ព័ត៍មានទាន់​ហេតុការណ៏
Search

ឆក់​ខ្សែ.ក​ បានសម្រេច ​តែ​រត់អត់​រួច ត្រូវ​ពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់​ឡើង​ទ្រម​ខ្លួន​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន ​រួច​នាំគ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម​ខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ បន្ទាប់ពី​ជនសង្ស័យ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ម្នាក់ឯង​ឆក់​ខ្សែ.ក​ ពី​ជនរងគ្រោះ​ទាំង​ព្រឹក។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៨ ​ខែ​កក្កដា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​៦​និង​៣០​នាទី ​នៅ​ចំណុច​មុខ​ផ្ទះ​សំណាក់​កា​កា​ ផ្លូវ​បេតុង ​ក្រុម​១១​ ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ សាមុត វី​រះ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​មុខរបរ​គ្មាន​ ស្នាក់​នៅ​ផ្ទះ​គ្មាន​លេខ​ ក្រុម​៧​ ភូមិ​ដើម​ខ្វិត​ សង្កាត់​ទួល​សង្កែ​ទី​១ ​ខណ្ឌ​ឫស្សីកែវ ដោយ​ជន​នេះ​មាន​សារធាតុ​ញៀន​ផងដែរ។​

រីឯ​ជនរងគ្រោះ​ឈ្មោះ​គ្រុយ ណា​ឃិន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​២២២​ផ្លូវលំ​ក្រុម​៣ ​ភូមិ​ស្ពាន​ខ្ពស់ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សីកែវ។​

សមត្ថកិច្ច​ឲ្យ​ដឹងទៀតថា សម្ភារៈ​ដកហូត​រួមមាន​

១.បន្តោង​ខ្សែក​១​ខ្នាយ​ជ្រូក​ បាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​។​

២.ម៉ូតូ​ម៉ា​កនិច​១​គ្រឿង​ ពណ៌ស ​ពាក់​ស្លាក​លេខ​ភ​-​ព​1BQ-7660​ លេខ​ម៉ាស៊ីន​102297​ លេខ​តួ​102261​។​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ខែឆ្នាំ​ខាងលើ​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​គ្នា​២​នាក់​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ឡើង​ពី​វត្ត​ទួល​ មក​កើត​ ពេល​ជិះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ ក៏​មាន​ជនសង្ស័យ​១​នាក់​ ជិះ​ម៉ូតូ​ម៉ា​កនិច ​ពណ៌​ស​មក​ពីក្រោយ​ បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ.ក របស់​ជនរងគ្រោះ ​រួច​បាន​ជិះ​គេចខ្លួន​ក៏​ជនរងគ្រោះ​ស្រែក​ចោរៗ​បាន​ជួប​នឹង​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​បាន​ជួយ​អន្តរាគមន៍ ​ក៏​ឃាត់​ជនសង្ស័យ​បាន​នៅ​ចំណុច​ក្បែរ​ធានា​គារ​អេស៊ីលីដា​ផ្លូវជាតិ​លេខ​៥ ​ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។​

​ចំពោះមុខ​អធិការដ្ឋាន​ បាន​ស្រាវជ្រាវ​រក​បក្ខពួក​បន្ថែម​ និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិ​វិធី៕

ដោយ ៖ ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114