ព័ត៍មានទាន់​ហេតុការណ៏
Search

វី​តា​ល់ ក្លាយ​ជា​ក្រុមហ៊ុន​ទឹក​ពិសា​ដំបូង​គេ ដែល​បាន​ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

​ភ្នំពេញ ​៖ គណៈ​គ្រប់គ្រង​ និង​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន​វី​តា​ល ជាង​៨០០​នាក់ បាន​ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដោយ​ប្រមូលបាន​ថវិកា​សរុប​៨៦,១៨០,០០០​រៀល ជូន​ដល់​មូលនិធិ​នេះ​សម្រាប់​យកទៅជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​កម្មវិធី ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ផា​នេះ បាន​ប្រារព្ធ​ឡើង​កាលពី​ព្រឹក ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​បរិវេណ​រោងចក្រ​ផលិត​ទឹក​ពិសា​វី​តា​ល់ ដោយមាន​ការចូលរួម​ជា​កិត្តិយស ដោយ​លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​នាយិកា​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា លោក​ឧកញ៉ា​ឡាវ វ៉ាន់​ សមាជិក​ក្រុមប្រឹក្សាភិបាល​ នៃ​ក្រុមហ៊ុន​វី​តា​ល់ ​និង​លោកស្រី​ជឹ​ង សុគន្ធា​វី អគ្គ​នាយិកា​ក្រុមហ៊ុន វី​តា​ល់ ព្រមទាំង​បុគ្គលិក​វី​តា​ល់​ជាច្រើន​នាក់​ទៀត​។

​លោកស្រី ជឹ​ង សុគន្ធា​វី បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​វី​តា​ល់ ជាពិសេស​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ដែល​បាន​ចូលរួម​វិភាគទាន​ជា​សមាជិក​គាំទ្រ​ច្រើនជាង​មួយ​ឆ្នាំ ដែល​ខ្លះ​មាន​ចំនួន​៥​ឆ្នាំ ឬ ១១​ឆ្នាំ តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​ដែល​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​ថវិកា​ នៃ​ការ​ប្រមូល​បាន​មាន​ចំនួន​ច្រើនជាង​ការ​រំពឹងទុក​។​

លោកស្រី បាន​បន្ថែម​ថា កម្មវិធី​ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ មូលនិធិ​គន្ធបុប្ផា នៃ​បុគ្គលិក​វី​តា​ល់​ជាង ៨០០​នាក់​នេះ គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម ​នៃ​ការ​សហការ​រវាង​វី​តា​ល់ និង​មូលនិធិ​គន្ធបុប្ផា​ប៉ុណ្ណោះ​ហើយ វី​តា​ល់ ​មានការ​តាំងចិត្ត​ក្នុងការ​ចូលរួម​បង្កើត​ជា​គម្រោង​សហការ​​ជាច្រើន​បន្ថែម​ទៀត​ ដើម្បី​បរិច្ចាគ និង​ផ្សព្វផ្សាយ ​ពី​គោលការណ៍​ នៃ​មូលនិធិ​ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ប្រទេស​កម្ពុជា​។

​លោកស្រី​សង្ឃឹមថា ​នឹងមាន​ក្រុមហ៊ុន ឯកជន​ដទៃទៀត​អនុវត្តតាម​វី​តា​ល់ ដោយ​ណែនាំ​បុគ្គលិក​ឲ្យ​ចូល​ជា​សមាជិក​គាំទ្រ​ទៅ​មូលនិធិ គន្ធបុប្ផា​កម្ពុជា​ហើយ​ស្របពេល​ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​កម្ពុជា ទូទៅ ក៏​អាច​ចូលរួម​ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ​ច្រើនជាង​១​ឆ្នាំ តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅ​បាន អាច​១៥​ឆ្នាំ ឬ ១០០​ឆ្នាំ​ផងដែរ។​

​លោក​ឧកញ៉ា ឡាវ វ៉ាន់ សមាជិក​ក្រុមប្រឹក្សាភិបាល ​នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មានប្រសាសន៍ថា​ ការ​ដែល​គណៈ​គ្រប់គ្រង​ និង​បុគ្គលិក​វី​តា​ល់​ចូល​ជា​សមាជិក​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​នេះ ​គឺ ​ដើម្បី​ចូល​រួម​ចំណែក​មួយ​ក្នុង​ការជួយ​ដល់​សង្គម​ពិសេស​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​ជួយសង្គ្រោះ​ដល់​កុមារ​ដែល​មាន​ជំងឺ​ ហើយ​មន្ទីរពេទ្យ​មួយ​នេះ​អាច​ទ្រទ្រង់ ​និង​ដំណើរការ​បាន​គឺ​អាស្រ័យ​ដោយមាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរសជន​និង​វិស័យ​ឯកជន​នានា​ផង​ដែរ​។​

​លោក​ឧកញ៉ា​ បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ និង​ស្ថាប័ន​នានា​ជួយ​ជំរុញ​បុគ្គលិក​របស់ខ្លួន​ចូល​ជា​សមាជិក​មូលនិធិ​គន្ធបុប្ផា​ឲ្យ​ច្រើន​ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​មានលទ្ធភាព​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​អាចមាន​លទ្ធភាព​សង្គ្រោះ​ដល់​កុមារ​កម្ពុជា​ជួយ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​យើង​ទោះបីជា​តិច​ ឬ​ច្រើន​ក៏​វា​ជា​ការ​ធ្វើបុណ្យ​ដោយ​ផ្ទាល់​មួយ​ជាមួយ​អ្នកជំងឺ​ពិតប្រាកដ​។​

​លោកស្រី ងួន សុខា នាយិកា​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន វី​តា​ល់ ជាពិសេស​ថ្នាក់ដឹកនាំ​ដែល​មាន​ លោកជំទាវ ជឹ​ង សុគន្ធា​វី ​ជា​ប្រមុខ ដែល​តែង​តែ​គាំទ្រ​យ៉ាងសកម្ម​នូវ​សកម្មភាព​មនុស្សធម៌ ជាក់ស្ដែង​ដូច​កម្មវិធី​លើក​នេះ វី​តា​ល់ ​បាន​ក្លាយជា ក្រុមហ៊ុន​គំរូ ក្នុងការ​ដឹកនាំ​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​សរុប​ជាង​៨០០​នាក់ ចុះឈ្មោះ​ជា​សមាជិក​គាំទ្រ​មូល​និធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

​គួរ​បញ្ជាក់ថា​ លោកអ្នក​អាច​ចុះឈ្មោះ​ចូល​ជា​សមាជិក​គាំទ្រ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដោយ​ទាក់ទង​ផ្ទាល់​ទៅ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មាន​ទីតាំងនៅ​ក្រសួង​សេដ្ឋកិច្ច ឬ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៦១៧០១១១១៕

​ដោយ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114