ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ស្នើ​ឲ្យ​អូស្ត្រាលី​អនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ទៅ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​វិស័យ​សំណង់​នៅ​ប្រទេស​របស់ខ្លួន និង​ជួយ​បណ្ដុះបណ្ដាល​មន្ត្រី​កម្ពុជា​

​ភ្នំពេញ ​៖ ការស្នើសុំ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នេះ បានធ្វើ​ឡើង​នៅ​ក្នុ​ងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិ​បាល​អូស្ត្រាលី តាមរយៈ​លោកជំទាវ​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយ​សារ ការបាក់​រលំ​អគារ​នៅ​ព្រះសីហនុ និង​បាន​អរគុណ​រដ្ឋាភិបាល និង​ប្រជា​ប្រជាជន​អូស្ត្រាលី ចំពោះ​ជំនួយ​គាំទ្រ និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​អំឡុងពេល​ជាង​៦០​ឆ្នាំ​មកនេះ​។ ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ផងដែរ អំពី​តម្រូវការ​ជាបន្ទាន់​ក្នុង​ការ​កសាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​វិស័យ សំណង់ ដោយសារ​វិស័យនេះ កំពុងមាន​សន្ទុះ​រីកចម្រើន​យ៉ាង​លឿន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទន្ទឹមនេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បានស្នើ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា ជួយ​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​អនុញ្ញាត ឲ្យ​​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួង​ទៅ​ទស្សនកិច្ច​សិក្សា ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការគ្រប់គ្រង​សុវត្ថិភាព​លើ​វិស័យ​សំណង់ នៅ​ប្រទេស​អូស្ដ្រាលី និង​ជួយ​រៀបចំ​ជា​សិក្ខាសាលា​សម្រាប់​បណ្ដុះបណ្ដាល​មន្ត្រី​ពាក់ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើសុំ​ទីប្រឹក្សា ឬ​អ្នកឯកទេស​ពីររូប​ ម្នាក់​ជា​គ្រូ​បណ្ដុះបណ្ដាល ហើយ​ម្នាក់ទៀត ជា​ទីប្រឹក្សា​បច្ចេកទេស សម្រាប់​ប្រចាំការ​ផ្ទាល់​នៅ​ទីស្ដីការក្រសួង ដើម្បី​ជា​ជំនួយ​គាំទ្រ​ក្នុងការ​រៀបចំ និង​អនុវត្ត​បទប្បញ្ញត្តិ​បច្ចេកទេស​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នឹង​ពិនិត្យ​ពិចារណា​សំណើ​ខាងលើ បន្ទាប់ពី​ទទួលបាន​របាយការណ៍​បេសកកម្ម​ចុង​ក្រោយ​របស់​ទីប្រឹក្សាបច្ចេកទេស​។

ជាមួយគ្នានេះ លោក​ស្រី​ឯកអគ្គរដ្ឋទូត ថា​ នឹងមាន​ជំនួប​បន្ថែមទៀត ដើម្បី​ពិភាក្សា​លម្អិត​អំពី​កិច្ចសហ​ប្រតិបត្តិការ​រយៈពេល​យូរ​រវាង​ស្ថានទូត​អូស្ត្រាលី និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕

ដោយ ៖ កោះកែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114