ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉េង កែវពេជ្ជតា​ ហួសចិត្ត​ខ្លាំង ​ក្រោយ​រង​ការ​ជេរប្រមាថ​ពី​ស្ត្រី​ម្នាក់​យ៉ាង​ទទឹងទិស

ភ្នំពេញ ​៖​ តារា​ចម្រៀង​ស្រី​​​​ ​សំឡេង​ពីរោះរណ្ដំ​​ អ្នកនាង​ម៉េង កែវពេជ្ជតា មុន​នេះ​បន្តិច​ បាន​ប្រតិកម្ម​ និង​បង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ខ្លាំង​ ចំពោះ​ទង្វើ​របស់​ស្ត្រី​​​​​ម្ចាស់​Account Facebook​មួយ ​ដែល​បាន​ប្រើ​ពាក្យសម្ដី​ជេរប្រមាថ​លើ​កិត្តិយស​នាង​យ៉ាង​កប់ៗ​មាត់។

ជា​ប្រតិកម្ម​ឆ្លើយតប​ដោយ​មិន​បង្អង់​យូរ អ្នកនាង ម៉េង កែវពេជ្ជតា បាន​រៀបរាប់​ ឲ្យ​ដឹង​ថា ​ស្រី​ម្នាក់​ឈ្មោះ សយ សុទ្ធា នេះ ​បាន​ចូល​មក​ជេរ​ខ្ញុំ​ក្នុង​Page របស់ខ្ញុំ ដល់​ទៅ​ពីរ​កន្លែង​ ក្នុង​ថ្ងៃ​តែមួយ ខុសគ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ មិន​យល់ថា​គាត់​ស្អប់​ខ្ញុំ​រឿង​អ្វី​ ព្រោះ​មិនដែល​ស្គាល់​ និង​មិនមាន​អ្វី​ប៉ះពាល់​គាត់​ពីមុន​ផង​។ តែ​ខ្ញុំ​ក៏បាន​ចូល​ឆែក​មើល​ក្នុង​អា​ខោ​ន​គាត់​ឃើញថា ​គាត់​មាន​គ្នាច្រើន។

​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បញ្ជាក់ថា​ ខ្ញុំ​បាន​ផ្ញើ​សារ​ចូលទៅក្នុង ​inbox គាត់ តែ​គាត់​មិន​តប​ឆ្លើយ ដូច្នេះ​សូម​ជម្រាប​ទៅ​ស្រី​ម្នាក់​ហ្នឹង និង​អ្នកមួយ​ចំនួន​តាម​នេះ​តែ​ម្តង​ថា​ ​​​ចង់​អ្នកឯង​នៅ​បក្ស​ណា​ក៏​បក្ស​ទៅ ខាង​ខ្ញុំ​មិនដែល​ប្រកាន់​ទេ តែ​ចាំបាច់​ចូល​ជេរ​បញ្ចោរ​គ្នា​ធ្វើ​ស្អី ? យ៉ាងណា​ក៏​ជា​ខ្មែរ​ដូចគ្នា​ទេ​តើ ក្រែង​អ្នកឯង​ថា​ខ្មែរ​ស្រលាញ់​ខ្មែរ​ហ្អី ? ខ្វះ​អ្វី Friends ខ្ញុំ​រាប់ពាន់នាក់​មកពី​ចម្រុះ​បក្ស តែ​ពួកគាត់​មិន​រើសអើង​ផង ហើយ​យើង​បន្ត​លេង​ជាមួយគ្នា​ក្នុង​បណ្តាញ​សង្គម​ជាធម្មតា ចង្រៃ​អ្វី​តែឯង​ពីរ​បី​ក្បាល​ហ្នឹង​ខុសគេ។​

តារា​ស្រី ​អ្នកនាង ម៉េង កែវពេជ្ជតា ​បាន​និយាយទៀតថា​ ខ្ញុំ​មិនដែល​ចូលទៅ​ជេរ​អ្នកឯង​សោះ​ ឃើញ​តែ​អ្នកឯង​ហ្នឹង​ ដែល​នៅ​រមាស់​យូរហើយ​មិន​ព្រម​បាត់​។ ​ជា​ការ​ពិត​ខ្ញុំ​មិនដែល​ខ្វះ​សុជីវធម៌​មើល​ងាយ​នរណាម្នាក់​ទេ​ តែ​រឿង​ចោទថា​ខ្ញុំ​ដៀល​គេ​ល្ងង់​នោះ​ គឺ​ខ្លួន​អ្នកឯង​ជា​អ្នក​រើស​ដាក់ខ្លួន​ទេ គឺ​ខ្លួន​អ្នកឯង​ដែល​ជឿ​លើ​ការកាត់ត​បន្លំ​ពី​ជន​ឆ្លៀតឱកាស​នយោបាយ​ប៉ុណ្ណោះ ត្រង់​នេះហើយ​ដែល​គេ​ហៅថា​ល្ងង់​នោះ កុំមក​បន្ទោស​ខ្ញុំ។

​តារា​ចម្រៀង​រូបនេះ​បន្តថា​ សូម​ចេះ​​បែងចែក​សិល្បៈ និង​នយោបាយ​ឲ្យ​ច្បាស់លាស់ មិនមែន​ដើរ​ជេរ​បញ្ចោរ​គេ​បែបនេះ​ហៅថា​នយោបាយ​ទេ​ មិនមែន​ដើរ​ជេរ​គេ​បែបនេះ​ ហៅថា​ស្នេហា​ជាតិ ស្រលាញ់​ប្រទេស​ស្រលាញ់​ខ្មែរ​នោះទេ តែ​វា​ជា​ភាព​កម្សោយ អន់ថយ​ល្ងង់ខ្លៅ​បំផុត​ទៅវិញ។ ដោយសារតែ​មិន​ចេះ​ធ្វើ​អ្វី​ឲ្យ​បាន​ការណ៍​ក្រៅពី​ជេរ ចាក់រុក​បុក​ឆ្កៀល​នេះហើយ​ដែល​បាត់បង់​ការគាំទ្រ​បាត់បង់​ទាំង​បក្ស​រហូតមកដល់​សព្វ​ថ្ងៃនេះ។

​អ្នកនាង ម៉េង កែវពេជ្ជតា លើកឡើង​បន្ថែមថា ​ចង់​សើច​ណាស់ អ្នកខ្លះ​បន្ទោស​ខ្ញុំ​ថា​ពូកែ​ជេរ ប៉ុន្តែ​ភ្លេច​មើលខ្លួន​ឯង​ដែល​កំពុង​ហែក​មាត់​ជេរ​បញ្ចោរ​ខ្ញុំ​យ៉ាង​ស្ទាត់​រត់មាត់​ឡើង​រអិល​ដូច​ប្រើ​ប្រេង Formula 1 ឯខ្ញុំ​មិនទាន់បាន​ជេរ​វិញ​អ្វីមួយ​ម៉ាត់ ?​ ទូល​រែក​យក​ទៅ​និព្វាន​ចុះ​អ្នក​អឺយ !​។​ សូម​ជម្រាប​ជូន​ថា ​ប្រតិកម្ម​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ខាង​លើ​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ស្ត្រី​ម្ចាស់​Account Facebook​ឈ្មោះ សយ សុទ្ធា បាន​បញ្ចេញ​គំនិត​រិះគន់​ដោយ​ការ​ជេរប្រមាថ​ថា ​រូបគេ​ពិតជា​ខ្ពើមរអើម​ខ្លាំង​លើ ម៉េង កែវពេជ្ជតា៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114