ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ជា​កម្មករ​រត់​ទូកដ​ម្នាក់ លោតទឹក​ពីលើ​ទូកដ​ ហែល​លេង​ លង់​ស្លាប់

ភ្នំពេញ​ ៖​ យុវជន​ជា​កម្មករ​រត់​ទូកដ​ព្រែកលៀប​ម្នាក់ លោតទឹក​លេង​ពីលើ​ទូកដ ​បាន​លង់​ស្លាប់ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពង់ចម្លង​ព្រែក​លៀប កោះដាច់ កោះឧកញ៉ាតី ស្ថិតនៅ​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វា។

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ហឿន វង្ស អាយុ​២១​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុក​កំណើត​នៅ​ឃុំ​សារិកាកែវ​ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។​

ប្រភព​ព័ត៌មាន​ពី​ លោក មៀ​ច សេរី នាយ​ប៉ុស្តិ៍​នគរបាល​ព្រែកលៀប បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​យុវជន​រងគ្រោះ និង​មាន​មិត្តភ័ក្ដិ​៣​នាក់​ទៀត ​បាន​ចុះ​ងូតទឹក​លេង​នៅក្បែរ​ទូកដ ពេល​កំពុង​ហែល​ទឹក​លេង ជនរងគ្រោះ​ និង​មិត្តភ័ក្ដិ​បាន​ហែល​ទឹក​មកដល់​ច្រាំង ចំណែក​ជនរងគ្រោះ​មិន​អស់ចិត្ត​បាន​ហែល​ទឹក​ត្រឡប់​ទៅ​ទូកដ​វិញ ស្រាប់តែ​មិនដឹង​ជា​មូល​ហេតុអ្វី​ ជនរងគ្រោះ​ក៏​លិច​ទឹក​បាត់​រក​សព​មិន​ឃើញ​ភ្លាមៗ​នោះ​មិត្តភ័ក្ដិ ដែល​លេង​ទឹក​ជាមួយគ្នា​បាន​មុជ​រាវរក​សព​ជនរងគ្រោះ​ដែរ​តែ​មិនឃើញ​។​

បន្ទាប់ពី​កើតហេតុ​ម្ចាស់​ទូកដ និង​បងប្អូន​ជនរងគ្រោះ​បានចេញ​ទូក​ជួយ​រក​សព និង​បាន​ជួល​ទូក​ចាម​ឲ្យ​មក​ចុះ​រាវរក​សព​នៅ​កន្លែងកើតហេតុ​រហូតមក​ដល់​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​រាវរក​សព​ជនរងគ្រោះ​ឃើញ​នៅក្បែរ​កន្លែងកើតហេតុ​។​

បន្ទាប់ពី​រាវរក​សព​ជនរងគ្រោះ​ឃើញ សមត្ថកិច្ច​បាន​គ​ល់ស​ព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

ដោយ ៖ ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114