ព័ត៍មានទាន់​ហេតុការណ៏
Search

សំបុត្រ​ក្នុង​ដប​កាលពី​៥០​ឆ្នាំមុន​ ត្រូវ​បាន​ប្រទះឃើញ​នៅ​ប្រទេស​អូស្ត្រាលី

ក្មេង​ប្រុស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ ដែល​បាន​ប្រទះឃើញ​សារ​មួយ​នៅ​ក្នុង​ដប​លើ​ឆ្នេរសមុទ្រ​ដាច់ស្រយាល​អាច​នឹងមាន​មិត្តភក្តិ​ថ្មី​នៅ​ទី​ឆ្ងាយ​បន្ទាប់ពី​បុរស​អង់គ្លេស​ដែល​បាន​ទម្លាក់​ដប​នេះ​ចេញពី​នាវា​មួយគ្រឿង​ដែល​ឆ្ពោះ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​កាលពី​៥០​ឆ្នាំមុន​កំពុង​ត្រូវបាន​គេ​តាមរក។

​ប៉ុន្តែ ABC បាន​រាយការណ៍​ថា Jyah Elliott ដែលមាន​អាយុ​៩​ឆ្នាំ​អាច​ត្រូវ​រង់ចាំ​ពេលវេលា​បន្ថែមទៀត​ព្រោះថា​អ្នកសរសេរ​សំបុត្រ​នេះ​ដែល​បច្ចុប្បន្ន​មាន​វ័យ​៦៣​ឆ្នាំ​កំពុង​ស្ថិតនៅក្នុង​សមុទ្រ​ជាថ្មី​ម្តងទៀត​ដោយ​នៅពេលនេះ​គាត់​កំពុង​ជិះ​លើ​នាវា​កម្សាន្ត​មួយគ្រឿង​ក្នុង​សមុទ្រ​បាល់​ទិ​ក។

​កុមារា Jyah បាន​រកឃើញ​កំណប់​ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍​នៅលើ​ឆ្នេរ​ខ្សាច់​ភាគខាងត្បូង​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គា​រហើយ​នៅ​ថ្ងៃ​បន្ទាប់​អ្នកសរសេរ​សំបុត្រ​នេះ​ត្រូវបាន​គេ​កំណត់​ឃើញ​ទីតាំង​។​

លោក Paul Gilmore មាន​អាយុ​ត្រឹមតែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​នៅពេល​គាត់​បាន​ទម្លាក់​ដប​ចូលក្នុង​មហាសមុទ្រ​ឥណ្ឌា​នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​១៩៦៩​ជាមួយ​ក្តី​សង្ឃឹមថានឹង​អា​ចរក​មិត្ត​ថ្មី​ម្នា​ក់បាន​។​

លិខិត​នោះ​ដែល​បានផ្តល់​ទីតាំង​របស់​នាវា​ថា​មាន​ចម្ងាយ​១,០០០​ម៉ា​យល៍​ភាគ​ខាងកើត​នៃ​ទីក្រុង​កំពង់ផែ Fremantle ប៉ែក​ខាងលិច​ប្រទេស​អូស្ត្រាលី​បានស្នើ​ឲ្យ​អ្នកទទួល​របស់ខ្លួន​ឆ្លើយតប​វិញ​ផង​។​

​ថ្វីបើ​ពីដំបូង​ឡើយ Jyah គិតថា​សំបុត្រ​នេះ​ក្លែងក្លាយ​ក៏ដោយ​ប៉ុន្តែ​គាត់​បាន​ឆ្លើយតប​ភ្លាមៗ​នៅ​ថ្ងៃ​ពុធ។

ម្តាយ​របស់គាត់​ឈ្មោះ Carla Elliott បាន​ប្រាប់ ABC ថា “​គាត់​ពិតជា​រំភើប​ណាស់​”​។​ ចំណែកឯ​ប្អូនស្រី​របស់ Gilmore ឈ្មោះ Annie Crossland បាន​ប្រាប់ ABC ថា បច្ចុប្បន្ន បងប្រុស​របស់​នាង​កំពុងធ្វើដំណើរ​កម្សាន្ត​ប៉ុន្តែ​នឹង​ទាក់ទង​ទៅ Jyah នៅពេល​គាត់​ត្រឡប់មកផ្ទះ​វិញ​។​ Crossland និយាយថា “​វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ វា​មិនគួរ​ឲ្យ​ជឿ​ទេ​”​។​

គួរ​បញ្ជាក់​ថា លោក Gilmore បាន​ទម្លាក់​ដប​ចំនួន​៦​ចេញពី​កប៉ាល់ TSS Faustar ដែលជា​កប៉ាល់​ដឹក​ជនអន្តោប្រវេសន៍ “10-pound Pom” ពី​ចក្រភព​អង់គ្លេស​ទៅ​អូស្ត្រាលី​៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114