ព័ត៍មានទាន់​ហេតុការណ៏
Search

UN និយាយ​ថា ក្រុម​ឧក្រិដ្ឋកម្ម​ ដើរ​លើស​សមត្ថភាព​របស់​អាជ្ញាធរ​នៅ​តំបន់​អាស៊ីអាគ្នេយ៍

អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​ឧក្រិដ្ឋកម្ម​ឆ្លងដែន​កំពុង​រីក​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហើយ​កំពុង​កេង​យក​អត្ថប្រយោជន៍​ពី​អំពើពុករលួយ​ដែល​កំពុង​រីក​រាលដាល ការពង្រឹង​ច្បាប់​អន់​ខ្សោយ​និង​កង្វះ​ការគ្រប់គ្រង​នៅតាម​ព្រំដែន​។​

UN និយាយថា ក្រុម​បែបនេះ​អាច​រកប្រាក់​ចំណេញ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ពី​កំណើន​នៃ​ការជួញដូរ​គ្រឿងញៀន ទំនិញ​និង​ឱសថ​ក្លែងក្លាយ ការរត់ពន្ធ​មនុស្ស​និង​ការជួញដូរ​សត្វព្រៃ​និង​ឈើ​។​

​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម (UNODC) បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា “​នៅ​តំបន់​ជាច្រើន​នៃ​អាស៊ីអាគ្នេយ៍ ការបង់ប្រាក់​សំណូក​ជា​ប្រព័ន្ធ​នៅតាម​ព្រំដែន​គឺ​ត្រូវបាន​កំណត់ថា​ជាការ​បង់ប្រាក់​ថ្លៃ​ប្រព័ន្ធ​ការិយាធិបតេយ្យ​”​។​

​ការិយាល័យ​នេះ​បាន​ព្រមាន​ថា ក្រុមបងធំ​ជាច្រើន​ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង ម៉ា​កាវ តៃវ៉ាន់​និង​ប្រទេស​ថៃ​កំពុង​ដើរ​លើស​សមត្ថភាព​រប​ស់​មន្ត្រី​អនុវត្ត​ច្បាប់​ហើយ​ពួកគេ​កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សាធារណៈ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ការិយាល័យ​នេះ​បាន​បន្ថែមថា ការពង្រីក​យ៉ាង​ឆាប់រហ័ស​និង​បទ​ប្បញ្ញត្តិ​អន់​ខ្សោយ​លើ​កាស៊ីណូ​ក៏​ផ្តល់​ឲ្យ​ក្រុម​ឧក្រិដ្ឋកម្ម​នូវ​វិធី​ដ៏​ងាយស្រួល​ក្នុងការ​លាងលុយកខ្វក់​ផងដែរ​។ ប្រាក់ចំណូល​ពី​ឧក្រិដ្ឋកម្ម​ក៏ត្រូវ​បាន​គេ​បង្វិល​ទៅ​ឲ្យ​ធនាគារ​បរទេស​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ផ្លូវការ​នៅ​សិង្ហ​បុរី​និង​ហុងកុង​ផងដែរ​។​

​ជា​ភស្ដុតាង​នៃ​ការកើនឡើង​នៃ​ឧក្រិដ្ឋកម្ម​ដែល​គេ​រៀបចំ​, របាយការណ៍​នេះ​បាន​គូសបញ្ជាក់​ពី​ការ​ផ្ទុះឡើង​នៃ​ការផលិត​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ការចែក​ចាយ​របស់​វា​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ភាគច្រើន​ត្រូវបាន​គេ​ខ្ចប់​នៅក្នុង​កញ្ចប់​តែ​។​

​លោក Jeremy Douglas តំណាង​របស់​ទីភ្នាក់ងារ​នេះ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​បាន​ប្រាប់​រ៉​យ​ទ័​រថា “​ទីផ្សារ​មេ​តំ​ហ្វេ​តា​មីន​អាស៊ី​ប៉ាស៊ីហ្វិក​នាពេល​ឥឡូវនេះ​គឺជា​ទីផ្សារ​ធំ​បំផុត​របស់​ពិភពលោក​”​។​

​ភ្នាក់ងារ​នេះ​បាន​និយាយថា ពាណិជ្ជកម្ម​នេះ​មានតម្លៃ​ចន្លោះ​ពី​៣០.៣​ពាន់​លាន​ដុល្លារ​ដល់​៦១.៤​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ពោលគឺ​កើនឡើង​ពី​១៥​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៣​។​

​ភ្នាក់ងារ​នេះ​បាន​បន្ថែមទៀតថា ទីផ្សារ​មានតម្លៃ​បំផុត​គឺ​នៅក្នុង​ប្រទេស​អូស្ត្រាលី ជប៉ុន ណូ​វែ​ល​ហ្សេ​ឡង់​និង​កូរ៉េខាងត្បូង​ដែលមាន​តម្លៃ​២០​ពាន់​លាន​ដុល្លារ​ឬ​ស្មើនឹង​មួយ​ភាគបី​នៃ​ការប៉ាន់ស្មាន​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114