ព័ត៍មានទាន់​ហេតុការណ៏
Search

សភា​អាមេរិក​បោះឆ្នោត ​រារាំង​ការលក់​សព្វាវុធ​របស់​លោក Trump ទៅ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត

សភា​អាមេរិក​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ដើម្បី​រាំងខ្ទប់​ការលក់​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​៨.១​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​សម្ព័ន្ធមិត្ត​ដទៃទៀត​ប៉ុន្តែ​រឿងនេះ​ទំនងជា​នឹងត្រូវ​វេតូ​ដោយ​លោក​ប្រធានាធិបតី Donald Trump​។​

​សមាជិកសភា​ដែល​ភាគច្រើន​ខឹងសម្បា​អារ៉ាប៊ីសាអ៊ូឌីត​ដោយសារតែ​តួនាទី​របស់​ទីក្រុង​រី​យ៉ា​ដ​នៅក្នុង​ការសម្លាប់​អ្នកកាសែត Jamal Khashoggi កាលពី​ឆ្នាំមុន​គឺ​បានអនុម័ត​សេចក្តីសម្រេច​ចំនួន​បី​ដែល​នឹង​រារាំង​ការលក់​ដ៏​ចម្រូងចម្រាស់​ដែល​បានប្រកាស​ក្រោម​វិធានការ​បន្ទាន់​កាលពីដើម​ឆ្នាំនេះ​ដោយ​លោក Trump ។​

​សេចក្តីសម្រេច​រារាំង​ការលក់​នេះ​បាន​ឆ្លងកាត់​ព្រឹទ្ធសភា​អាមេរិក​រួចទៅហើយ​ហើយ​ឥឡូវនេះ​ត្រូវ​ទៅកាន់​សេត​វិមាន​ដែលជា​កន្លែង​លោក Trump ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចេញ​សិទ្ធិ​វេតូ​។​

​លោក Trump កំពុង​ស្វែងរក​ការលក់​ដាច់ដោយឡែក​នូវ​គ្រឿង​ថែរក្សា​ជំនួយ​យន្តហោះ អាវុធ​យុទ្ធ​ភ័ន​ព្រមទាំង​អាវុធ​និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៀ​តទៅ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់​រួម​និង​ហ្ស៊​កដា​នី​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។​

​ស្របពេល​ជាមួយគ្នា​នោះ ក្រុម​អ្នក​រិះគន់​បាន​និយាយថា ការលក់​អាវុធ​នេះ​នឹងធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នូវ​សង្គ្រាម​ដ៏​បំផ្លិចបំផ្លាញ​ក្នុងប្រទេស​យេ​មែន​ដែល​នៅ​ទីនោះ អារ៉ាប៊ីសាអ៊ូឌីត​កំពុង​ដឹកនាំ​ក្រុមចម្រុះ​គាំទ្រ​ដោយ​អាមេរិក​មួយ​ក្នុង​សមរភូមិ​ប្រឆាំង​ពួក​ឧទ្ទាម Huthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ហើយ​ជា​កន្លែង​ដែល​អង្គការសហប្រជាជាតិ​និយាយថា បាន​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​អាក្រក់​បំផុត​ក្នុង​ពិភពលោក​។​

​លោក Eliot Engel ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​សភាតំណាងរាស្ត្រ​បាន​និយាយថា “​នៅពេល​យើង​ឃើញ​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​យេ​មែន វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​សហរដ្ឋអាមេរិក​ក្នុងការ​ប្រកាន់​ជំហរ​”​។​

​អ្នកប្រជាធិបតេយ្យ​ជើងចាស់​រូបនេះ​បាន​អះអាងថា ការគំរាមកំហែង​ពី​ពួក Huthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​គឺជា​ការពិត​ប៉ុន្តែ​នោះ​មិនមែន​មានន័យថា យើង​គួរតែ​មើលទៅ​តាមរបៀប​ផ្សេងទៀត​ស្របពេល​ប្រឈមមុខ​នឹង​អំពើហិង្សា​និង​ការសម្លាប់​ជន​ស៊ីវិល​នោះទេ​។​

​គួរ​បញ្ជាក់ថា រដ្ឋបាល​របស់លោក Trump បាន​ចាត់វិធានការ​មិនធម្មតា​ដើម្បី​បញ្ចៀស​សភា​ដើម្បី​អនុម័ត​ចំពោះ​ការលក់​កាលពី​ខែឧសភា​ដោយ​រដ្ឋបាល​របស់លោក​បានប្រកាសថា អ៊ីរ៉ង់​គឺជា​ការគំរាមកំហែង​ជា​មូលដ្ឋាន​ចំពោះ​ស្ថេរភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114