ព័ត៍មានទាន់​ហេតុការណ៏
Search

ស្តេច​គ្រឿងញៀន El Chapo ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយ​ជីវិត​នៅ​សហរដ្ឋអាមេរិក

ក្នុងនាម​ជា​អតីត​ឧក្រិដ្ឋជន​ដ៏​មាន​ឥទ្ធិពល​ម្នាក់​និង​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​កលោក Joaquin El Chapo Guzman ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត​កាលពី​ថ្ងៃ​ពុធ​ដែល​នេះ​ជាការ​ដាក់ទណ្ឌកម្ម​ចាំបាច់​ចំពោះ​មេ​នៃ​បទល្មើស​ឧក្រិដ្ឋកម្ម​ដែល​អូស​បន្លាយពេល​២៥​ឆ្នាំ​។​

​លោក Guzman អាយុ​៦២​ឆ្នាំ​ដែលជា​អតីត​មេក្រុម​គ្រឿងញៀន Sinaloa របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ត្រូវបាន​កាត់ទោស​កាលពី​ខែកុម្ភៈ​នៅក្នុង​តុលាការ​សហព័ន្ធ​សហរដ្ឋអាមេរិក​លើ​បទចោទប្រកាន់​ជាច្រើន​រួមទាំង​ការរត់ពន្ធ​កូកាអ៊ីន ហេ​រ៉ូ​អ៊ី​ន មេ​តំ​ហ្វេ​តា​មីន​និង​កញ្ឆា​ផងដែរ​ចូលក្នុង​សហរដ្ឋអាមេរិក​។

​លោក Guzman មិនបាន​បង្ហាញ​ការសោកស្តាយ​ទេ​នៅពេលដែល​គាត់​និយាយ​នូវ​អ្វីដែល​ទំនងជា​ការ​ថ្លែង​ជា​សាធារណៈ​ចុងក្រោយ​របស់គាត់​មុនពេល​គាត់​ត្រូវបាន​នាំទៅ​កាន់​ពន្ធនាគារ​សហ​ព័ន្ធ​សន្តិសុខ​កម្រិត​ខ្ពស់បំផុត​។​

​នៅពេល​ចូល​និង​មុនពេល​ចាក​ចេញពី​សាល​សវនាកា​រ គាត់​បានផ្តល់​សញ្ញា​ស្នាម​ថើប​ដល់​ប្រពន្ធ​របស់គាត់​ឈ្មោះ Emma Coronel ដែល​ត្រូវបាន​គេ​ហាមឃាត់​មិនឱ្យ​ទាក់ទង​ជាមួយ​គាត់​អំឡុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​នៃ​ការឃុំខ្លួន​មុន​ការកាត់ក្តី​។​

​ការចោទប្រកាន់​ប្រឆាំងនឹង​លោក Guzman ដែល​រួមមាន​ទាំង​ការលាង​លុយកខ្វក់​និង​បទល្មើស​ទាក់ទង​អាវុធ​ផងដែរ​នោះ​គឺ​ត្រូវ​មានទោស​ជាប់ពន្ធនាគារ​មួយជីវិត​។​

​ចៅក្រម​សហព័ន្ធ​អាមេរិក​លោក Brian Cogan បាន​បន្ថែម​ទោស​ជាប់គុក​៣០​ឆ្នាំ​លើ​ការកាត់ក្តី​នេះហើយ​បង្គាប់​ឲ្យ​ស្តេចត្រាញ់​គ្រឿងញៀន​បង់ប្រាក់​សំណង​ចំនួន​១២.៦​ពាន់​លាន​ដុល្លារ​ដោយ​ផ្អែកលើ​ការប៉ាន់ប្រមាណ​នៃ​ប្រាក់ចំណូល​ពី​ការលក់​គ្រឿងញៀន​របស់​ក្រុម​គាត់​នៅក្នុង​សហរដ្ឋអាមេរិក​។

ទោះបីជា​យ៉ាងណាក៏ដោយ រហូតមកទល់​ពេលនេះ អាជ្ញាធរ​អាមេរិក​មិនទាន់​ទទួលបាន​លុយ​នៅឡើយ​ទេ។

លោក Guzman ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ស្តេច​ត្រាញ់​គ្រឿងញៀន​ដ៏​មាន​ឥទ្ធិពល​បំផុត​ចាប់តាំង​ពី​លោក Pablo Escobar របស់​ប្រទេស​កូ​ឡុំ​ប៊ី ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ជាមួយ​ប៉ូលិស​ក្នុង​ឆ្នាំ​១៩៩៣៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114