ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ ​សម្រេច​ឃុំខ្លួន​ស្ត្រី​ខ្មែរ​៣​នាក់​ ដែល​ស៊ី​ឈ្នួល​ពពោះ​ជំនួស​ស្ត្រី​ចិន​

ភ្នំពេញ ៖ នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​ថា ស្ត្រី​ខ្មែរ​៣​នាក់ ​ដែល​ពាក់ព័ន្ធ​បទល្មើស​ពពោះ​ជំនួស ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន តាម​មាត្រា​១៦ ​នៃ​ច្បាប់​ ស្ដីពី​ការប្រឆាំង​ការលក់ដូរ​មនុស្ស​ និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ។​

​ស្ត្រី​ខ្មែរ​៣​នាក់ ​ដែល​ពាក់ព័ន្ធ​បទល្មើស​ពរ​ពោះ​ជំនួស​នេះ ​ត្រូវបាន​នគ​បាល​វៀតណាម​ចាប់បញ្ជូន​មក​ឲ្យ​នគរបាល​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​ឆ្លងដែន​ទៅ​សម្រាលកូន​នៅក្បែរ​ព្រំដែន​វៀតណាម ចិន។​

​រឿងក្ដី​ខាងលើ​ត្រូវបាន​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន ក្រសួង​មហាផ្ទៃ​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​ដើម្បី​ធ្វើការ​សាកសួរ រួមមាន ៖

១/ឈ្មោះ សេង ចិន្ដា ហៅ​ដា អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោល ឃុំ​ទួល​ពេជ្រ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។​

២/ឈ្មោះ ភួ​ន ស៊ីនួន អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​/ឃុំ​ជាមួយគ្នា។​

៣/ឈ្មោះ សាត សា​រួន អាយុ​៣១​ឆ្នាំ។ ឥឡូវនេះ​ ព្រះរាជអាជ្ញា​អម​តុលាការ​ កំពុង​សាកសួរ​ជន​សង្ស័យ​ទាំង​៣​នាក់​នៅឡើយ។​

​ពាក់ព័ន្ធ​ករណី​ពរ​ពោះ​ជំនួស​ខាងលើនេះ​បើតាម​ចម្លើយ​របស់​ឈ្មោះ សេង ចិន្ដា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៨ នាង​បាន​ទៅផ្ទះ​របស់​ឈ្មោះ ភូ​ន ស៊ីនឿន ដែល​នៅ​ក្នុង​ភូមិ​ជាមួយគ្នា​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ទៅ​ពពោះ​ជំនួស​ជនជាតិ​ចិន​នៅ​ភ្នំពេញ ដោយ​ទទួល​បាន​ប្រាក់​ចំនួន​៨.០០០​ដុល្លារ​ក្នុង​ទារក​មួយ។​

​ក្រោយមក​នៅ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០១៨ ឈ្មោះ ​ភូ​ន ស៊ីនឿន​ បាន​មក​ភ្នំពេញ​តាម​ការរៀបចំ​របស់​សេង ចិន្ដា ដោយ​បាន​ជួប​បុរស ស្ត្រីជន​ជាតិ​ចិន​៧​នាក់ ហើយ​ការ​និយាយ​គ្នា ​គឺ​មាន​អ្នកបកប្រែ​ភាសា​ចិន។​

​លុះដល់​ថ្ងៃទី​២៥ ខែ​​តុលា ​ឆ្នាំ​២០១៨ មាន​ក្រុមគ្រូពេទ្យ​ចិន​បាន​ពិនិត្យ​ប្រដាប់​បន្តពូជ ហើយក៏​ដាក់​បញ្ចូល​មេ​ជីវិត​ទៅ​ក្នុង​ស្បូន ហើយ​ពួកគេ​ក៏​ឲ្យ​លុយកាក់​មួយ​ចំនួន​សម្រាប់​ហូបចុក ថែរក្សា​សុខភាព និង​ពិនិត្យ​គភ៌ ក្រោយមក​ខ្លួន​បាន​ប្រាប់ថា ​នាង​មាន​ផ្ទៃពោះ​ហើយ ពេលនោះ​នៅ​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩ ពួក​ចិន​បាន​ឲ្យ​នាង​ឡើង​មក​ភ្នំពេញ​ ដើម្បី​ធ្វើ​លិខិត​ឆ្លងដែន ហើយ​គេ​ក៏​ឲ្យ​ប្រាក់​នាង​ថែម​២.០០០​ដុល្លារ​ទៀត​ ដើម្បី​ចាយវាយ​បណ្ដោះអាសន្ន។​

​បន្ទាប់មក​នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៩ អ្នកបកប្រែ​ក៏បាន​ទូរស័ព្ទឲ្យ​នាង​មក​ភ្នំពេញ​ដើម្បី​រៀបចំ​សម្រាលកូន។ នៅពេល​ស្ថិតនៅក្នុង​រថយន្ត​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម​ នាង​ឃើញ​មាន​ស្ត្រី​ចិន​២​នាក់ ទារក​ម្នាក់ ស្ត្រី​ខ្មែរ​ម្នាក់ទៀត​ឈ្មោះ សាត សា​រួន ដែល​ឈ្មោះ​ដា​បញ្ជូន​មកឲ្យ​មើលថែ​ទាំ​ទារក​និង​អ្នក​ពពោះ។ ពេលធ្វើ​ដំណើរ​ទៅដល់​ច្រកទ្វារ​បាវិត​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​អ្នក​រត់​ការ​ចេញ​លុយកាក់​ទាំងអស់។ បន្ទាប់មក​ពួកគេ​បាន​បន្តដំណើរ​តាម​រថយន្ត​តាក់ស៊ី​រហូតដល់​ចំណត​រថភ្លើង​ក្រុង​ហូជីមិញ និង​បន្តដំណើរ​២​ថ្ងៃ​២​យប់​ទើប​ដល់​ទៅ​ក្រុង​ហាណូយ។ ដល់ទី​នោះ​ មាន​ជនជាតិ​ចិន​ផ្សេង​ទៀត​ រៀបចំ​ឲ្យ​បន្ត​ដំណើរ​ទៅ​ព្រំដែន ក៏​ត្រូវ​សមត្ថកិច្ច​វៀតណាម​ចាប់​ទាំងអស់គ្នា​តែម្ដង​ដោយ​មាន​ទាំង​ខ្មែរ ចិន វៀតណាម​ដែល​រត់ការ​ផង។ រហូតដល់​ថ្ងៃទី​០៩ ​ខែ​កក្កដា ឆ្នាំ​២០១៩ នៅពេល​ដែល​វៀតណាម​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​ ស្រាប់តែ​ឈ្មោះ ភូ​ន ស៊ីនឿន​ បាន​ឈឺពោះ​សម្រាល​បាន​កូន​ស្រី​មួយ ហើយ​រហូតមកដល់​ថ្ងៃទី​១៣​ ខែ​កក្កដា ឆ្នាំ​២០១៩ វៀតណាម​សម្រេច​បញ្ជូន​ស្រីៗ​មក​ប្រទេស​កម្ពុជា​វិញ ចំណែក​ជនជាតិ​ចិន វៀតណាម និង​ខ្មែរ ដែល​ជា​អ្នក​រត់ការ ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ចាត់​កាង​តាមច្បាប់​របស់​វៀតណាម​នៅ​ក្រុង​ហាណូយ។​

​រឿងក្ដី​ពពោះ​ជំនួស​ដែល​ក្រុម​ឈ្មួញ​មាន​គោលដៅ​នាំយក​ទារក​ទៅ​ក្រៅ​ប្រទេស​នេះ ក្រោយ​ការ​សាកសួរ​អយ្យការ​អម​តុលាការ​បានសម្រេច​ចោទប្រកាន់ ​ពីបទ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន​តាម​មាត្រា​១៦​ នៃ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ។ បន្ទាប់មក ​លោក​ចៅក្រម​វ៉ាន់ សែន​វិសុទ្ធ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន៕

ដោយ ៖ មករា​

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114