ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជា​សង្គ្រោះ​បឋម​ដល់​មន្ដ្រី​សង្កាត់ ប្រធាន អនុប្រធាន​ភូមិ សមាជិក​ភូមិ និង​ប្រជា​ការពារ​

​ភ្នំពេញ​ ៖ សាខា​រាជធានី​ភ្នំពេញ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន រយៈពេល​២​ថ្ងៃ ជូន​ដល់​មន្ដ្រី​សង្កាត់ ប្រធាន អនុប្រធាន​ភូមិ សមាជិក​ភូមិ ប្រជា​ការពារ​សរុប​ចំនួន​៤២​នាក់ មក​ពី​តាម​បណ្ដា​សង្កាត់​នានា ក្នុង​ខណ្ឌ​មានជ័យ ដង្កោ និង​ខណ្ឌ​ច្បារអំពៅ ដើម្បី​ផ្ដល់​ចំណេះដឹង និង​បង្កើន​សមត្ថភាព​ដល់​ក្រុមការងារ​នៅ​ថ្នាក់​មូលដ្ឋាន​។​

វគ្គ​បណ្ដុះបណ្ដាល​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា រាជ​ធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​សំណាក់ លោក ជិន ប៊ុនធឿន នាយក​ប្រតិបត្តិ​សាខា។​

វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​សាខា​កាកបាទក្រហម​កម្ពុជា រាជធានី​ភ្នំពេញ និង​អង្គការ​ទស្សនៈ​ពិភពលោក (World Vision Organization) ក្នុង​គម្រោង​គ្រប់គ្រង​គ្រោះ​មហន្ដរាយ។

ក្នុងនាម លោក ​ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា រាជធានី​ភ្នំពេញ លោក ជិន ប៊ុនធឿន បាន​មានប្រសាសន៍​ពាំនាំ​នូវ​សេចក្ដី​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ជូន​ដល់​សិក្ខាកាម​ទាំងអស់​ប្រកប​ដោយ​សេចក្ដី​នឹករលឹក។​

លោក ជិន ប៊ុនធឿន បាន​បញ្ជាក់​ថា គោលបំណង ​នៃ​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ គឺ ដើម្បី​ផ្ដល់​ចំណេះដឹង និង​បង្កើន​សមត្ថភាព​ដល់​ក្រុមការងារ​នៅ​ថ្នាក់​មូលដ្ឋាន​រួមមាន ​មន្ដ្រី​សង្កាត់ ប្រធាន អនុ​ប្រធាន​ភូមិ សមាជិក​ភូមិ ប្រជា​ការពារ ឲ្យ​មានលទ្ធភាព​ជួយ​ជា​លក្ខណៈ​បឋម​ទៅ​ស្ថានភាព​គ្រោះ​ថ្នាក់​គ្រាអាសន្ន ឬ​គ្រោះធម្មជាតិ​នៅ​ក្នុង​សហគមន៍​ដែល​ខ្លួន​កំពុង​រស់នៅ៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114