ព័ត៍មានទាន់​ហេតុការណ៏
Search

ប្លុក​អាមេរិក​ខាងត្បូង​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​នៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​

ក្នុង​កិច្ចប្រជុំ​កំពូល​របស់ខ្លួន​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​ពុធ ប្លុក​ពាណិជ្ជកម្ម​អាមេរិក​ខាងត្បូង Mercosur បាន​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយ​សេរី យុត្តិធម៌​និង​មាន​តម្លាភាព​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។

​ប្រធានាធិបតី​នៃ​ប្រទេស​ជា​សមាជិក​ចំនួន​បួន​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បង្ហាញ​ពី​កង្វល់​សម្រាប់​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កំពុងតែ​ឆ្លងកាត់​ហើយ​កំពុង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ស្ថានភាព​មនុស្សធម៌​និង​សិទ្ធិមនុស្ស​។​

​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​គឺជា​តម្រូវការ​ដ៏​សំខាន់​មួយ​របស់​គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែល​ដឹកនាំ​ដោយ​ប្រធានរដ្ឋសភា​លោក Juan Guaido ។​

​តំណាង​រដ្ឋាភិបាល​និង​បក្សប្រឆាំង​បច្ចុប្បន្នកំពុង​ជួបប្រជុំគ្នា​នៅក្នុង​ប្រទេស​បារ​បា​ដូ​ស​សម្រាប់​កិច្ចពិភាក្សា​ដែល​សម្របសម្រួល​ដោយ​ប្រទេស​ន័​រ​វែ​ស​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​របស់​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​សមាជិក​ប្លុក Mercosur ចំនួន​៣​គឺ​ប្រេ​ស៊ី​ល អា​ហ្ស​ង់​ទីន​និង​ប៉ា​រ៉ា​ហ្គា​យ​បាន​គាំទ្រ​លោក Guaido ខណៈដែល​អ៊ុយ​រ៉ា​ហ្គា​យ​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​រដ្ឋាភិបាល​សង្គមនិយម​មិនបាន​ធ្វើ​ដូច្នេះ​ទេ​។​

​នៅពេល​ឡើងកាន់តំណែង​ជា​មេដឹកនាំ​ប្លុក Mercosur, ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​រិះគន់​របប​ឆ្វេងនិយម​របស់លោក Maduro​។​

​លោក Bolsonaro បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ភាគ​ខាងជើង Santa Fe ថា “​យើង​មិន​ចង់​ឲ្យ​រឿង​អកុសល​ដែល​កើតឡើង​នៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​នឹង​កើតឡើង​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​ទេ​”​។​

​លោក​សួរថា “​តើ​ប្រទេស​អ្នកមាន​ដូចជា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​អាច​មកដល់​ចំណុច​នេះ​ដោយ​របៀប​ណា​ទៅ​?”​។​

​គួរបញ្ជាក់​ឡើងវិញ​ថា ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ស្ថិតនៅក្នុង​ភាពច្របូកច្របល់​ចាប់តាំងពី​លោក Guaido បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី​កាលពី​ខែមករា​និង​បានចាត់ទុក​មេដឹកនាំ​សង្គមនិយម Nicolas Maduro ថា​ជា​អ្នក​ដណ្តើម​អំណាច​ពី​គេ​ជុំវិញ​ការ​ឈ្នះឆ្នោត​សាជាថ្មី​របស់គាត់​នៅក្នុង​ឆ្នាំ​២០១៨​ដែល​ត្រូវបាន​គេ​យល់ឃើញថា​ជាការ​បោះឆ្នោត​ពោរពេញ​ដោយ​ការ​ក្លែងបន្លំ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114