ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រូវ​កសិករ​ខេត្ត​ព្រៃវែង​ ជាង​៦០០​ហិកតា​ ជួប​គ្រោះ​រាំងស្ងួត​ កំពុង​ត្រូវ​បាន​អន្តរាគមន៍​ ខណៈ​ជាង​៣​ពាន់​ហិកតា​ទៀត​ កំពុង​ប្រឈម

ព្រៃវែង​ ៖​ ស្រូវ​រដូវ​វស្សា​របស់​ប្រជាកសិករ​ ចំនួន​ជាង​៦០០​ហិកតា ដែល​ជួប​បញ្ហា​គ្រោះ​រាំងស្ងួត​ ក្នុង​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​ស៊ីធរ​កណ្ដាល​ និង​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង កំពុង​ត្រូវ​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ ខណៈ​ជាង​៣​ពាន់​ហិកតា​ផ្សេងទៀត កំពុង​ប្រឈម។

លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹងថា ចាប់​តាំងពី ពាក់​កណ្តាល ​ខែ​មិថុនា​ម​ក ប្រជាកសិករ​ក្នុង​ខេត្ត បាន​ចាប់ផ្ដើម​ភ្ជួរ​រាស់ ដក​ស្ទូង និង​ព្រោះ​ស្រូវ​របស់​ខ្លួន ជា​បន្តបន្ទាប់ ដែល​រហូត​មក​ដល់​ពេល​នេះ បាន​រួចរាល់​ជិត​៧០%​ហើយ លើ​ផ្ទៃដី​ចំនួន​ជាង​១៦​ម៉ឺន​៦​ពាន់​ហិកតា នៃ​ផ្ទៃដី​ផែនការ​បង្កបង្កើនផល​សរុប​២៥​ម៉ឺន​ហិកតា។ ប៉ុន្តែ​មក​ដល់​ដើមខែ​កក្កដា​នេះ អាកាសធាតុ ​បាន​ប្រែប្រួល​ធ្វើ​ឲ្យ​ស្រូវ​របស់​ប្រជាកសិករ​ជាច្រើន​ហិកតា នៅ​បណ្ដា​ស្រុក​មួយ​ចំនួន បាន​ជួប​ផល​ប៉ះពាល់ និង​ប្រឈម​ដោយសារ​ការ​ខ្វះ​ទឹក។

​លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា រហូតមកដល់​ពេល​នេះ ស្រូវ​កសិករ ដែល​ជួប​គ្រោះរាំងស្ងួត គឺ​មាន​ប្រមាណ​ជាង​៣​ពាន់​២​ហិកតា ក្នុងនោះ មាននៅ​ស្រុក​ស៊ីធរ​កណ្តាល ស្រុក​កំចាយមារ និង​ស្រុក​ក​ញ្ច្រៀ​ច ច្រើន​ជាងគេ​។ ​​បច្ចុប្បន្ននេះ កំពុង​ចុះ​អន្តរាគមន៍ នៅ​ស៊ីធរ​កណ្តាល ចំនួន​ជាង​៦០០​ហិកតា ប៉ុន្តែ​ជា​សំណាងល្អ មកដល់​ព្រលប់​ថ្ងៃ​ទី​១៧​ម្សិលមិញ​នេះ ភ្លៀង​បាន​ធ្លាក់​មក​គ្រប់កន្លែង តែ​មិនទាន់​អាច​ប្រមាណ​បាន​ថា នឹង​រួច​ផុត​ពី​ការ​ប្រឈម បាន​គ្រប់កន្លែង​ដែរ ឬ​យ៉ាងណា​នោះ​នៅឡើយ​ទេ។

ជាមួយគ្នា​​ ​នេះ ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ខេត្ត​ព្រៃវែង បាន​មានប្រសាសន៍​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រោយពី​បាន​ទទួល​ស្ថិតិ នៃ​គ្រោះ​រាំងស្ងួត​ក្នុង​ខេត្ត ឯកឧត្ដម និង​ក្រុមការងារ បាន​ចុះ​មើល និង​ជួយ​អន្តរាគមន៍ ជូន​កសិករ​ជា​បន្តបន្ទាប់ លើ​ស្រូវ​ប្រមាណ​ជាង​៣​ពាន់​ហិកតា​ខាង​លើ​នេះ ក្នុង​នោះ, បាន​ចុះ​ជួយ​អន្តរាគមន៍ ក្នុង​ស៊ីធរ​កណ្ដាល​មុនគេ ព្រោះស្រូវ​វស្សា​ចំនួន​៦២០​ហិកតា ដែល​នៅ​ទីនោះ​មានការ​ប្រឈម​ខ្លាំង និង​នៅ​ជិត​ប្រភព​ទឹក​ជាងគេ៕

ដោយ ៖ សៅ​គ្រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114