ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​អាមេរិក​ថា​ ចង់​ពិនិត្យមើល​ទំនាក់ទំនង​របស់ Google ជាមួយ​ចិន​ឡើងវិញ

កាលពី​ថ្ងៃ​អង្គារ​នេះ​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​បាន​ថ្លែងថា​លោក​ចង់ឱ្យ​រដ្ឋបាល​រប​ស់លោក​ពិនិត្យឡើងវិញ​ថា​ក្រុមហ៊ុន Google មានបាន​ធ្វើការ​ងារ​ពា​ក់​ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ចិន​ដែរ​ឬក៏​អត់​ខណៈ​ការចោទប្រកាន់​នេះ​ត្រូវបាន​បដិសេធ​ដោយ​ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​របស់​អា​មេ​រិ​កមួយ​នេះ​។​

​លោក​ត្រាំ​បានលើកឡើង​ពី​ការកត់សម្គាល់​មិន​ត្រឹមត្រូវ​មួយ​ពី​មហាសេដ្ឋី​បច្ចេកវិទ្យា​លោក Peter Thiel ដែលថា Google បានធ្វើការ​ជាមួយ​រដ្ឋាភិបាល​ចិន​ឬ​ការបង្កើត​យោធា​។​

​មេដឹកនាំ​អាមេរិក​រូបនេះ​បាន​បង្ហោះ​សារ​នៅលើ Twitter ថា “​មហាសេដ្ឋី​បច្ចេកវិទ្យា​Peter Thiel ជឿថា Google គួរតែ​ត្រូវបាន​ស៊ើបអង្កេត​ពីបទ​ក្បត់ជាតិ​។​គាត់​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ដឹង​រឿងនេះ​ច្បាស់​ជាង​អ្នកណា​ទាំងអស់​។​ដូច្នេះ​រដ្ឋបាល​របស់លោក​ត្រាំ​នឹង​ពិនិត្យមើល​លើ​រឿងនេះ​។​”

​ទោះជា​យ៉ាងណា Google បាន​លើកឡើងថា​ការចោទប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​បាន​ចោទសួរ​ទៅកាន់​ពី​ចេតនា​របស់លោក Thiel ដែលជា​អ្នកគាំទ្រ​លោក Trump​ជា​យូរណាស់​មកហើយ ដែល​បាន​ឡើងកាន់តំណែង​ក្នុង​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Facebook នោះ​។​

“​ដូច​យើង​បាន​និយាយ​ពីមុន​រួចមកហើយ​យើង​មិនបាន​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​យោធា​ចិន​អ្វី​បន្តិច​ឡើយ​។​” នេះ​ជា​សេចក្ដីថ្លែងការណ៍​របស់ Google មកកាន់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

​គួរឱ្យ​ដឹងថា លោក Trump បាន​ព្យាយាម​វាយប្រហារ​ក្រុមហ៊ុន Google ជាច្រើនលើក​មកហើយ​ដោយ​អះអាងថា​ក្រុមហ៊ុន​នេះ​មាន​ភាពលំអៀង​ប្រឆាំងនឹង​រូបលោក​និង​អ្នកគាំទ្រ​ជាច្រើន​របស់លោក​៕ AFP

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114