ព័ត៍មានទាន់​ហេតុការណ៏
Search

សេរីភាព​នៃ​ជំនឿ​ ដោយ​ការ​គោរព​ប្រតិបត្តិ​សាសនា​ជា​ជ្រុង​មួយ​បង្ហាញ​ពី​ប្រទេស​មាន​សុខ​សន្តិភាព

ព្រៃវែង ​៖ ​ជា​ការ​ពិត​ណាស់​សេរីភាព​នៃ​ជំនឿ​ដោយ​ការ​គោរព​ប្រតិបត្តិ​សាសនា​ជា​ជ្រុង​មួយ​ដែល​បង្ហាញ​ពី​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​ដែល​ពោរពេញ​ដោយ​សុខ​សន្តិភាព​នៅ​ទូទាំងប្រទេស​ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នេះ​ជា​ការ​លើកឡើង​របស់​លោក​ពឹ​ម សំណាង អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ពាម​ជរ ខណៈ​រូបលោក​និង​មន្ត្រី​ក្រុមការងារ​ បាន​នាំ​យក​ទៀន​ព្រះវស្សា និង​សម្ភារៈ​ថវិកា ទៅ​ប្រគេន​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះវស្សា​ចំនួន​៤​វត្ត​នៅ​ព្រំដែន​ខេត្ត​ព្រៃវែង​ កាលពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៩។

វត្ត​ទាំង​៤​នោះ​រួមមាន វត្ត​កែវ​ពេជ្រ​សុវណ្ណ ,​វត្ត​ទេព​រង្សី​,​វត្ត​អម្ព​វ័​ន្ត​រស្មី​មង្គល​ និង​វត្ត​កាល​បូណ៌ព្រឹក្ស ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ (​ប្រប​ទន្លេ​មេគង្គ​ក្រោម ត្រើយ​ខាង​កើត​ ជាប់​ព្រំដែន​វៀតណាម​) ឃុំ​ព្រែក​សំបួរ ​និង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង។ ក្រុមការងារ ​ចុះ​ជួយ​ខេត្ត​ព្រៃវែង​បាន​ប្រគេន​ទៀន​ព្រះវស្សា​គ្រឿង​ឧបភោគបរិភោគ បច្ច័យ​សរុប​ប្រមាណ​៧​ពាន់​ដុល្លារ។

ចូលរួម​ក្នុង​ឱកាស​នោះ​ដែរ ​រួមមាន​លោក​ម៉ែន ច័ន្ទ​រិទ្ធី ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ពាម​ជរ, លោក​មុំ​សៀក អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ ​ស្រុក​ពាម​ជរ , សប្បុរសជន​គឺ​លោក​អៀម ទិ​ត្យ​តារា​រ័ត្ន ​និង​លោកស្រី​និង​សហការី​ជា​​ច្រើន​រូប ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ឃុំ​និង​ស្រុក​ពាម​ជរ​ផងដែរ។

លោក ពឹ​ម សំណាង បាន​ថ្លែង​ថា សេរីភាព​នៃ​ជំនឿ​ និង​ការ​គោរព​ប្រតិបត្តិ​សាសនា គឺជា​ជ្រុង​មួយ​ដែល​បង្ហាញ​ពី​សន្តិភាព​ផង​ដែរ ព្រោះ​តាម​ប្រវត្តិសាស្ត្រ​យើង​ធ្លាប់ ដឹង​ទាំង​អស់​គ្នា​ហើយ​ថា ក្នុង​ពេល​ប្រទេស​មាន​សង្គ្រាម ប្រជាជន​យើង​គឺ​រស់នៅ​វេទនា​ខ្លាំង​ណាស់ ពុំ​មាន​នរណា​ម្នាក់ មាន​ឱកាស និង​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើបុណ្យ គោរព​សាសនា តាម​សេរីភាព​នៃ​ចិត្ត​ខ្លួនឯង​នោះ​ទេ។

ជាពិសេស​ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល​ពត អ្វីៗ​គ្រប់យ៉ាង​ ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង ក្នុង​នោះ​ជំនឿ​សាសនា ​ទាំង​អស់​ ក៏​ត្រូវ​បាន​លុបបំបាត់ ពលរដ្ឋ​ម្នាក់ៗ​រស់​ក្នុង​អន្លង់​ទុក្ខ មិន​អាច​ធ្វើបុណ្យ មិន​អាច​ជឿ​ ឬ​ប្រតិបត្តិ​គោរព​សាសនា គ្រប់​ប្រភេទ​ ផ្ទុយ​ពី​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរី និង​ឱកាស ធ្វើបុណ្យ​បាន​គ្រប់ៗ​គ្នា និង​អាច​មាន​ជំនឿ​គោរព​ប្រតិបត្តិ បាន​គ្រប់​សាសនា​នេះ​ ក៏​ព្រោះតែ​សង្គម​យើង​មាន​សន្តិភាព​និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​អនុរដ្ឋលេខាធិការ​ បាន​ជូន​ថវិកា​ដល់​លោកយាយ លោកតា​ពុទ្ធបរិស័ទ ដែល​បាន​មក​ចូលរួម​ក្នុង​កម្មវិធី ព្រមទាំង​បាន​នាំ​ថវិកា និង​ទឹក​សុទ្ធ​ចែក​ជូន​លោកយាយ លោកតា កុមារា កុមារី​សិស្សានុសិស្ស​ ដែល​បាន​មក​ទទួល​ស្វាគមន៍​វត្តមាន​របស់​លោក លោកស្រី ក្នុង​ទី​បរិវេណ​វត្ត និង​សាលា យ៉ាង​សប្បាយរីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង៕

ដោយ ​៖ ​វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114