀត​។ ដោយសារ​កម្ពុជា​រក្សា​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​បាន​៧%។​

​លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់ថា ក្រោម​គោល​នយោបាយ​អភិវឌ្ឍន៍រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​អត្រា​ជាង ៧% ប្រចាំឆ្នាំ ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​។​

​លោក​បន្ដថា កម្ពុជា​ស្វាគមន៍ និង​បើកទូលាយ​ទទួល​រាល់​ការវិនិយោគ​ទាំងអស់ ហើយ​កម្ពុជា​ក៏មាន​ធនធាន​គ្រប់គ្រាន់ និង​មាន​លក្ខណៈ​អំណោយផល​ទាំង​ភូមិសាស្ត្រ និង ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម ដែលជា​កត្តា​ចម្បង ធានាបាន​នូវ​សុវត្ថិភាព​ក្នុង​ការងារ​វិនិយោគ និង​គ្មាន​ហានិភ័យ ណាមួយ​កើតឡើង​ចំពោះ​អ្នកវិនិយោគទុន នៅ​កម្ពុជា ទាំង​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ដើម្បី​ជា​ចំណងដៃ ​នៃ​ការ​ទំនាក់ទំនង​ដំបូង ​លោក សៃ​យិ​ត ហូ​ស្សេន អាល់​ហា​បា​ហ្ស៊ី (Dato Seri Syed Hussien Alhabashee )​សមាជិក​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី និង​ជា​អគ្គនាយក​ក្រុមប្រឹក្សា​សាសនា​ឥស្លាម​រដ្ឋ​សហព័ន្ធ​ម៉ាឡេស៊ី (MAIWP) ក៏បាន​សន្យា​ដោយ​ឥត​លក្ខខណ្ឌ​ជាមួយ​កម្ពុជា​ និង​ផ្តល់​អាហារូបករណ៍ ដល់​សិស្ស​និស្សិត​កម្ពុជា​ចំនួន​២​រូប ដើម្បី​ទៅ​សិក្សា​វគ្គ​ខ្លី​នៅឯ​ប្រទេស​ម៉ាឡេស៊ី​រយៈពេល​២​ឆ្នាំ លើ​មុខជំនាញ​សំខាន់​មួយចំនួន ក្នុងនោះ​មាន​ជម្រើស ផ្នែក​ជំនាញ​ស្ថាបត្យកម្ម អគ្គិសនី ចុងភៅ កុំព្យូទ័រ កាត់ដេរ និង វិទ្យាសាស្ត្រ​កុំព្យូទ័រ ជាដើម​។​

​ការចំណាយ​លើ​ការសិក្សា​ខាងលើ រួម​មានការ​ស្នាក់នៅ ហូបចុក ធានារ៉ាប់រង វី​សា និង​ថវិកា​ហោ​ប៉ៅ​ជាដើម គឺជា​ការ រ៉ាប់រង​១០០​ភាគរយ​របស់​(MAIWP)​ម៉ាឡេស៊ី​ទាំងស្រុង តែម្ដង​៕

ដោយ ៖ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114