ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ ក្រុង​ ស្រុក​ទាំង​៦​នៅ​ខេត្ត​ស្ទឹងត្រែង​ ​រៀបចំ​យន្តការ​អភិរក្ស​ពូជ​ត្រី​នៅ​រដូវ​បិទ​នេសាទ

ស្ទឹងត្រែង ​៖ ​អាជ្ញាធរ ក្រុង ស្រុក​ទាំង​៦​នៅ​ខេត្ត​ស្ទឹងត្រែង​ បាន​រៀបចំ​យន្តការ​រួមគ្នា​ជាមួយ​មន្ត្រី​ខណ្ឌ​ជលផល​ស្ទឹងត្រែង បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆក់​ត្រី​ និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​ជា​មុខសញ្ញា​បំផ្លាញ​ធនធាន​មច្ឆជាតិ​ខ្លាំងជាងគេ ដើម្បី ការពារ​ត្រី​មេ​ពូជ​សំខាន់​នៅ​ទន្លេមេគង្គ​លើ ​ឱ្យ​​​សម្បូរបែប​ឡើងវិញ។

ក្នុងឱកាស​ផ្តល់​គ្រឿង​បរិភោគ​ជូន​ក្រុម​អភិរក្ស​ពូជ​ត្រី​ចំនួន​៣០​នាក់​នៅ​សង្កាត់​ព្រះបាទ​ក្រុង​ខេត្តស្ទឹងត្រែង​ កាលពី​ថ្ងៃទី​១៥​កក្កដា​ឆ្នាំ​២០១៩​​កន្លង​ទៅ ​លោក​ផាន់ ​យុទ្ធ​ អភិបាលស្រុក​សៀម​ប៉ាង​បាន​បញ្ជាក់ថា ​៖​ ទោះបី​អាជ្ញាធរ​មូលដ្ឋាន​ ​​ផ្សព្វផ្សាយ​ច្បាប់​ជលផល​បាន​ទូលាយ​ហើយក៏​ដោយ ជនខិលខូច​មួយចំនួន​នៅតែ​បង្ក​បទល្មើស​ឆក់​ត្រី​ទាំងថ្ងៃទាំងយប់ បំផ្លាញ​ធនធាន​មច្ឆជាតិ​ខ្លួនឯង ហើយ​នៅតាម​តំបន់​ខ្លះ​ជនសង្ស័យ​ទាំងនោះ​ បានធ្វើ​បទល្មើស​ជា​ក្រុម​ក៏មាន​ដែរ។​ ​ក្រុម​វា​ទៅ​ម្តងៗ​មាន​១០​ទូក​អី​ យើង​ល្មមៗ​ទប់​អត់​បានទេ ​អញ្ចឹង​យើង​ត្រូវ​មាន​បណ្ដាញ។

លោក​សាយ​កុសល​អភិបាលក្រុង​ស្ទឹងត្រែង​បាន​​​អះអាង​ថា ​៖ ​ករណី​នេះ ​គ្រប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​រួម​ទាំង​មន្ត្រី​សហគមន៍​នេសាទ​នៅ​មូលដ្ឋាន​មិន​បណ្ដែតបណ្ដោយ​ទេ ទោះបី​មួយ​រយៈ​កន្លង​មក​នេះ​ប្រតិបត្តិការ​យើង​ទទួល​បាន​ជោគជ័យ​ខ្លះៗ​ហើយ​ក៏​ដោយ យើង​នៅតែ​បន្ត​បង្ក្រាប​បទល្មើស​នេសាទ​នេះ​តទៅទៀត។

លោក​ទំ​នី​រ៉ូ​ប្រធាន​ខណ្ឌ​ជលផល​ខេត្ត​បាន​លើកឡើងថា​ ៖ ​ក្នុង​ប្រតិបត្តិការ​ឆ្នាំនេះ​ យើង​ទទួលបាន​បទពិសោធន៍​ល្អ ​ ​សម្រាប់​យក​ទៅ​អនុវត្ត​នៅ​ឆ្នាំ​ខាងមុខ​ទៀត ព្រោះ​បច្ចុប្បន្ន​សង្កេតឃើញ​បងប្អូន​ប្រជា​អ្នកនេសាទ​ប្រមាណ​ជាង​៨០%​ បាន​ភ្ញាក់​រលឹក​ចូលរួម​ក្នុង​ការ​អភិរក្ស​ត្រី​មេ​ពូជ​សំខាន់ៗ​ឱ្យ​សម្បូរ​បែប​ឡើងវិញ។ ក្នុង​រយៈពេល​៦៥​ថ្ងៃនេះ ប្រតិបត្តិការ​យើង​អាច​សង្គ្រោះ​ត្រី​មេ​ពូជ​គ្រប់​​ប្រភេទ​មិនតិចជាង​៣០០​តោន​ទេ តាម​ការ​សន្និដ្ឋាន​នេះ ​ក្នុង​រង្វង់​៣០០​ទៅ​៥០០​តោន ​ដែល​យើង​ជួយសង្គ្រោះ ហើយ​វា​បាន​ទម្លាក់​ពង ​​​​​​​​បាន​រាប់ពាន់​កូន ដែល​យើង​អាច​នៅសល់​ត្រី​ធម្មជាតិ​រាប់ពាន់​លាន​ក្បាល សម្រាប់​ការលូតលាស់​ធំ​ទៅ​មុខ​ទៀត។

សូម​បញ្ជាក់​ថា ​៖ ​ក្នុង​ប្រតិបត្តិការ​៦៥​ថ្ងៃនេះ ​សមត្ថកិច្ច​ជំនាញ​បាន​អប់រំ​ប្រជា​អ្នកនេសាទ​បាន​១២០០​នាក់​ឱ្យធ្វើ​កិច្ចសន្យា​ជាង​២០០​នាក់​-​ដកហូត​បាន​ទូក​ម៉ាស៊ីន​បម្រើ​បទល្មើស​ឆក់​មួយ​គ្រឿង​- មង​បាន​២៣០​ត្បូង ស្មើ​នឹង​ជាង​៥​ម៉ឺន​ម៉ែត្រ​-​យកមក​​កម្ទេច​ចោល​ដើម្បី​​ព្រមាន​ដល់​អ្នកផ្សេងៗ​ទៀត៕

ដោយ ៖ ងិន​លីម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114