ព័ត៍មានទាន់​ហេតុការណ៏
Search

អង់គ្លេស​ទំនង​ជា​នឹង​ចាក​ចេញពី EU ដោយ​គ្មាន​កិច្ចព្រមព្រៀង ​ខណៈ​ការប្រកួតប្រជែង​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​បានបញ្ចប់

ការប្រកួតប្រជែង​ដើម្បី​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ចក្រភព​អង់គ្លេស​បាន​ឈានចូល​ក្នុង​យុទ្ធនាការ​ចុងក្រោយ​កាលពី​ថ្ងៃ​ពុធ​ខណៈ​បេក្ខជន​ទាំងពីរ​បាន​ពង្រឹង​ជំហ​របស់​ពួកគេ​លើ Brexit ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នាពេល​អនាគត​ស្ថិតក្នុង​ភាពស្រពិចស្រពិល​ជាមួយ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Jeremy Hunt និង​អតីត​ចៅហ្វាយក្រុង​ឡុង​ដ៍លោក Boris Johnson ដែល​ត្រូវបាន​គេ​សង្ឃឹម​ខ្ពស់​ថា​នឹង​ជំនួស​តំណែង​លោកស្រី Theresa May គឺ​សុទ្ធតែ​បាន​សំដៅ​ទៅលើ​ការចាកចេញ​របស់​អង់គ្លេស​ដោយ​មិនមាន​កិច្ចព្រមព្រៀង​។​

​សហគមន៍​អ្នកជំនួញ​និង​អ្នកតាក់តែង​ច្បាប់​ជាច្រើន​មានការ​ភ័យខ្លាច​អំពី​ផលវិបាក​ខាង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ពី​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ព្រោះ​វា​នឹង​នាំ​ឲ្យ​មានការ​ដាក់​ពន្ធ​ភ្លាមៗ​សម្រាប់​វិស័យ​មួយចំនួន​រួមទាំង​ឧស្សាហកម្ម​រថយន្ត​ផងដែរ​។​

​លោក Johnson និង​លោក Hunt បាន​ចូលរួម​ក្នុង​វគ្គ​ឆ្លើយ​សំណួរ​ចុងក្រោយ​មួយ​កាលពី​ថ្ងៃ​ពុធ​មុនពេល​លទ្ធផល​នៃ​ការបោះឆ្នោត​របស់​សមាជិក​គណបក្ស​អភិរក្ស​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ក្រោយ​។​

​មេដឹកនាំ​គណបក្ស​ថ្មី​នឹងត្រូវ​បានបញ្ជាក់​ជា​នាយករដ្ឋមន្ត្រី​ដោយ​ព្រះមហាក្សត្រី​យា​នី Elizabeth ទី​២​នៅ​ថ្ងៃ​បន្ទាប់​នោះ​។​

​ចក្រភព​អង់គ្លេស​បាន​ពន្យារពេល​ពីរដង​រួចមកហើយ​សម្រាប់​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​បន្ទាប់ពី​បាន​ចូល​ជា​សមាជិក​អស់​រយៈពេល​៤៦​ឆ្នាំ​នៅពេលដែល​លោកស្រី May រង​បរាជ័យ​ក្នុងការ​ទទួលបាន​កិច្ចព្រមព្រៀង​របស់លោក​ស្រី​ជាមួយ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​តាមរយៈ​រដ្ឋសភា​។​

​បេក្ខជន​ទាំងពីរ​ដែល​កំពុង​ប្រជែង​គ្នា​ជំនួស​លោកស្រី​បាន​ប្តេជ្ញា​លុបចោល​លក្ខខណ្ឌ​មួយ​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​ដែល​ទីក្រុង​ប្រ៊ូ​ស​សែ​ល​បាន​ទទូចថា​នឹង​រក្សា​ព្រំដែន​អៀរ​ឡង់​ឲ្យ​បើកចំហ​។​

​ការវាយប្រហារ​ចុងក្រោយ​របស់​ពួកគេ​លើ​វិធានការ​ក្នុងអំឡុងពេល​នៃ​ការជជែក​ពិភាក្សាគ្នា​កាលពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​ឲ្យ​តម្លៃ​នៃ​ប្រាក់​ផោន​របស់​អង់គ្លេស​ធ្លាក់ចុះ​។​

​រូបិយប័ណ្ណ​នេះ​បាន​ធ្លាក់ចុះ​ជាថ្មី​ម្តងទៀត​កាលពី​ថ្ងៃ​ពុធ​ដល់​កម្រិត​ទាប​បំផុត​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114