ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក ​និង​ជប៉ុន ​សម្លឹង​ឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ខ្នាត​តូច

យោង​តាម​ប្រភព​ដែល​ដឹង​ច្បាស់​ការ​ បាន​លើក​ឡើង ​កាលពី​ថ្ងៃ​អង្គារ​ថា​ សហរដ្ឋអាមេរិក​ និង​ប្រទេស​ជប៉ុន ​កំពុង​ធ្វើការ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ដែល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​ និង​យានយន្ត​ ដែល​អាច​ត្រូវ​បាន​ព្រមព្រៀងគ្នា​ដោយ​លោក​ប្រធានាធិបតី Donald Trump និង​នាយករដ្ឋមន្ត្រី Shinzo Abe ក្នុងជំនួប​នៅ​ទីក្រុង​ញូវយ៉ក​នៅ​ខែកញ្ញា​ខាងមុខនេះ។

​មន្ត្រី​មកពី​ឧស្សាហកម្ម​យានយន្ត​មួយរូប​បាន​និយាយថា​កិច្ចព្រមព្រៀង​នេះ​អាច​នឹង​ពាក់​ជាមួយ​រឿង​ដែល​ប្រទេស​ជប៉ុន​នឹង​ផ្ដល់ឱ្យ​កសិករ​អាមេរិក​នូវ​សិទ្ធិ​ថ្មី​មួយទៀត​ដើម្បី​ចូលទៅក្នុង​ទីផ្សារ​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការកាត់បន្ថយ​ពន្ធ​រប​ស់​អាមេរិក​លើ​គ្រឿងបន្លាស់​យានយន្ត​មួយចំនួន​របស់​ជប៉ុន​។​ទោះជា​យ៉ាងណា​មន្ត្រី​រូបនេះ​បាន​សង្កត់ធ្ងន់ថា​កិច្ចពិភាក្សា​ទាំងនេះ​នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​។​

​កិច្ចព្រមព្រៀង​ប្រភេទ​នេះ​អាច​នឹង​ផ្ដល់ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​អា​បេ​នូវ​ជ័យជម្នះ​លើ​វិស័យ​យានយន្ត​ដែល​នឹង​ជួយ​លោក​ត្រាំ​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រជាកសិករ​ដែលជា​ផលប្រយោជន៍​ដ៏​សំខាន់​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២០​ខាងមុខ​។​

​ការបង្កើតឱ្យមាន​សិទ្ធិ​ចូលទៅក្នុង​ទីផ្សារ​ជប៉ុន​កាន់តែ​ប្រសើរឡើង​នោះ​នឹង​ជួយ​ឱ្យ​សហរដ្ឋអាមេរិក​អាច​ប្រកួតប្រជែង​ជាមួយ​សមាជិក​នៃ​កិច្ចព្រមព្រៀង​ទូលំទូលាយ​និង​វឌ្ឍនភាព​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​អូស្ត្រាលី​ព្រុយ​ណេ កាណាដា ឈី​លី ជប៉ុន​ម៉ាឡេស៊ី ម៉ិ​ក​ស៊ី​កូ នូ​វែ​ល​ហ្សេ​ឡង់​ប៉េ​រូ សិង្ហ​បុរី និង​វៀតណាម​។​

​គួរ​បញ្ជាក់ថា លោក​ត្រាំ​និង​លោក​អា​បេ​បាន​ពិភាក្សាគ្នា​អំពី​រឿង​ពាណិជ្ជកម្ម​នៅ​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន ក្នុងអំឡុងពេល​កិច្ចប្រជុំ G20 កាលពី​ខែ​មុន ប៉ុន្តែ​នៅ​មិនទាន់​ព័ត៌មាន​លម្អិត​ណាមួយ​អំពី​កិច្ចពិភាក្សា​នេះ​ត្រូវបាន​បង្ហាញ​ចេញ​នៅឡើយ​។ ដោយឡែក ទស្សនាវដ្ដី Politico របស់​អាមេរិក​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា កិច្ចព្រមព្រៀង​នេះ​អាច​នឹង​ធ្វើឡើង​ក្នុង​ខែកញ្ញា​ខាងមុខ​៕REUTERS

ដោយ ៖​ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114