ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​រារាំង​ទួរគី​ពី​កម្មវិធី​យន្តហោះ​ចម្បាំង F-35 ដោយសារ​ការទិញ​មី​ស៊ី​ល​រុស្ស៊ី

សេត​វិមាន​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ទួរគី​នឹងត្រូវ​ដកចេញ​ពី​កម្មវិធី​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35 របស់​អង្គការ​ណា​តូ​បន្ទាប់ពី​ខ្លួន​បាន​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​រុស្ស៊ី​ផ្គើន​នឹង​ការព្រមាន​ពី​សម្ព័ន្ធមិត្ត​លោកខាងលិច​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Stephanie Grisham បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ជា​អកុសល ការសម្រេចចិត្ត​របស់​ប្រទេស​ទួរគី​ក្នុង​ការទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 របស់​រុស្ស៊ី​បានធ្វើ​ឲ្យ​ការពាក់ព័ន្ធ​ជា​បន្ត​ជាមួយ​កម្មវិធី​យន្តហោះ​ចម្បាំង F-35 មិនអាច​ទៅរួច​”​។​

​លោកស្រី​និយាយថា យន្តហោះ​ចម្បាំង F-35 Joint Strike Fighter ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​មិនអាច​ស្របគ្នា​ជាមួយ​ប្រព័ន្ធ​ប្រមូល​ព័ត៌មាន​សម្ងាត់​របស់​រុស្ស៊ី​ដែល​នឹងត្រូវ​បាន​ប្រើ​ដើម្បី​សិក្សា​អំពី​សមត្ថ​ភាពទំនើបរ​បស់​វា​នោះទេ​។​

​ស្របពេល​ជាមួយគ្នា​នោះ ក្រសួងការបរទេស​ទួរគី​បាន​ហៅ​ទង្វើ​នេះ​ថា “​មិន​យុត្តិធម៌​” ដោយបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វិធានការ​តែ​ម្ខាង​នេះ​មិន​គោរព​តាម​ស្មារតី​នៃ​សម្ព័ន្ធភាព​ទេ​ហើយក៏​មិន​ផ្អែកលើ​ហេតុផល​ស្របច្បាប់​ដែរ​”​។​

​លោកស្រី Grisham បាន​និយាយថា ក្រុង​វ៉ាស៊ីនតោន​បានដាក់​សំណើ​ជាច្រើន​ក្នុង​ការលក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot របស់ខ្លួន​ទៅ​ឲ្យ​ប្រទេស​ទួរគី​ប៉ុន្តែ​ទីក្រុង​អង់កា​រ៉ា​បាន​បន្ត​ការទិញ​ប្រព័ន្ធ S-400 ដែល​ប្រឆាំងនឹង​ការប្តេជ្ញា​របស់​អង្គការ​ណា​តូ​ក្នុង​ការបញ្ចៀស​ការប្រើប្រាស់​ប្រព័ន្ធ​របស់​រុស្ស៊ី​។​

​សេចក្តីប្រកាស​នេះ​បានធ្វើ​ឡើង​៥​ថ្ងៃ​បន្ទាប់ពី​ប្រទេស​ទួរគី​ចាប់ផ្តើម​ការដឹកជញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​របស់​រុស្ស៊ី​ដោយ​មិន​ខ្វល់​ពី​ការព្រមាន​រយៈពេល​ពីរ​ឆ្នាំ​ពី​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ណា​តូ​ផ្សេងទៀត​ដែលថា​វា​អាចធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ពួកគេ​មាន​គ្រោះថ្នាក់​។​

​សកម្មភាព​របស់​សហ​រដ្ឋ​អាមេរិក​នឹង​រារាំង​ក្រុមហ៊ុន​ទួរគី​មួយចំនួន​ដែល​កំពុង​ផលិត​គ្រឿងបន្លាស់​និង​សមាសធាតុ​សម្រាប់​យន្តហោះ F-35 ហើយ​រារាំង​ផែនការ​របស់​ប្រទេស​ទួរគី​ក្នុង​ការទិញ​យន្តហោះ​ចម្បាំង​ទំនើប​ប្រហែល​១០០​គ្រឿង​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114