ព័ត៍មានទាន់​ហេតុការណ៏
Search

គួច ខេ​វិ​ន ផ្ទុះ​ការ​រិះគន់​ធ្ងន់​ៗ​លើ​មន្ត្រី​មួយ​ចំនួន

ភ្នំពេញ ​៖ ​អ្នកដឹកនាំ​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បីឈ្មោះ ​និង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ភាគច្រើន​លោក គួច ខេ​វិ​ន ដោយ​មួយ​រយៈពេល​ចុង​ក្រោយនេះ​សង្កេតឃើញ​មាន​ករណី​របស់​មន្ត្រី​​មួយ​ចំនួន​បាន​ប្រើ​ទង្វើ​មិន​គួរ​គប្បី​តាមរយៈ​ការ​កេង​ចំណេញ​ និង​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មិន​គិត​ដល់​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​នោះ ​លោក​ក៏បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​យ៉ាង​ចាស់ដៃ។

ផ្អែក​តាម​សំណេរ​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​មួយ​ចំនួន​​​ លោក គួច ខេ​វិ​ន បាន​លើក​ឡើង​ថា​ មានរឿង​ហួសចិត្ត​ និង​ក្ដៅក្រហាយ​ជាច្រើន​ដែល​ពពួក​មន្ត្រី​ល្ងីល្ងើ លីលា​មួយចំនួន​បានធ្វើ​នូវ​អំពើ​ថោក​លាមក មក​លើ​រាស្ត្រ ដោយសារតែ​ពួកគេ​យល់ថា រាស្ត្រ​ល្ងឹតល្ងង់​ហើយ​ខ្លៅ​ជាង​ខ្លួន​គេ​ទៅទៀត ទើបបានជា​បោះឆ្នោត​ជ្រើសរើស​ពួកគេ​ឲ្យ​ដឹកនាំ​តាម​តួនាទី!។

​លោក គួច ខេ​វិ​ន បន្តថា​ មិន​ត្រឹមតែ​ស៊ីប្រាក់ខែ​រាស្ត្រ ហើយ​មិន​បម្រើ​រាស្ត្រ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​យក​អំណាច​មក​បិទបាំង ប្រព្រឹត្តិ​អំពើ​តិរច្ឆាន សម្លាប់​រាស្ត្រ​ដោយ​ប្រយោល​ថែមទៀត តួយ៉ាង​ដូចជា​ការ​លួច​ផលិត ទឹក ភេសជ្ជៈ​ក្លែងក្លាយ​លក់​ឲ្យ​រាស្ត្រ​ដើម្បី​កើប​លុយ​ចំណេញ​ និង​ការ​បើក​ឲ្យ​នាំ​កាក​សំណល់​ឧស្សាហកម្ម​មក​ចាក់​ចោល​នៅ​ស្រុក​ខ្មែរ​ជាដើម។​

​អ្នកដឹកនាំ​កម្មវិធី​ទូរទស្សន៍​រូបនេះ​និយាយ​ទៀត​ថា ​ខ្មែរ​អ្នក​គោរព​ព្រះពុទ្ធសាសនា ប្រទេស​មានច្បាប់ បើទោះជា​អ្នកប្រព្រឹត្តិ​អំពើ​តិរច្ឆាន លាមក ថោកទាប នោះ​ ត្រូវ​ទទួលទោស​ក៏ដោយចុះ ក៏​អំពើ​បាប​នេះ​នៅតែ​ត្រូវ​រង​នូវ​បណ្ដាសា ងាប់​គ្មាន​សាកសព​ចុះ​នរក​៩​ជាន់​អស់ទាំង​៧​សន្តាន ជាក់​ជាមិនខាន។ រាស្ត្រ​រស់​ក្រោម​ការដឹកនាំ​របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន សូម​គោរព​ស្នើសុំ​ដោយ​ទទូច ​សូម​សម្ដេច​ មេត្តា​កម្ចាត់​មន្ត្រី​ក្បត់​សម្បថ ក្បត់​ជំនឿ​រាស្ត្រ ដើម្បី​ភាព​យុត្តិធម៌ នៅ​ក្នុង​សង្គមជាតិ។

ទន្ទឹមគ្នា ​នៃ​ការបញ្ចេញ​ប្រតិកម្ម​របស់ លោក គួច ខេ​វិ​ន ខាងលើ​នេះដែរ​ ក៏​មាន​អ្នកគាំទ្រ​បាន​និយាយ​ដែរ​ថា ​ដោយសារតែ​លុយ ក្តី​សុខ​ក្នុង​គ្រួសារ រកស៊ី​ថោកទាប បំផ្លាញ​ជីវិត​អ្នកដទៃ លុយ​ក្ដៅក្រហាយ វា​មិនបាន​សុខ​យូរអង្វែង​ទេ សូម​ច្បាប់​មេត្តា​ដាក់ទោស​ដោយ​យុត្តិធម៌​ផង​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114